ការវិភាគដៃគូប្រកួតប្រជែង គឺជាជំហានដ៏សំខាន់មួយក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម។ ការយល់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ នឹងជួយអ្នកកំណត់ទីតាំងអាជីវកម្មរបស់អ្នកឲ្យមានភាពលេចធ្លោ។
ខាងក្រោមនេះជាចំណុចសំខាន់ៗ ៥ យ៉ាងដែលអ្នកគួរវិភាគ៖
១. ផលិតផល សេវាកម្ម និងគុណភាព
អ្នកត្រូវដឹងថា តើគូប្រកួតប្រជែងរបស់អ្នកកំពុងលក់អ្វីពិតប្រាកដ? រួចវិភាគមុខងារសំខាន់ៗនៃផលិតផលរបស់ពួកគេដូចជា គុណភាពនៃការផ្តល់ជូន និងអ្វីដែលអតិថិជនពេញចិត្តបំផុត។ ការវិភាគនេះជួយអ្នករកឃើញ គម្លាត ដែលផលិតផលរបស់អ្នកអាចបំពេញបាន។
២. រចនាសម្ព័ន្ធតម្លៃ
តម្លៃគឺជាកត្តាប្រកួតប្រជែងដោយផ្ទាល់។ អ្នកត្រូវដឹងថាតើអ្នកគួរប្រកួតប្រជែងដោយតម្លៃទាប ឬដោយគុណភាពនិងតម្លៃខ្ពស់ជាង។ អ្នកគួរវិភាគតម្លៃមូលដ្ឋាននៃផលិតផល តម្លៃបន្ថែមលើសេវាកម្ម (ថ្លៃដឹកជញ្ជូន ថ្លៃតម្លើង) និងតើពួកគេមានកម្មវិធីផ្តល់រង្វាន់ឬការបញ្ចុះតម្លៃសម្រាប់អតិថិជនដែរឬទេ?
៣. យុទ្ធសាស្ត្រទីផ្សារ និងទំនាក់ទំនង
អ្នកត្រូវដឹងថាតើគូប្រកួតប្រជែងរបស់អ្នកប្រើវិធីអ្វីដើម្បីទាក់ទាញអតិថិជន។ ដូចនេះអ្នកគួរវិភាគថា តើពួកគេប្រើប្រាស់បណ្តាញសង្គមអ្វីខ្លះ (Facebook, TikTok, Google Ads)? តើពួកគេមានសារផ្សព្វផ្សាយបែបណា? តើពួកគេផ្តោតលើការលក់តម្លៃទាប ឬគុណភាព?
៤. បទពិសោធន៍អតិថិជន និងការលក់
អាជីវកម្មដែលផ្តោតលើអតិថិជនតែងតែជោគជ័យបានយូរអង្វែង។ ត្រូវមើលថា តើអតិថិជននិយាយអ្វីខ្លះអំពីសេវាកម្មរបស់ពួកគេ? បន្ទាបមកអ្នកគួរអានការវាយតម្លៃរបស់អតិថិជននៅលើ Google ឬ Facebook។ តើអតិថិជនត្អូញត្អែរអំពីអ្វី? (ឧទាហរណ៍៖ ការដឹកជញ្ជូនយឺត ឬបុគ្គលិកមិនរួសរាយ)។ ចំណុចខ្សោយរបស់គូប្រកួតប្រជែង គឺជាឱកាសរបស់អ្នកក្នុងការផ្តល់សេវាកម្មល្អជាង។
៥. កម្លាំងបុគ្គលិក និងហិរញ្ញវត្ថុ
ការវិភាគនេះជួយអ្នកឲ្យដឹងពីភាពរឹងមាំផ្ទៃក្នុងរបស់ពួកគេ។ អ្នកគួរសង្កេតមើលថា តើក្រុមហ៊ុនពួកគេមានការអភិវឌ្ឍផលិតផលថ្មីៗទេ? តើពួកគេទទួលបានប្រាក់វិនិយោគឬអត់? តើពួកគេមានការផ្សាយពាណិជ្ជកម្មច្រើនទេ? ព័ត៌មានទាំងនេះអាចបង្ហាញពីគោលបំណងយុទ្ធសាស្ត្រនាពេលអនាគតរបស់ពួកគេ។
សរុបមក ការវិភាគដៃគូប្រកួតប្រជែងប្រកបដោយប្រព័ន្ធ គឺជាគន្លឹះដើម្បីរកឲ្យឃើញពី ចំណុចពិសេស (Unique Selling Proposition) របស់អាជីវកម្មអ្នក ហើយធានាថាអ្នកអាចឈ្នះទីផ្សារ។