ជាទូទៅនៅតាមតំបន់ដែលដាច់ស្រយាលឆ្ងាយ ដោយបុគ្គលមួយចំនួនបានខ្វះការយល់ដឹងពីការស្មុំកូន (ការសុំកូន) យកមកចិញ្ចឹមឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវនោះទេ។ ដោយការសុំកូនមកចិញ្ចឹមនៅតាមទីដាច់ស្រយាលមូយចំនួនបានបង្ហាញទិដ្ឋភាពត្រឹមតែជាការយល់ព្រមរវាងឪពុកម្តាយបង្កើត និងអ្នកដែលសុំតែប៉ុណ្ណោះ ដែលមានលក្ខណៈមិនត្រឹមត្រូវគ្រប់គ្រាន់ស្របតាមផ្លូវច្បាប់នោះទេ។
ខាងក្រោមនេះនឹងបង្ហាញអ្នកពីរបៀបនៃការស្មុំកូន (ការសុំកូន) ដែលស្របទៅតាមផ្លូវច្បាប់៖
យោងទៅតាមក្រមរដ្ឋប្បវេណីការស្មុំកូនមានពីរប្រភេទគឺ៖ ការស្មុំកូនធម្មតា និងការស្មុំកូនពេញលេញ។
- ការស្មុំកូនធម្មតា បុគ្គលដែលជាអ្នកដាក់ពាក្យស្នើរទៅតុលាការក្នុងការសុំកូនអាចជាបុគ្គលដែលនៅលីវ ហើយមិនចាំបាច់តម្រូវឱ្យមានសហព័ទ្ធ (ប្តី ប្រពន្ធ) នោះទេ។ ប៉ុន្តែបើបុគ្គលនោះមានប្តី ឬប្រពន្ធគឺត្រូវមានការយល់ព្រមពីភាគីម្ខាងទៀត។ ហើយចំពោះអាយុរបស់អ្នកសុំ និងកូនសុំមិនមានការកំណត់នូវលក្ខខណ្ឌអាយុនោះទេ។ ដោយកូនសុំនោះអាចជាអនីតិជន ឬនីតិជនក៏បាន ប៉ុន្តែអ្នកសុំនោះមិនអាចធ្វើការសុំកូនដែលមានអាយុច្រើនជាងខ្លួនបាននោះទេ។ ការសុំកូនធម្មតានេះមិនតម្រូវឱ្យមានការយល់ព្រមពីតតិយជន (អ្នកដទៃ ឬជនទី3) នោះទេ តែត្រូវតែមានការយល់ព្រមពីកូនដែលអ្នកសុំនោះវិញ។
- ការស្មុំកូនពេញលេញ នៅពេលដែលអ្នកដាក់ពាក្យស្នើរទៅតុលាការក្នុងការស្មុំកូនពេញលេញបុគ្គលនោះត្រូវមានសហព័ទ្ធ (ប្តី ប្រពន្ធ) តាមផ្លូវច្បាប់ដែលបានរៀបអាពាហ៍ពិពាហ៍ព្រមទាំងមានការចុះសំបុត្រអាពាហ៍ពិពាហ៍។ការស្មុំកូនពេញលេញតម្រូវឱ្យមានការយល់ព្រមពីអាណាព្យាបាលរបស់កូនសុំ ទើបអាចស្មុំកូនពេញលេញបាន។ រីឯលក្ខខណ្ឌអាយុកូនសុំយកមកចិញ្ចឹមត្រូវមានអាយុក្រោម8ឆ្នាំដែលត្រូវតែជាកុមារ ឬជាអនីតិជន ហើយបុគ្គលដែលបានដាក់ពាក្យស្នើរសុំត្រូវតែមានអាយុ25ឆ្នាំឡើងទៅ ដែលតម្រូវឱ្យមានគម្លាតអាយុគ្នា20ឆ្នាំរវាងកូនសុំ និងអ្នកសុំកូន។
ខាងលើនេះជាចំណុច និងជាលក្ខខណ្ឌខ្លះៗដែលអាចឱ្យអ្នកមានការស្វែងយល់ អំពីប្រភេទនិងលក្ខខណ្ឌនៃការសុំកូន។