មុននឹងលោតចូលក្នុងសមរភូមិរកស៊ីដែលមានការប្រកួតប្រជែងខ្លាំង អ្នកមិនអាចមានត្រឹមតែ «ដើមទុន» និង «ក្តីស្រមៃ» នោះទេ។ អ្នកត្រូវការ «អាវុធ» (ជំនាញ) ដើម្បីការពារខ្លួន និងវាយលុក។ ខាងក្រោមនេះគឺជាជំនាញស្នូល ៤ យ៉ាងដែលអ្នករកស៊ីថ្មីថ្មោងដាច់ខាតត្រូវតែចេះ៖
១. ជំនាញ «លក់»
បើអ្នកមិនចេះលក់ អ្នកមិនមែនកំពុងរកស៊ីទេ អ្នកកំពុងលេងសើច។ ព្រោះថាអាជីវកម្មអាចរស់បានដោយសារ «ចំណូល» ហើយចំណូលបានមកពីការលក់។ ដូចនេះអ្វីដែលត្រូវចេះគឺ ហ៊ាននិយាយជាមួយមនុស្សប្លែកមុខ ចេះស្តាប់បញ្ហារបស់អតិថិជន និងចេះបិទការលក់ (Closing the deal) ដោយមិនធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាត្រូវគេបង្ខំ។
២. ជំនាញ «គ្រប់គ្រងលំហូរសាច់ប្រាក់»
អាជីវកម្មជាច្រើនមិនមែនដួលរលំដោយសារអត់ភ្ញៀវទេ តែដួលរលំដោយសារមិនចេះគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ។ ដូចនេះអ្វីដែលអ្នកត្រូវចេះគឺ បែងចែកឱ្យដាច់រវាង ចំណូលនិង ចំណេញ។ ចេះមើលបញ្ជីចំណូល-ចំណាយ យល់ពីការគ្រប់គ្រងស្ដុក (កុំកប់លុយក្នុងឥវ៉ាន់ច្រើនពេក) និងចេះគណនាថ្លៃដើមឱ្យច្បាស់លាស់។
៣. ជំនាញ «ដឹកនាំ និងគ្រប់គ្រងមនុស្ស»
នៅពេលអាជីវកម្មរីកធំ អ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងម្នាក់ឯងបានទេ ប្រាកសណាស់អ្នកអ្នកច្បាស់ជាត្រូវការក្រុម។ បើអ្នកពូកែតែការងារបច្ចេកទេស តែមិនពូកែប្រើមនុស្ស អ្នកនឹងក្លាយជា «អ្នកធ្វើការឱ្យអាជីវកម្មខ្លួនឯង»។ ហើយអ្វីដែលត្រូវចេះគឺ ចេះជ្រើសរើសមនុស្សឱ្យត្រូវនឹងជំនាញ ចេះបែងចែកការងារ កុំឱបការងារធ្វើតែឯង និងចេះដោះស្រាយជម្លោះក្នុងក្រុម និងចេះជំរុញទឹកចិត្ត (Motivate)។
៤. ជំនាញ «បត់បែន និងដោះស្រាយបញ្ហា»
ផែនការអាជីវកម្មដែលសរសេរលើក្រដាស តែងតែខុសពីជាក់ស្តែង។ ទីផ្សារប្រែប្រួលរាល់ថ្ងៃ ដៃគូប្រកួតថ្មីៗកើតឡើងរាល់ថ្ងៃ។ ដូចនេះអ្វីដែលត្រូវចេះគឺ ធន់នឹងឧបសគ្គ ហ៊ានផ្លាស់ប្តូរយុទ្ធសាស្ត្រភ្លាមៗនៅពេលឃើញថាផ្លូវចាស់ទៅមិនរួច ជាពិសេសគឺកុំងាប់ក្រឡាឱ្យសោះ។
ចូរចាំថា «ត្រូវហ៊ានធ្វើទាំងមិនទាន់ចេះអស់ ហើយត្រូវប្រឹងរៀនជំនាញថ្មីៗឱ្យបានលឿនបំផុត ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេល»។ បើអ្នកមានជំនាញក្នុងដៃកាន់តែច្រើន ឱកាសដែលអ្នកនឹង “ហោះឡើង” ក៏មានកាន់តែខ្ពស់។