spot_img
spot_img
Homeទូទៅរបៀបបដិសេធអ្នកដទៃ ដោយមិនមានអារម្មណ៍ខុសឆ្គង

របៀបបដិសេធអ្នកដទៃ ដោយមិនមានអារម្មណ៍ខុសឆ្គង

-

ពេលវេលា និងថាមពលរបស់អ្នកគឺជាទ្រព្យដ៍មានតម្លៃ។ កុំឱ្យការខ្លាចចិត្តអ្នកដទៃ ក្លាយជាឧបសគ្គរារាំងគោលដៅរបស់អ្នក។ ដូចនេះ ការចេះនិយាយថា “ទេ” ចំពោះរឿងដែលមិនចាំបាច់ មិនមែនជាការចិត្តអាក្រក់ឡើយ ប៉ុន្តែវាគឺជាការផ្ដល់តម្លៃឱ្យខ្លួនឯង និងការពារការហត់នឿយផ្លូវចិត្ត។ ខាងក្រោមនេះគឺជា ៥ វិធីសាស្ត្រ ដើម្បីជួយអ្នកបដិសេធគេដោយភាពជឿជាក់៖

១. ផ្លាស់ប្តូរការគិតរបស់អ្នកចំពោះពាក្យថាទេ៖ ការនិយាយថា “ទេ” ទៅកាន់អ្នកដទៃ តាមពិតគឺស្មើនឹងការនិយាយថា “យល់ព្រម” ចំពោះខ្លួនឯង។ នៅពេលអ្នកបដិសេធសំណើដែលមិនសំខាន់ អ្នកកំពុងការពារពេលវេលារបស់អ្នកសម្រាប់ធ្វើការងារ ការអភិវឌ្ឍខ្លួន ឬការសម្រាកដែលចាំបាច់។ អ្នកមិនមែនកំពុងបដិសេធបុគ្គលនោះទេ អ្នកគ្រាន់តែបដិសេធកិច្ចការនោះប៉ុណ្ណោះ។

២. និយាយឱ្យចំៗ និងខ្លីៗ៖ អារម្មណ៍ថាខ្លួនឯងខុស តែងតែធ្វើឱ្យយើងព្យាយាមពន្យល់បកស្រាយវែងឆ្ងាយ ឬសុំទោសហួសហេតុ។ ការធ្វើបែបនេះធ្វើឱ្យព្រំដែនរបស់អ្នកចុះខ្សោយ និងផ្តល់ឱកាសឱ្យគេតថ្លៃជាមួយអ្នក។ ចូរនិយាយឱ្យខ្លី និងម៉ឺងម៉ាត់។ ឧទាហរណ៍៖ “ខ្ញុំពិតជាចង់ជួយណាស់ ប៉ុន្តែខ្ញុំមិនមានពេលធ្វើរឿងនេះទេនៅពេលនេះ”។ ការនិយាយបែបនេះគឺមានសុជីវធម៌ និងធ្វើឱ្យគេគោរពការសម្រេចចិត្តរបស់អ្នក។

៣. ប្រើវិធីសាស្ត្រ “ពន្យារពេល”៖ បើអ្នកជាមនុស្សដែលចូលចិត្តផ្គាប់ចិត្តគេ អ្នកប្រហែលជាមានទម្លាប់ឆ្លើយថា “យល់ព្រម” ភ្លាមៗ។ ដើម្បីកែទម្លាប់នេះ ចូរទិញពេលវេលាឱ្យខ្លួនឯងសិន។ អ្នកអាចឆ្លើយថា៖ “ចាំខ្ញុំពិនិត្យកាលវិភាគរបស់ខ្ញុំសិន ហើយខ្ញុំនឹងប្រាប់វិញ”។ ការធ្វើបែបនេះជួយកាត់បន្ថយសម្ពាធភ្លាមៗ និងទុកពេលឱ្យអ្នកគិតពិចារណាថា តើគួរទទួលយកឬអត់ ដោយមិនបាច់សម្រេចចិត្តតាមអារម្មណ៍។

៤. ផ្តល់ជម្រើសផ្សេងជំនួស៖ បើអ្នកមានអារម្មណ៍មិនល្អក្នុងការបដិសេធ អ្នកអាចផ្តល់ជម្រើសផ្សេងដែលមិនប៉ះពាល់ដល់ពេលវេលារបស់អ្នក។ អ្នកអាចស្នើសុំពេលវេលាផ្សេង (ឧទាហរណ៍៖ “សប្តាហ៍នេះខ្ញុំមិនទំនេរទេ ប៉ុន្តែខែក្រោយខ្ញុំអាចជួយបាន”) ឬណែនាំអ្នកផ្សេងជំនួស (ឧទាហរណ៍៖ “ខ្ញុំមិនសូវជំនាញរឿងនេះទេ ប៉ុន្តែខ្ញុំអាចណែនាំមិត្តភក្តិម្នាក់ដែលពូកែខាងនេះបាន” )។

៥. ទទួលយកអារម្មណ៍មិនស្រួលមួយគ្រា អ្នកត្រូវយល់ថា ប្រសិនបើអ្នកមិនធ្លាប់ដាក់ព្រំដែនទេ ការចាប់ផ្តើមនិយាយថា “ទេ” ដំបូងៗនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ឬមានវិប្បដិសារីបន្តិចបន្តួច។ នេះជារឿងធម្មតាទេ ហើយវានឹងបាត់ទៅវិញយ៉ាងលឿន។ ចូរប្រាប់ខ្លួនឯងថា ការមានអារម្មណ៍មិនស្រួលមួយភ្លែត គឺប្រសើរជាងការរស់នៅដោយភាពធុញថប់ និងអាក់អន់ចិត្តរាប់ខែ ដោយសារតែត្រូវធ្វើរឿងដែលខ្លួនមិនចង់ធ្វើ។

សរុបមក ការចេះនិយាយថា “ទេ” គឺជាការគោរពខ្លួនឯង។ នៅពេលអ្នកហ៊ានកំណត់ព្រំដែន មនុស្សនឹងផ្ដើមគោរពតម្លៃរបស់អ្នក ហើយអ្នកនឹងមានពេលវេលាពេញលេញ ដើម្បីផ្ដោតលើអ្វីដែលសំខាន់បំផុតក្នុងជីវិត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ