ការសាងសង់ខ្ទមត្រូវការពេលតែមួយថ្ងៃ ប៉ុន្តែការសាងសង់ប្រាសាទត្រូវការពេលរាប់សិបឆ្នាំ។ ប្រសិនបើអ្នកចង់បានភាពជោគជ័យដែលធំដុំ និងយូរអង្វែង អ្នកត្រូវតែយល់ពីសិល្បៈនៃ «ការអត់ធ្មត់» ក្នុងទម្រង់ ៣ យ៉ាងនេះ៖
១. អត់ធ្មត់ក្នុង “ការកសាងគ្រឹះ”
ដើមឈើធំៗមិនដែលដួលរលំដោយសារខ្យល់ព្យុះ ព្រោះវាមានឫសចាក់ជ្រៅទៅក្នុងដី។ នៅពេលចាប់ផ្តើមដំបូង អ្នកនឹងមិនឃើញលទ្ធផលភ្លាមៗទេ។ អ្នកអាចនឹងធ្វើការធ្ងន់ជាងគេ តែបានលុយតិចជាងគេ។ នេះគឺជាដំណាក់កាល «ចាក់ឫស» ហើយបើអ្នកមិនអត់ធ្មត់ក្នុងដំណាក់កាលនេះទេ អ្នកនឹងបោះបង់ចោល មុនពេលដើមឈើរបស់អ្នកមានឱកាសបានលូតលាស់។
២. អត់ធ្មត់នឹង “ពាក្យរិះគន់ និងការមើលងាយ”
នៅពេលអ្នកមានក្តីស្រមៃធំ អ្នកនឹងក្លាយជាគោលដៅនៃការសើចចំអកពីមនុស្សដែលគិតតូច។ ព្រោះជាទូទៅមនុស្សធម្មតាមិនអាចមើលឃើញអ្វីដែលអ្នកមើលឃើញទេ។ ការអត់ធ្មត់របស់អ្នក គឺត្រូវបិទត្រចៀកកុំស្តាប់សំឡេងរំខាន ហើយបន្តធ្វើការងាររបស់អ្នកដោយស្ងៀមស្ងាត់។ ជោគជ័យរបស់អ្នកនឹងជាអ្នកឆ្លើយតបជំនួសពាក្យសម្ដី។
៣. អត់ធ្មត់បែប “សកម្ម” (Active Patience)
នេះគឺជាចំណុចសំខាន់បំផុត។ ការអត់ធ្មត់មិនមែនមានន័យថា «ដេកចាំសំណាង» ទេ។ ការអត់ធ្មត់ត្រឹមត្រូវគឺការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ទោះបីជាថ្ងៃនេះមិនទាន់ឃើញលទ្ធផលក៏ដោយ។ វាគឺជាការជឿជាក់ថា «ដំណក់ទឹកដែលស្រក់រាល់ថ្ងៃ គង់តែធ្វើឱ្យពាងពេញ»។
សូមចងចាំរឿង «ដើមឫស្សីចិន»៖ វាចំណាយពេល ៤ ឆ្នាំដំបូងក្នុងការបណ្តុះឫសនៅក្នុងដីដោយមិនឃើញលូតលាស់សូម្បីតែមួយសង់ទីម៉ែត្រ។ ប៉ុន្តែនៅឆ្នាំទី ៥ វាអាចលូតលាស់កម្ពស់ ៣០ ម៉ែត្រក្នុងរយៈពេលតែ ៦ សប្តាហ៍ឯណោះ។

