ភាពជោគជ័យនៃអាជីវកម្មមួយចាប់ផ្តើមពីការយល់ដឹងច្បាស់លាស់ពីអតិថិជនគោលដៅ និងយុទ្ធសាស្ត្រទីផ្សារត្រឹមត្រូវ។ ការធ្វើបែបនេះជួយឲ្យអ្នកសន្សំសំចៃពេលវេលានិងថវិកា ហើយអាចទៅដល់អតិថិជនដែលពិតជាត្រូវការប្រភេទផលិតផលឬសេវាកម្មរបស់អ្នក។
ខាងក្រោមនេះជាជំហានងាយៗដើម្បីកំណត់យុទ្ធសាស្ត្ររបស់អ្នក៖
១. កំណត់អតិថិជនគោលដៅរបស់អ្នកឲ្យបានស៊ីជម្រៅ
នេះគឺជាជំហានដំបូង ប្រភេទអាជីវកម្មខ្លះអ្នកមិនអាចលក់ទៅឲ្យមនុស្សគ្រប់វ័យនោះទេ។ ដូចនេះ អ្នកត្រូវកំណត់ឲ្យបានច្បាស់ពីអាយុ ភេទ ទីតាំង និងចំណូលរបស់អតិថិជន។ សំខាន់ជាងនេះទៅទៀត ត្រូវគិតពីបញ្ហាដែលពួកគេកំពុងជួបប្រទះ និងទីកន្លែងដែលពួកគេចំណាយពេលច្រើនបំផុត (ឧទាហរណ៍៖ Facebook, TikTok, ឬតំបន់ជាក់លាក់ណាមួយ)។
២. កំណត់ចំណុចពិសេសនៃផលិតផលរបស់អ្នក
នៅពេលអ្នកដឹងថាអតិថិជនរបស់អ្នកជានរណាហើយ អ្នកត្រូវដឹងថាតើអ្វីដែលធ្វើឲ្យផលិតផលរបស់អ្នកខុសប្លែកពីគូប្រកួតប្រជែង? អាចដូចជាលើគុណតម្លៃដែលផលិតផលរបស់អ្នកផ្តល់ជូនថា តើវាមានគុណភាពល្អជាងគេទេ? តម្លៃសមរម្យជាង? ឬសេវាកម្មរបស់អ្នកល្អជាងគេ? ចំណុចពិសេសនេះនឹងជួយអ្នកឲ្យមានភាពលេចធ្លោ។
៣. កំណត់គោលដៅទីផ្សារ
យុទ្ធសាស្ត្រទីផ្សារត្រូវការគោលដៅច្បាស់លាស់ដើម្បីអាចវាស់វែងភាពជោគជ័យបាន។ ដូចនេះ អ្នកគួរប្រើប្រាស់គោលដៅ SMART (Specific, Measurable, Achievable, Relevant, Time-bound)។ ឧទាហរណ៍៖ “បង្កើនចំនួនអ្នកតាមដានលើ Facebook ២០% ក្នុងរយៈពេល ៣ ខែ”។ គោលដៅនេះនឹងជួយអ្នកមានទិសដៅច្បាស់លាស់។
៤. ជ្រើសរើសបណ្តាញទីផ្សារ
នៅពេលអ្នកដឹងពីគោលដៅនិងអតិថិជនរបស់អ្នកហើយ អ្នកត្រូវជ្រើសរើសបណ្តាញទីផ្សារដែលត្រឹមត្រូវ។ ដោយជ្រើសរើសកម្មវិធីណាដែលអតិថិជនគោលដៅរបស់អ្នកសកម្មបំផុត។ ឧទាហរណ៍៖ បើអតិថិជនជាអ្នកវ័យក្មេង អ្នកគួរផ្តោតលើ TikTok និង Instagram។ បើជាអ្នកជំនាញ អ្នកគួរផ្តោតលើ LinkedIn។
៥. បង្កើតផែនការសកម្មភាព
យុទ្ធសាស្ត្រនឹងគ្មានន័យទេ បើគ្មានការអនុវត្ត ដូចនេះអ្នកត្រូវបង្កើតផែនការសកម្មភាពដើម្បីអនុវត្ត។ ដោយកំណត់កិច្ចការជាក់លាក់សម្រាប់បណ្តាញនីមួយៗ ដូចជា “បង្ហោះរូបភាព ១ ថ្ងៃ ២ ដង” ឬ “ផ្សាយពាណិជ្ជកម្ម Facebook Ads ក្នុងថវិកា $50/សប្តាហ៍”។
សរុបមក ការកំណត់យុទ្ធសាស្ត្រទីផ្សារ និងអតិថិជនគោលដៅ គឺជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្ម។ ការអនុវត្តតាមជំហានទាំងនេះ នឹងជួយឲ្យអ្នកធ្វើទីផ្សារបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។