គ្រប់គ្នាច្បាស់ជាធ្លាប់បានឮជារឿយៗហើយអំពីពាក្យថា មេធាវីព្រោះថាឱ្យតែគេនិយាយអំពីវិស័យតុលាការដែលទាក់ទងនឹងច្បាប់គឺគេនឹកឃើញមេធាវីមុនគេហើយ។ វិជ្ជាជីវៈមេធាវីអ្នកអាចនឹងយល់បានខ្លះថាតើមេធាវីជាអ្វី? ហើយមានតួនាទីដូចម្តេចខ្លះ? ទន្ទឹមនឹងពាក្យមេធាវីនេះដែរ មានអ្នកមួយចំនួនក៏បានធ្លាប់ឮអំពីវិជ្ជាជីវៈសាការីផងដែរ។ ប៉ុន្តែមានអ្នកមួយចំនួនមានភាពស្រពិចស្រពិលថាតើមេធាវី និងសាការីមានភាពខុសគ្នាដូចម្តេច?
ឥឡូវនេះខ្ញុំសូមបង្ហាញអំពីភាពខុសគ្នារវាងវិជ្ជាជីវៈទាំងពីរនេះ៖
មេធាវី
មេធាវីគឺជា អ្នកវិជ្ជាជីវៈច្បាប់ដែលមានលក្ខណៈឯករាជ្យ និងសេរី មេធាវីបង្កើតឡើយក្នុងការបម្រើវិស័យយុត្តិធម៍ និងអាចប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌគណៈមេធាវីតែប៉ុណ្ណោះ។ មេធាវីមិនមែនជាមន្រ្តីដែលនៅក្របខ័ណ្ឌតុលាការ ឬក្រសួងយុត្តិធម៍ និងថែមទាំងមិនមែនជាមន្រ្តីរាជការនោះទេ ។ ដូចនេះមេធាវីមិនមានប្រាប់បៀវត្សនោះទេ ដោយមេធាវីបានប្រាក់តាមរយៈកូនក្តី ឬអតិថជនដែលមករកខ្លួនក្នុងការពឹងពាក់ជួយឱ្យដោះស្រាយរឿងក្តី និងការពាររឿងក្តីបទល្មើសផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះមេធាវីមានតួនាទីជាអ្នកជួយផ្តល់យោបល់ប្រឹក្សាផ្នែកច្បាប់ ជាអ្នកជួយធ្វើការផ្សះផ្សារវិវាទក្រៅប្រព័ន្ធតុលាការ ជាអ្នកតំណាង និងការពាររឿងក្តីជូនកូនក្តីរបស់ខ្លួន។ល។
សាការី
សាការីជា អ្នកវិជ្ជាជីវៈច្បាប់ជាមន្រ្តីសាធារណៈដែលត្រូវបានតែងតាំងឡើងដោយរាជរដ្ឋាភិបាល និងស្ថិតនៅក្រោមការគ្រប់គ្រងការរបស់ក្រសួងយុត្តិធម៍។ រីឯតួនាទីរបស់សាការីជាអ្នកតាក់តែងលិខិតយថាភូត ឬកិច្ចព្រមព្រៀង មានដូចជាកិច្ចសន្យាទិញលក់ កិច្ចសន្យាជួល កិច្ចសន្យាពាណិជ្ជកម្ម បណ្តំាមត៍ក កិច្ចសន្យាបង្កើតហុីប៉ូតែក ការចាត់ចែងហុីប៉ូតែក និងមានលិខិតយថាភូតផ្សែងៗទៀត។