នៅក្នុងបរិយាកាសធុរកិច្ចដែលមានការប្រែប្រួលលឿននាពេលបច្ចុប្បន្ននេះ អ្នកដឹកនាំប្រឈមមុខនឹងបញ្ហាជាច្រើនដែលកំណត់ដោយការប្រែប្រួល(Volatile) ភាពមិនប្រាកដប្រជា(Uncertainty) ភាពស្មុគស្មាញ(Complexity) និងភាពមិនច្បាស់លាស់(Ambiguity) ដែលវាមានពាក្យកាត់ថាVUCA។ មានប្រភពចេញពីមហាវិទ្យាល័យWar and Army នៃសហរដ្ឋអាមេរិក គោលការណ៍ VUCA ត្រូវបានរចនាឡើងដើម្បីយល់ពីភាពជោគជ័យនៃភាពជាអ្នកដឹកនាំនៅក្នុងគ្រាដ៏ច្របូកច្របល់បែបនេះ។ ទោះយ៉ាងណាក៏ដោយ ខណៈពេលដែលវាពិពណ៌នាយ៉ាងល្អនូវអ្វីដែលអ្នកដឹកនាំជោគជ័យធ្វើ វាមិនបានចង្អុរបង្ហាញឲ្យបានលម្អិតថាតើអ្នកដឹកនាំទាំងអស់ រីកចម្រើនលូតលាស់ដោយវិធីណា។ ក្នុងអត្ថបទធុរកិច្ចពីស្ថាប័នដ៏ល្បីល្បាញ Harvard Business Review, Angus Fletcher, Thomas L. Gaines, និង Brittany Loneyបានលើកយកប្រធានបទនេះមកពន្យល់ថាតើអ្នកដឹកនាំគួរធ្វើបែបណា ក្នុងសម័យកាលដែលលំបាក និងមិនប្រាកដប្រជានេះ។
ខ្លឹមសារនៃភាពជាអ្នកដឹកនាំនៅក្នុងពិភព VUCA ស្ថិតនៅលើសមត្ថភាពក្នុងការបង្កើត និងផ្សព្វផ្សាយចក្ខុវិស័យនៃអនាគត ដែលមានភាពបត់បែនគ្រប់គ្រាន់ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ហើយមានភាពច្បាស់លាស់គ្រប់គ្រាន់ដើម្បីផ្តល់នូវការប្រកួតប្រជែងខ្ពស់។ “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ” នេះរួមបញ្ចូលនូវលក្ខណៈស្នូលដូចជា ភាពបត់បែន ការសហការ ការមើលឃើញទុកជាមុន ការស្តាប់សកម្ម និងការប្រាស្រ័យទាក់ទងច្បាស់លាស់។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមពិតប្រាកដមិនមែនគ្រាន់តែជាការយល់ដឹងអំពី VUCA ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវចេះធ្វើវា។ អ្នកដឹកនាំសម័យទំនើបត្រូវតែផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ដោយសង្កត់ធ្ងន់ទៅលើការធ្វើសេចក្តីសម្រេចដែលមានទិន្នន័យតិចតួច ដែលផ្តល់អាទិភាពដល់សមត្ថភាពខួរក្បាលរបស់មនុស្សក្នុងការធ្វើរឿងនេះឲ្យបានល្អ ខុសពីAI ដែលទាមទារឲ្យមានទិន្នន័យច្រើនដើម្បីអាចធ្វើការវិភាគ និងសម្រេចចិត្តបានត្រឹមត្រូវក្នុងកាលទេសៈមិនអាចប៉ាន់ស្មានបាន។ នេះពាក់ព័ន្ធនឹងការស្វែងរក “ព័ត៌មានពិសេស” – ការយល់ដឹងពិសេសដែលអាចដឹងថាជាសញ្ញានៃការគំរាមកំហែង ឬឱកាសដែលកំពុងកើតមាន។
ជាងនេះទៅទៀត អ្នកដឹកនាំគួរតែប្រកាន់យកនូវបច្ចេកទេសថ្មីៗដូចជា៖
ប្រើប្រាស់សំណួរសកម្ម៖ ជំនួសឱ្យការគ្រាន់តែស្តាប់សកម្ម សួរសំណួររសើបៗ និងចំចំណុចដែលអាចឲ្យយើងមើលឃើញកាន់តែស៊ីជម្រៅ និងស្វែងរកអ្វីដែលអាចលាក់បាំងនៅពីក្រោយ។
បង្កើនប្រសិទ្ធភាពអ្នករៀបចំផែនការ មិនមែនផ្តោតលើផែនការ៖ ភាពជាអ្នកដឹកនាំចាស់កំរិលភាគច្រើនគឺផ្តោតទៅលើការបង្កើតផែនការដែលល្អឥតខ្ចោះ។ តែនៅក្នុងសម័យកាលនេះ នៅពេលដែលអ្វីៗមិនប្រាកដប្រជា ការដែលចំណាយពេលច្រើនពេកទៅលើកការគិតធ្វើផែនការបែបនេះ គឺជាការខ្ចះខ្ជាយកម្លាំង និងពេលវេលាដែលភាគច្រើនផែនការទាំងនោះគឺមិនអាចប្រើប្រាស់បាន។ យើងត្រូវបណ្តុះផ្នត់គំនិតអ្នកដឹកនាំឲ្យត្រៀមខ្លួនរួចរាល់ក្នុងការគិតអំពីសេណារីយ៉ូទាំងអស់ដែលអាចកើតមានឡើង និងត្រៀមខ្លួនប្រឈមជាមួយនឹងវាប្រកបដោយភាពធន់ និងបត់បែន។
យកអារម្មណ៍ធ្វើជាសញ្ញាសម្រាប់ធ្វើការសម្រេចចិត្ត៖ ជំនួសឱ្យការខំប្រឹងបង្រ្កាប ឬសង្កត់អារម្មណ៍ដូចជាការភ័យខ្លាច និងកំហឹងឲ្យស្ងប់តាមវិធីសមាធិ និងសម្រួលអារម្មណ៍ ចូរប្រើវាជាសញ្ញាដើម្បីកំណត់ឡើងវិញ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អដោយសារស្ថានភាពបច្ចុប្បន្ន ចូរអ្នកប្រើប្រាស់វាដើម្បីរំឮកពីភាពជោគជ័យដែលអ្នកទទួលបាននៅក្នុងពេលដែលអ្នកធ្លាប់ជួបរឿងប្រហាក់ប្រហែលនេះ និងវិធីដោះស្រាយនៅពេលនោះ។ សកម្មភាពនេះ នឹងធ្វើឲ្យអ្នកដាស់អារម្មណ៍ខ្លួនឯងថា អ្នកធ្លាប់បានយកឈ្នះរឿងបែបនេះម្តងរួចមកហើយ។
ជារួម ខណៈពេលដែលអនាគតអាចភាពមិនច្បាស់លាស់ និងមិនប្រាកដប្រជា នៅពេលដែលយើងមានឧបករណ៍ និងផ្នត់គំនិតត្រឹមត្រូវ អ្នកដឹកនាំដោះស្រាយបញ្ហាប្រឈមទាំងនេះ និងដឹកនាំស្ថាប័នរបស់ពួកគេទៅកាន់ភាពជោគជ័យ។