ជោគជ័យមិនមែនមកពីសំណាង តែមកពីផ្នត់គំនិត។ មនុស្សជាច្រើនបរាជ័យ មិនមែនមកពីគ្មានសមត្ថភាព តែមកពីភាពភ័យខ្លាច និងការប្រើលេស។ ដើម្បីផ្លាស់ប្តូរជីវិត អ្នកត្រូវផ្លាស់ប្តូរការគិតជាមុនសិន។ ខាងក្រោមនេះគឺជាគោលការណ៍មាសទាំង ៥ ដើម្បីដាស់សក្តានុពលក្នុងខ្លួនអ្នក៖
១. ជឿថាអ្នកអាចធ្វើបាន នោះអ្នកនឹងធ្វើបាន៖ នៅពេលអ្នកជឿជាក់យ៉ាងមុតមាំថាអ្នកអាចធ្វើអ្វីមួយបាន ខួរក្បាលរបស់អ្នកនឹងចាប់ផ្តើមស្វែងរកវិធីសាស្ត្រដើម្បីធ្វើវាឱ្យចេញជាលទ្ធផល។ ផ្ទុយទៅវិញ ការសង្ស័យគឺជាឧបសគ្គដែលបិទបាំងគំនិតច្នៃប្រឌិត។
២. ព្យាបាលជំងឺ “ចូលចិត្តប្រើលេស” ៖មនុស្សបរាជ័យតែងបង្កើតលេសដើម្បីការពារខ្លួន ដូចជា៖ មិនឆ្លាត គ្មានពេល ឬគ្មានសំណាង។ ប៉ុន្តែលេសទាំងនេះគឺជាឃាតករសម្លាប់ក្ដីស្រមៃ។ ព្រោះភាពជោគជ័យនឹងកើតឡើង លុះត្រាតែអ្នក ឈប់ត្អូញត្អែរ ហើយចាប់ផ្តើម ទទួលខុសត្រូវលើជីវិតខ្លួនឯង។
៣. កម្ចាត់ភាពភ័យខ្លាច៖ ភាពភ័យខ្លាចគឺជាសត្រូវនៃភាពជោគជ័យ ហើយថ្នាំព្យាបាលតែមួយគត់គឺ “សកម្មភាព”។ ដូចនេះអ្នកត្រូវធ្វើសកម្មភាពទាំងដែលអ្នកនៅខ្លាច នោះភាពជឿជាក់នឹងកើតឡើងតាមក្រោយ។ ឧទាហរណ៍៖ បើខ្លាចការនិយាយជាសាធារណៈ ចូរចាប់ផ្តើមនិយាយ។ បទពិសោធន៍នឹងជំនួសភាពភ័យខ្លាចដោយភាពជឿជាក់។
៤. គិតធំ និងកំណត់គោលដៅ៖ បើគ្មានគោលដៅ អ្នកនឹងដើរវិលវល់ ហើយកុំកំណត់គោលដៅតូចពេកដែលងាយស្រួលសម្រេច តែត្រូវកំណត់គោលដៅដែលធ្វើឱ្យអ្នកភ័យខ្លាចបន្តិចនិងរំភើបចិត្ត។ គោលដៅធំដុំនឹងទាញសក្តានុពលដែលលាក់កំបាំងរបស់អ្នកឱ្យចេញមកក្រៅដោយឯកឯង។
៥. បរិយាកាសកំណត់ជោគជ័យ៖ អ្នកនឹងក្លាយជាមនុស្សដូចអ្នកដែលអ្នកចំណាយពេលជាមួយ។ បើអ្នកនៅជាមួយមនុស្សដែលគិតតូច និងចូលចិត្តត្អូញត្អែរ អ្នកនឹងក្លាយជាមនុស្សបែបនោះដែរ។ ដូចនេះ ចូរនៅឱ្យជិត មនុស្សដែលគិតវិជ្ជមាន និងមានមហិច្ឆតា។ ព្រោះពួកគេនឹងជួយលើកកម្ពស់ស្តង់ដារ និងជំនឿរបស់អ្នក។
សរុបមក ជីវិតអ្នកជោគជ័យឬបរាជ័យ គឺអាស្រ័យលើ អ្វីដែលអ្នកជឿ និង អ្វីដែលអ្នកធ្វើ។ គ្មាននរណាអាចមករារាំងផ្លូវអ្នកបានឡើយ មានតែគំនិតចង្អៀតចង្អល់របស់អ្នកខ្លួនឯងប៉ុណ្ណោះ។ គ្រាន់តែអ្នកដូរការគិតឱ្យវិជ្ជមាន និងហ៊ានធ្វើសកម្មភាព នោះពិភពលោកទាំងមូលនឹងផ្លាស់ប្តូរទៅតាមអ្នកដែរ។ ចាប់ផ្ដើមដូរតាំងពីថ្ងៃនេះទៅ!