អាចផ្ញើសារនៅលើឋានព្រះច័ន្ទ? អាចផ្សាយបន្តផ្ទាល់នៅលើភពព្រះអង្គារ? វាអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ដោយ NASA និងក្រុមហ៊ុន Nokia កំពុងធ្វើការរួមគ្នាដើម្បីបង្កើតបណ្តាញ 4G ដំបូងគេនៅលើឋានព្រះច័ន្ទ។
ដំណើរការនៃការបង្កើតបណ្តាញ 4G គឺ SpaceX នឹងយករ៉ុក្កែតដែលភ្ជាប់ជាមួយឧបករណ៍ពិសេសផលិតដោយ Bell Labs របស់ Nokia ទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដោយដាក់ឧបករណ៍នោះលើម៉ាស៊ីនLander ដែលស្ថិតនៅលើឋានព្រះច័ន្ទ ដើម្បីឱ្យវាដំឡើង រួចប្រព័ន្ធ 4G ត្រូវបានបើក ហើយចាប់ផ្តើមដំណើរការ និងភ្ជាប់លើយានរុករកខ្នាតតូចពីរដែលធ្វើដំណើរលើផ្ទៃព្រះច័ន្ទ ដើម្បីគាំទ្រក្នុងការស្វែងរកប្រភពទឹកកក ដោយវាអាចផ្ញើរូបភាព និងបញ្ជូនព័ត៌មានផ្សេងៗមកភពផែនដីបានភ្លាមៗ។
ទន្ទឹមនឹងនេះ NASA និយាយថា ការប្រាស្រ័យទាក់ទងគឺមានសារៈសំខាន់ណាស់សម្រាប់អវកាសយានិក ជាពិសេសសម្រាប់បេសកកម្មរបស់ Artemis នាពេលអនាគត។ ដូចនេះ នៅពេលអនាគត អវកាសយានិកអាចហៅជាវីដេអូជាមួយក្រុមគ្រួសាររបស់ពួកគេពីឋានព្រះច័ន្ទ ដូចជាការហៅទូរសព្ទនៅលើផែនដី។
យ៉ាងណាមិញ បច្ចេកវិទ្យានេះត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយជំនួយឥតសំណង 14.1 លានដុល្លារពី NASA ហើយបើវាអាចបង្កើតមូលដ្ឋានគ្រឹះសម្រាប់អ៊ីនធឺណិតនៅលើឋានព្រះច័ន្ទបាន នោះវានឹងជំរុញឱ្យអ៊ីនធឺណិតនៅលើផែនដីកាន់តែប្រសើរដែលអាចប្រើបានទាំងទីតាំងជាយក្រុង ឬតំបន់ដាច់ស្រយាលខ្លាំងបំផុតដូចជាវាលខ្សាច់ និងតំបន់ប៉ូលជាដើម។