Home ទូទៅ ចូរក្នុងសង្គមត្រូវអត់ធ្មត់ឱ្យបានច្រើន!

ចូរក្នុងសង្គមត្រូវអត់ធ្មត់ឱ្យបានច្រើន!

ការចូលក្នុងសង្គមប្រៀបដូចជាការចូលទៅក្នុងព្រៃដែលមានដើមឈើចម្រុះ និងសត្វចម្រុះ។ អ្នកនឹងជួបទាំងមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆ្លាត និងមនុស្សដែលពោរពេញដោយអគតិ។ ហើយប្រសិនបើអ្នកគ្មាន «ការអត់ធ្មត់» ទេ អ្នកនឹងបង្កើតសត្រូវជុំទិស ហើយផ្លូវជីវិតរបស់អ្នកនឹងពោរពេញដោយឧបសគ្គ។ នេះគឺជាហេតុផលដែលអ្នកត្រូវអត់ធ្មត់ និងរបៀបប្រើប្រាស់វាឱ្យឆ្លាតវៃក្នុងសង្គម៖

១. មនុស្ស ១០០ នាក់ ចិត្ត ១០០ 
យើងមិនអាចបង្ខំឱ្យមនុស្សគ្រប់គ្នាគិតដូចយើង យល់ស្របជាមួយយើង ឬចូលចិត្តយើងបានទេ។ អ្នកនឹងជួបមនុស្សនិយាយស្តីមិនសមរម្យ មនុស្សដែលមើលងាយអ្នក ឬមនុស្សដែលយល់ច្រឡំលើអ្នក។ ដូចនេះការអត់ធ្មត់ គឺការយល់ថា «គេគឺបែបហ្នឹង»។ កុំយកកំហុសរបស់គេមកដាក់ក្នុងចិត្តរបស់អ្នក។ ការអត់ធ្មត់ជួយឱ្យអ្នករក្សាភាពថ្លៃថ្នូរ ខណៈដែលអ្នកដទៃកំពុងបាត់បង់វា។

២. អត់ធ្មត់ដើម្បី «រង់ចាំពេលវេលាដែលត្រឹមត្រូវ»
ក្នុងសង្គម ការនិយាយការពិតនៅពេលវេលាខុស អាចក្លាយជាកំហុស។ ពេលខ្លះអ្នកដឹងថាគេខុស ហើយអ្នកចង់កែតម្រូវភ្លាមៗនៅចំពោះមុខគេឯង ប៉ុន្តែជាការល្អអ្នកទប់ចិត្តសិន។ ការធ្វើឱ្យគេខ្មាសគេនៅទីសាធារណៈ នឹងបង្កើតជាគំនុំ។ រង់ចាំពេលស្ងាត់ ឬពេលដែលគេត្រជាក់ចិត្ត ទើបនិយាយ។ នេះហៅថា «ភាពឈ្លាសវៃក្នុងការប្រាស្រ័យទាក់ទង»។

៣. អត់ធ្មត់នឹង «ភាពអយុត្តិធម៌បណ្តោះអាសន្ន»
ក្នុងសង្គមការងារ ឬរកស៊ី ពេលខ្លះអ្នកនឹងត្រូវគេចោទប្រកាន់ទាំងមិនបានធ្វើខុស ឬត្រូវគេដណ្ដើមស្នាដៃ។ ដូចនេះជៀសវាងការប្រតិកម្ម ស្រែកតវ៉ាភ្លាមៗអាចធ្វើឱ្យគេមើលឃើញថាអ្នកជាមនុស្ស “កាច” ឬ “មិនចេះសហការ”។ អ្នកគួរអត់ធ្មត់ ប្រើពេលវេលាដើម្បីបង្ហាញការពិត។ «មាសទោះកប់ក្នុងភក់ ក៏នៅតែជាមាស»។ បើអ្នកពិតជាត្រឹមត្រូវ លទ្ធផលការងារនឹងនិយាយជំនួសអ្នកនៅទីបំផុត។

៤. អត់ធ្មត់ដើម្បី «ប្រយោជន៍ធំ»
មុននឹងផ្ទុះកំហឹងដាក់អតិថិជន ដាក់មេកើយ ឬដាក់ដៃគូ សូមសួរខ្លួនឯងថា៖ «តើការខឹងនេះ ចំណេញឬខាត?» អ្នកអាចឈ្នះក្នុងការជេរគ្នា ប៉ុន្តែអ្នកអាចនឹងបាត់បង់ការងារ បាត់បង់កិច្ចសន្យា ឬបាត់បង់កេរ្តិ៍ឈ្មោះដែលខំកសាងរាប់ឆ្នាំ។ ដូចនេះការអត់ធ្មត់ គឺជាការលះបង់អារម្មណ៍ឆេវឆាវបន្តិចបន្តួច ដើម្បីរក្សាប្រយោជន៍ធំនៅថ្ងៃមុខ។

ជារួម នៅក្នុងសង្គម «អ្នកខ្លាំងមិនមែនជាអ្នកដែលប្រើកណ្តាប់ដៃលឿនទេ តែជាអ្នកដែលប្រើសតិបញ្ជាអារម្មណ៍បានល្អបំផុត»។ ការអត់ធ្មត់គឺជា “អាវក្រោះ”។ វាការពារអ្នកពីបញ្ហាដែលមិនចាំបាច់ និងការពារអ្នកពីពាក្យសម្ដីពិសពុលរបស់អ្នកដទៃ។