ក្នុងពិភពជំនួញ ការរវល់ខ្លាំងមិនមែនសុទ្ធតែជោគជ័យទេ។ ជ័យជម្នះពិតប្រាកដកើតចេញពី “ការគិតបែបយុទ្ធសាស្ត្រ” ដែលជាអាវុធជួយឱ្យអ្នកចំណេញកម្លាំង និងមើលឃើញឱកាសមុនគេ។ ដើម្បីក្លាយជាអ្នកដឹកនាំដ៏វៃឆ្លាត អ្នកត្រូវក្ដាប់ឱ្យជាប់នូវគោលការណ៍គ្រឹះទាំង ៦ ខាងក្រោមនេះ
១. យុទ្ធសាស្ត្រឈ្នះការខិតខំប្រឹងប្រែង៖ ការខំធ្វើការខ្លាំងដោយគ្មានទិសដៅ គឺជាការខ្ជះខ្ជាយថាមពល។ ដូចនេះកុំគ្រាន់តែប្រឹងធ្វើ តែត្រូវចេះប្រើល្បិចយុទ្ធសាស្ត្រ ឬផែនការដើម្បីចំណេញកម្លាំង និងបានផលច្រើន។
២. គិតឱ្យឃើញលើសពីពេលបច្ចុប្បន្ន៖ មនុស្សភាគច្រើនគិតត្រឹមតែមួយជំហាន គឺគិតតែពីការដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗ។ ប៉ុន្តែអ្នកដឹកនាំពូកែ តែងតែគិតដល់ជំហានទីពីរ និងទីបី ដោយសួរខ្លួនឯងថា៖ «បន្ទាប់ពីធ្វើបែបនេះហើយ តើវានឹងមានផលប៉ះពាល់អ្វីកើតឡើងបន្តទៀត?»។ល។
៣. ព័ត៌មាន សំខាន់ជាងអារម្មណ៍៖ អារម្មណ៍ (ខ្លាច, សង្ឃឹម, ខឹង) គឺជាសត្រូវនៃការសម្រេចចិត្ត។ អ្នកដឹកនាំយុទ្ធសាស្ត្រមិនបណ្តោយឱ្យអារម្មណ៍ដឹកមុខទេ តែពួកគេប្រើ “ទិន្នន័យ” ។ ពួកគេមិនសួរថា “តើខ្ញុំសង្ឃឹមថាវានឹងជោគជ័យទេ?” តែគេសួរថា “តើមានភាគរយប៉ុន្មានដែលវានឹងជោគជ័យ?”។ល។
៤. ពេលវេលាគឺជាអាវុធ៖ ការធ្វើអ្វីៗលឿនពេក មិនមែនសុទ្ធតែល្អនោះទេ ហើយពេលខ្លះវាអាចនាំឱ្យខូចការទៀតផង។ អ្នកដឹកនាំពូកែចេះប្រើ «ភាពអត់ធ្មត់» ជាអាវុធ ដោយពួកគេរង់ចាំរហូតដល់ឱកាសល្អបំផុតមកដល់ ទើបចាប់ផ្ដើមធ្វើសកម្មភាព។
៥. ភាពសាមញ្ញជាអានុភាព ផែនការដែលស្មុគស្មាញពេក ងាយនឹងបរាជ័យ។ យុទ្ធសាស្ត្រដ៏ខ្លាំងបំផុត គឺតែងតែសាមញ្ញ ងាយស្រួលយល់ និងងាយស្រួលអនុវត្ត។ ប្រសិនបើអ្នកមិនអាចពន្យល់យុទ្ធសាស្ត្ររបស់អ្នកក្នុងប្រយោគពីរបីបានទេ មានន័យថាអ្នកមិនទាន់មានយុទ្ធសាស្ត្រច្បាស់លាស់នៅឡើយទេ។
៦. បរាជ័យបែបយុទ្ធសាស្ត្រ៖ កុំខ្លាចបរាជ័យ តែត្រូវបរាជ័យឱ្យឆ្លាត។ អ្នកដឹកនាំសាកល្បងគម្រោងតូចៗដើម្បីរៀនសូត្រ (បរាជ័យតូច) ជាជាងការដាក់ទុនទាំងអស់ហើយបរាជ័យធំ។ ការបរាជ័យគឺជាទិន្នន័យសម្រាប់កែលម្អទៅថ្ងៃមុខ។
ជារួម ការគិតបែបយុទ្ធសាស្ត្រមិនមែនជាទេពកោសល្យពីកំណើតទេ តែជា “ទម្លាប់” ដែលអាចហ្វឹកហាត់បាន។ វាទាមទារឱ្យអ្នកឈប់ “ប្រតិកម្ម” ភ្លាមៗ ហើយចាប់ផ្តើម “ផ្អាក” ដើម្បីគិតវិភាគ។ នៅក្នុងពិភពលោកដែលមនុស្សភាគច្រើនរវល់តែធ្វើការឱ្យចប់ៗពីដៃ អ្នកដែលអាចមើលឃើញរូបភាពធំ យល់ពីប្រព័ន្ធ និងចេះរង់ចាំឱកាស គឺជាអ្នកដែលនឹងក្តោបក្តាប់ជ័យជម្នះពិតប្រាកដ៕