យោងទៅតាមការចេញផ្សាយរបស់ CNA Insider បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប (ឧស្សាហកម្មទី៤) បញ្ញាសិប្បនិម្មិត (AI) កំពុងបង្កឱ្យមាន “គម្លាតបញ្ញា” រវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍។ ខណៈប្រទេសជឿនលឿនកំពុងជម្រុញសេដ្ឋកិច្ចតាមរយៈ AI កម្ពុជាក៏កំពុងប្រឈមនឹងហានិភ័យនៃការដើរយឺតជាងគេ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាមិនបានឈរឱបទដៃមើលនោះទេ ដោយរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ AI និងកំពុងខិតខំប្រឹងប្រែងដើម្បីចាប់យកឱកាស និងបិទគម្លាតឌីជីថលមួយនេះ។
កម្ពុជាកំពុងប្រឈមមុខនឹងឧបសគ្គធំៗមួយចំនួនក្នុងការអភិវឌ្ឍ AI ដែលក្នុងនោះរួមមាន កង្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងមាំ (ដូចជាមជ្ឈមណ្ឌលទិន្នន័យ កម្លាំងម៉ាស៊ីនកុំព្យូទ័រ កង្វះទិន្នន័យជាភាសាខ្មែរ និងតម្លៃអគ្គិសនីថ្លៃ) និងកង្វះខាតធនធានមនុស្សដែលមានជំនាញបច្ចេកវិទ្យា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាតែប្រមាណ ១% ប៉ុណ្ណោះដែលមានជំនាញ IT កម្រិតខ្ពស់ ហើយអក្ខរកម្មឌីជីថលទូទៅនៅមានកម្រិតទាបនៅឡើយ។ បន្ថែមពីនេះ វិស័យអប់រំនៅកម្ពុជាក៏កំពុងជួបការលំបាក ដោយសារសិស្សភាគច្រើនបោះបង់មុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ហើយងាកទៅរៀនមុខវិជ្ជាសង្គមវិទ្យាវិញ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏កម្ពុជាកំពុងចាត់វិធានការយ៉ាងសកម្ម។ រដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” កាលពីខែកក្កដា ឆ្នាំមុន ដែលផ្តោតលើការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតច្បាប់ការពារទិន្នន័យ និងសន្តិសុខសាយប័រ ដែលរំពឹងថានឹងអនុម័តនៅឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នអប់រំដូចជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កំពុងអភិវឌ្ឍឧបករណ៍ AI ជាភាសាខ្មែរ ដើម្បីដោះស្រាយបញ្ហាកង្វះទិន្នន័យ ខណៈដែលក្រុមហ៊ុនក្នុងស្រុក និងយុវជនវ័យក្មេង ក៏កំពុងបង្កើតកម្មវិធី AI ថ្មីៗ ដូចជា Chatbot សម្រាប់ជួយដល់កសិករជាដើម។ រដ្ឋាភិបាលក៏កំពុងផ្តល់អាហារូបករណ៍ដល់និស្សិត ដើម្បីទៅសិក្សាជំនាញបច្ចេកវិទ្យានៅក្រៅប្រទេស និងលើកទឹកចិត្តអ្នកជំនាញខ្មែរនៅក្រៅប្រទេសឱ្យត្រឡប់មកជួយអភិវឌ្ឍជាតិវិញ។
សរុបសេចក្តីមក បញ្ញាសិប្បនិម្មិតគឺជាកាតាលីករដ៏សំខាន់សម្រាប់អនាគតសេដ្ឋកិច្ចរបស់កម្ពុជា ដោយត្រូវបានព្យាករណ៍ថាអាចជួយបង្កើន GDP ពី ៥% ទៅ ១០% នៅឆ្នាំ២០៣០។ ប្រសិនបើកម្ពុជាអាចដោះស្រាយបញ្ហាកង្វះខាតធនធានមនុស្ស កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសន្តិសុខទិន្នន័យបាន នោះកម្ពុជានឹងមិនត្រឹមតែអាចជៀសផុតពីការដើរយឺតជាងគេប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់ AI ជាស្ពានចម្លងឆ្ពោះទៅរកការសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។