ជីវិតប្រៀបដូចជាការហោះហើររបស់បាឡុង ដើម្បីអាចហោះឡើងទៅខ្ពស់បាន អ្នកត្រូវតែហ៊ានកាត់ផ្តាច់នូវដុំថ្ម ឬបាវខ្សាច់ដែលធ្ងន់ៗចោលខ្លះ។ បើអ្នកនៅតែស្ពាយគ្រប់យ៉ាង ជីវិតរបស់អ្នកនឹងធ្ងន់ ហើយមិនអាចទៅមុខរួចឡើយ។ ដើម្បីឱ្យជីវិតធូរស្រាល អ្នកត្រូវរៀនលះបង់នូវរឿង ៤ យ៉ាងនេះចេញពីចិត្ត៖
១. លះបង់ «អតីតកាលដែលឈឺចាប់»
អតីតកាលគឺជាអ្វីដែលបានកន្លងផុតទៅហើយ និងមិនអាចកែប្រែបានទេ។ ការបន្តឱបក្រសោបកំហុស ឬការឈឺចាប់ពីម្សិលមិញ គឺដូចជាអ្នកកំពុងយកសំរាមចាស់ៗមកទុកក្នុងផ្ទះថ្មីអញ្ចឹង។
២. លះបង់ «ការចង់គ្រប់គ្រងគ្រប់យ៉ាង»
ប្រភពនៃទុក្ខដ៏ធំបំផុតរបស់មនុស្ស គឺការចង់ឱ្យអ្វីៗកើតឡើងតាមចិត្តខ្លួនឯង (ចង់ឱ្យគេល្អដាក់យើង មិនចង់ឱ្យមេឃភ្លៀង ចង់ឱ្យសេដ្ឋកិច្ចល្អ)។ ប៉ុន្តែការពិតគឺមានរឿងតិចតួចណាស់ដែលយើងអាចគ្រប់គ្រងបាន។ ដូចនេះចូរផ្តោតលើអ្វីដែលអ្នកគ្រប់គ្រងបាន និងសម្របខ្លួនជាមួយអ្វីដែលបានកើតឡើង។
៣. លះបង់ «ការរំពឹងទុកលើអ្នកដទៃ»
យើងតែងតែខកចិត្ត ព្រោះយើងរំពឹងថាអ្នកដទៃនឹងធ្វើល្អដាក់យើង ដូចដែលយើងធ្វើល្អដាក់គេ។ តែនៅពេលអ្នកលះបង់ការរំពឹងទុក អ្នកនឹងលែងខកចិត្ត ហើយប្រសិនបើគេតបស្នងមកវិញ វានឹងក្លាយជារឿងដ៏រីករាយ មួយ។
៤. លះបង់ «ការចង់ឈ្នះ»
នៅក្នុងទំនាក់ទំនង ការចង់ឈ្នះក្នុងការជជែកវែកញែក តែងតែនាំឱ្យចាញ់នៅក្នុងទំនាក់ទំនង។ ដូចនេះ អ្នកគួរហ៊ាននិយាយថា “សុំទោស” ឬ “អ្នកនិយាយត្រូវ” ទោះបីជាអ្នកមិនខុស ១០០% ក៏ដោយ។ ការជ្រើសរើសយក សេចក្តីសុខ គឺសំខាន់ជាងការជ្រើសរើសយក ភាពត្រឹមត្រូវ។
សរុបមក ការរៀនលះបង់ មិនមែនធ្វើឡើងដើម្បីអ្នកដទៃទេ តែដើម្បីខ្លួនអ្នក។ នៅពេលដៃរបស់អ្នកលែងក្តាប់រឿងអតីតកាល និងកំហឹងជាប់ណែន ដៃរបស់អ្នកនឹងទំនេរដើម្បីទទួលយកឱកាសថ្មីៗ និងក្តីសុខថ្មីៗ។