មានពាក្យមួយឃ្លាពោលថា “ការចង់កំហឹង គឺប្រៀបដូចជាការផឹកថ្នាំពុល ហើយរំពឹងចង់ឲ្យអ្នកដទៃស្លាប់” អញ្ចឹង។ ការរៀនដោះលែង និងអភ័យទោស មិនមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលដែលយើងឈឺចាប់ខ្លាំង។ ប៉ុន្តែវាគឺជាវិធីតែមួយគត់ដើម្បីព្យាបាលផ្លូវចិត្ត និងដោះលែងខ្លួនឯងឲ្យមានសេរីភាព។ ខាងក្រោមនេះជាហេតុផល និងវិធីសាស្ត្រដែលអ្នកគួរអនុវត្ត៖
១. អភ័យទោសមិនមែនមានន័យថា “អ្នកចាញ់” ទេ
មនុស្សជាច្រើនយល់ច្រឡំថា ការអភ័យទោសគឺមានន័យថាអ្នកយល់ស្របនឹងអំពើខុសឆ្គងរបស់គេ ឬអ្នកជាមនុស្សទន់ខ្សោយ។ ប៉ុន្តែវាមិនដូចនោះទេ តាមពិតទៅការអភ័យទោសគឺជាទង្វើរបស់អ្នកក្លាហាន។ វាមានន័យថា អ្នកសម្រេចចិត្តឈប់ឲ្យអតីតកាលមកបំផ្លាញបច្ចុប្បន្នរបស់អ្នកទៀតហើយ។ អ្នកមិនមែនធ្វើដើម្បីគេទេ អ្នកធ្វើដើម្បីសន្តិភាពផ្លូវចិត្តរបស់ខ្លួនឯង។
២. ការដោះលែងគឺជាការយក “អំណាច” មកវិញ
នៅពេលអ្នកខឹង ឬស្អប់នរណាម្នាក់ អ្នកកំពុងអនុញ្ញាតឲ្យមនុស្សម្នាក់នោះគ្រប់គ្រងអារម្មណ៍របស់អ្នក។ ដោយពួកគេមានឥទ្ធិពលលើការគិត និងការគេងរបស់អ្នក។ល។ ដូចនេះនៅពេលអ្នកដោះលែងកំហឹង អ្នកកំពុងកាត់ផ្តាច់ខ្សែដែលចងអ្នកជាប់នឹងពួកគេ។ អ្នកយកអំណាចមកគ្រប់គ្រងជីវិតខ្លួនឯងវិញ។
៣. ទទួលស្គាល់ថា “អតីតកាលកែប្រែមិនបាន”
ការនៅបន្តខឹងសម្បា គឺជាការប៉ុនប៉ងផ្លូវចិត្តដើម្បីផ្លាស់ប្តូររឿងដែលបានកើតឡើងរួចហើយ។ ប៉ុន្តែការពិតគឺថា គ្មាននរណាអាចកែប្រែអតីតកាលបានឡើយ។ ដូចនេះអ្នកគួរទទួលយកថាវាបានកើតឡើងហើយ (Acceptance) ហើយត្រូវសួរខ្លួនឯងថា “តើខ្ញុំចង់ចំណាយពេលដែលនៅសល់ក្នុងជីវិតដើម្បីសងសឹក ឬដើម្បីកសាងក្តីសុខថ្មី?”
៤. កុំភ្លេចអភ័យទោសឲ្យខ្លួនឯង
ជារឿយៗ មនុស្សដែលយើងពិបាកអភ័យទោសឲ្យបំផុត គឺខ្លួនឯង។ យើងស្តីបន្ទោសខ្លួនឯងថា “ហេតុអ្វីខ្ញុំល្ងង់ម្ល៉េះ?” ឬ “ហេតុអ្វីខ្ញុំទុកចិត្តគេ?”។ ដូចនេះអ្នកត្រូវចាំថា អ្នកបានធ្វើល្អបំផុតហើយនៅពេលនោះ ជាមួយនឹងចំណេះដឹងដែលអ្នកមាននៅពេលនោះ។ កំហុសគឺជាមេរៀន មិនមែនជាការស្តីបន្ទោសខ្លួនឯងរហូតនោះទេ។
ជារួម ការរៀនដោះលែង និងអភ័យទោស គឺប្រៀបដូចជាការដាក់ចុះនូវអំរែកដ៏ធ្ងន់មួយដែលអ្នកបានស្ពាយរាប់ឆ្នាំ។ នៅពេលអ្នកដាក់វាចុះ អ្នកនឹងមានអារម្មណ៍ស្រាលខ្លួន ស្រឡះចិត្ត និងមានដៃទំនេរដើម្បីចាប់យកឱកាសល្អៗថ្មីៗដែលកំពុងរង់ចាំអ្នក។