នៅក្នុងពិភពអាជីវកម្មបច្ចុប្បន្ន ដែលមានការប្រកួតប្រជែងខ្លាំង និងការផ្លាស់ប្តូរលឿន ការគ្រប់គ្រងហានិភ័យគឺជាចំណុចសំខាន់ដើម្បីរក្សាអាជីវកម្មរបស់អ្នកឱ្យរឹងមាំ និងដំណើរការទៅមុខ។ ហានិភ័យអាចកើតចេញពីកត្តាជាច្រើន ដូចជាបញ្ហាលុយកាក់ បញ្ហាការងារ បញ្ហាបច្ចេកវិទ្យា ឬបញ្ហាច្បាប់។ល។ ដូចនេះការរៀបចំផែនការការពារអាជីវកម្មឱ្យមានប្រសិទ្ធភាព នឹងជួយកាត់បន្ថយផលប៉ះពាល់ពីហានិភ័យទាំងនេះ។
១. រកមើល និងវាយតម្លៃហានិភ័យ
ជំហានដំបូងក្នុងការគ្រប់គ្រងហានិភ័យ គឺត្រូវដឹងថា តើហានិភ័យអ្វីខ្លះអាចកើតឡើងចំពោះអាជីវកម្មរបស់អ្នក?
- រៀបបញ្ជីហានិភ័យ: អង្គុយពិភាក្សាជាមួយក្រុមការងាររបស់អ្នកដើម្បីរកឱ្យឃើញហានិភ័យដែលអាចកើតមាន។ អ្នកអាចបែងចែកវាជាក្រុមៗដូចជា៖
- ហានិភ័យហិរញ្ញវត្ថុ: លុយបង្វិលមិនគ្រប់គ្រាន់ ជំពាក់បំណុលច្រើន អត្រាការប្រាក់ឡើងចុះ ប្រាក់ចំណូលធ្លាក់ចុះ។
- ហានិភ័យប្រតិបត្តិការ: បញ្ហាក្នុងការផ្គត់ផ្គង់ទំនិញ សុវត្ថិភាពបុគ្គលិកមានបញ្ហា ម៉ាស៊ីនខូច ផលិតផលមានកំហុស។
- ហានិភ័យបច្ចេកវិទ្យា/សុវត្ថិភាពទិន្នន័យ: គេលួចទិន្នន័យ ត្រូវគេវាយប្រហារតាមអ៊ីនធឺណិត ប្រព័ន្ធកុំព្យូទ័រគាំង។
- ហានិភ័យទីផ្សារ: អតិថិជនលែងត្រូវការផលិតផលយើង ការប្រកួតប្រជែងខ្លាំង និន្នាការទីផ្សារផ្លាស់ប្តូរ។
- វាយតម្លៃថាតើវាអាចកើតឡើងប៉ុណ្ណា និងប៉ះពាល់ប៉ុន្មាន: ចំពោះហានិភ័យនីមួយៗ ត្រូវវាយតម្លៃថាតើ វាទំនងជាកើតឡើងកម្រិតណា និងតើវាអាចប៉ះពាល់ខ្លាំងប៉ុណ្ណាដល់អាជីវកម្មរបស់អ្នក។ នេះជួយអ្នកឱ្យដឹងថាគួរដោះស្រាយមួយណាមុន។
២. រៀបចំផែនការដើម្បីដោះស្រាយហានិភ័យ
ពេលដឹងថាមានហានិភ័យអ្វីខ្លះហើយ អ្នកត្រូវរៀបចំផែនការដើម្បីដោះស្រាយវា។ ជាទូទៅមាន ៤ វិធីសាស្ត្រ៖
- ជៀសវាងហានិភ័យ: ឈប់ធ្វើសកម្មភាពណាដែលបង្កឱ្យមានហានិភ័យខ្ពស់។ ឧទាហរណ៍៖ មិនវិនិយោគនៅកន្លែងណាដែលមិនមានព័ត៌មានលម្អិត និងច្បាស់លាស់។
- កាត់បន្ថយហានិភ័យ: ធ្វើអ្វីមួយដើម្បីកាត់បន្ថយឱកាសដែលហានិភ័យនឹងកើតឡើង ឬកាត់បន្ថយផលប៉ះពាល់របស់វា។
- ផ្ទេរហានិភ័យ: ឱ្យភាគីទីបីទទួលខុសត្រូវលើហានិភ័យនោះជំនួសយើង។ វិធីងាយស្រួលបំផុតគឺ ទិញធានារ៉ាប់រង ដូចជាធានារ៉ាប់រងភ្លើងឆេះ ឬធានារ៉ាប់រងអតិថិជន។ល។
- ទទួលយកហានិភ័យ: សម្រេចចិត្តទទួលយកហានិភ័យដោយដឹងខ្លួន ប្រសិនបើផលប៉ះពាល់របស់វាមិនខ្លាំងពេក ឬការចំណាយដើម្បីកាត់បន្ថយហានិភ័យមិនស្ថិតក្នុងទំហំធំ។
៣. បង្កើតផែនការបន្តអាជីវកម្ម
ផែនការនេះ គឺជារបៀបវារៈមួយដែលប្រាប់ថា តើអាជីវកម្មរបស់អ្នកនឹងបន្តដំណើរការដោយរបៀបណានៅពេលមានវិបត្តិ ឬបញ្ហាបន្ទាន់កើតឡើង?
- កំណត់ការងារសំខាន់ៗ: តើអ្វីជាការងារចម្បងរបស់អាជីវកម្មដែលត្រូវតែបន្តធ្វើ ទោះមានបញ្ហាអ្វីក៏ដោយ?
- បង្កើតក្រុមដោះស្រាយវិបត្តិ: កំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវ និងត្រូវធ្វើអ្វីនៅក្នុងបញ្ហានីមួយៗ។
- រៀបចំនីតិវិធីបន្ទាន់: ដូចជាវិធីទំនាក់ទំនងជាមួយបុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ ឬកន្លែងការងារបណ្ដោះអាសន្ន និងការទាញយកទិន្នន័យដែលបានបម្រុងទុក។
- សាកល្បងផែនការ: អនុវត្តការធ្វើតេស្តសាកល្បងតាមស្ថានភាពផ្សេងៗគ្នា ដើម្បីឱ្យប្រាកដថាផែនការនេះដំណើរការល្អ ហើយបុគ្គលិកគ្រប់គ្នាដឹងពីតួនាទីរបស់ពួកគេ។
៤. តាមដាន និងពិនិត្យមើលជាប្រចាំ
ការគ្រប់គ្រងហានិភ័យមិនមែនជាការងារដែលធ្វើតែម្ដងហើយចប់នោះទេ។ វាជាដំណើរការបន្ត៖
- ពិនិត្យឡើងវិញជាទៀងទាត់: ត្រូវពិនិត្យបញ្ជីហានិភ័យ និងផែនការរបស់អ្នកជានិច្ច (ឧទាហរណ៍៖ រៀងរាល់ ៣ ខែ ឬ ៦ ខែម្ដង)។
- ធ្វើបច្ចុប្បន្នភាព: ហានិភ័យថ្មីៗអាចនឹងលេចឡើង ហើយហានិភ័យចាស់ៗក៏អាចផ្លាស់ប្តូរដែរ។ ត្រូវធ្វើបច្ចុប្បន្នភាពផែនការរបស់អ្នកឱ្យទាន់សម័យជានិច្ច។
- រៀនពីបទពិសោធន៍: ពេលមានបញ្ហាកើតឡើង សូមវិភាគថាវាកើតឡើងដោយសារអ្វី ហើយតើអាជីវកម្មបានដោះស្រាយវាយ៉ាងដូចម្ដេច ដើម្បីកែលម្អផែនការសម្រាប់ពេលអនាគត។
សរុបមក ការគ្រប់គ្រងហានិភ័យនៅក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាព គឺជាការវិនិយោគដ៏ឆ្លាតវៃសម្រាប់អនាគតក្រុមហ៊ុនរបស់អ្នក។ វាមិនត្រឹមតែជួយការពារអាជីវកម្មរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកឱ្យរកឃើញឱកាសថ្មីៗ និងធ្វើឱ្យអាជីវកម្មកាន់តែរឹងមាំនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមណាមួយ។ តាមរយៈការអនុវត្តយុទ្ធសាស្ត្រទាំងនេះ អាជីវកម្មរបស់អ្នកនឹងមានសុវត្ថិភាព និងអាចរីកចម្រើនបានយូរអង្វែង។