Home ទូទៅ កុំដេកឱបទុក្ខ! របៀបរំដោះខ្លួនពីសម្ពាធផ្លូវចិត្តក្នុងគ្រាលំបាក

កុំដេកឱបទុក្ខ! របៀបរំដោះខ្លួនពីសម្ពាធផ្លូវចិត្តក្នុងគ្រាលំបាក

ពាក្យចាស់ពោលថា «កុំយកភ្លើងទៅដេកឱប»។ បញ្ហាក៏ដូចគ្នាដែរ បើអ្នកយកវាទៅដេកឱបជាមួយរាល់យប់ វាមិនត្រឹមតែដុតបំផ្លាញដំណេករបស់អ្នកទេ តែវាកំពុងដុតបំផ្លាញថាមពលដែលអ្នកត្រូវការសម្រាប់ថ្ងៃស្អែកទៀតផង។ នេះគឺជាវិធីសាស្រ្ត ៤ យ៉ាង ដើម្បីរៀនទម្លាក់បញ្ហាចោល៖

១. ប្រើបច្ចេកទេស «ផ្ទេរចេញ» (Brain Dump)
មុនពេលចូលគេង ១ ម៉ោង សូមយកក្រដាសមួយសន្លឹក ហើយសរសេររឿងដែលអ្នកកំពុងបារម្ភទាំងអស់ដាក់លើនោះ។ នៅពេលអ្នកសរសេរចប់ ចូរប្រាប់ខ្លួនឯងថា៖ «បញ្ហាទាំងអស់ស្ថិតនៅលើក្រដាសនេះហើយ វាមិនបាត់ទៅណាទេ ចាំស្អែកខ្ញុំក្រោកមកដោះស្រាយវា។ ឥឡូវនេះ ខ្ញុំអនុញ្ញាតឱ្យខួរក្បាលខ្ញុំសម្រាក»។

២. កំណត់ «ម៉ោងបិទសម្រាក» ក្នុងខួរក្បាល
ហាងទំនិញ ឬក្រុមហ៊ុន គេមានម៉ោងបិទដើម្បីឱ្យបុគ្គលិកទៅផ្ទះ។ ខួរក្បាលរបស់អ្នកក៏ត្រូវការម៉ោងបិទដែរ។ ដូចនេះអ្នកគួរកំណត់ថាចាប់ពីម៉ោង ៩ ឬ ១០ យប់ទៅ គឺ «បិទការគិត»។ បើមានរឿងចូលមក រុញវាទៅថ្ងៃស្អែក។ អ្នកត្រូវមានវិន័យតឹងរ៉ឹងចំពោះខ្លួនឯង៖ «ខ្ញុំមិនទទួលដោះស្រាយបញ្ហានៅម៉ោងនេះទេ»។

៣. ទទួលស្គាល់ថា «ការបារម្ភពេលយប់» គឺគ្មានប្រយោជន៍
សូមសួរខ្លួនឯងថា៖ «តើការដែលខ្ញុំដេកគិតនៅម៉ោង ២ យប់នេះ ធ្វើឱ្យបញ្ហាបាត់ទៅឬទេ?» ចម្លើយនោះគឺ ទេ។ ការគិតនៅពេលរាងកាយហត់នឿយ និងធ្វើឱ្យអ្នកមើលឃើញបញ្ហាធំជាងការពិត។ ដូចនេះអ្នកត្រូវការខួរក្បាលដែលស្រស់ថ្លានៅពេលព្រឹក ដើម្បីដោះស្រាយវា មិនមែនខួរក្បាលដែលស្ពឹកស្រពន់ព្រោះអត់ងងុយនោះឡើយ។

៤. បង្កើតទម្លាប់ «លាងសម្អាតចិត្ត»
ដូចអ្នកងូតទឹកសម្អាតកាយមុនចូលគេង អ្នកក៏ត្រូវសម្អាតចិត្តដែរ។ វិធីសាស្ត្រនោះគឺ ឈប់លេងទូរស័ព្ទ (ព្រោះព័ត៌មានធ្វើឱ្យខួរក្បាលគិតឥតឈប់ឈរ) ស្ដាប់ភ្លេង ឬតន្ត្រីសម្រាកអារម្មណ៍។ ថែមពីនេះនឹកគិតដល់រឿងល្អៗ ៣ យ៉ាងដែលបានកើតឡើងថ្ងៃនេះ (Gratitude) ជំនួសឱ្យការគិតរឿងដែលខុសឆ្គង។

សរុបមក សូមចាំថា អ្នកមិនអាចដោះស្រាយបញ្ហាបានល្អទេ បើអ្នកមិនបានគេង។ ការដាក់បញ្ហាចុះ ហើយចូលគេង មិនមែនជាការរត់គេចទេ តែគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ ដើម្បីប្រមូលកម្លាំងវាយបកវិញនៅថ្ងៃស្អែក។