ប្រទេសន័រវេសកំពុងសាងសង់ផ្លូវរូងក្រោមដីសម្រាប់នាវាដំបូងគេរបស់ពិភពលោកមានឈ្មោះថា Stad Ship Tunnel ដែលអនុញ្ញាតឱ្យកប៉ាល់ធំៗឆ្លងកាត់ឧបទ្វីប Stad ជាតំបន់ដ៏គ្រោះថ្នាក់ដោយសុវត្ថិភាព។ ផ្លូវរូងក្រោមដីនេះមានប្រវែង ១,៧ គីឡូម៉ែត្រ ដែលវាមានទំហំធំល្មមសម្រាប់នាវាធំៗធ្វើការឆ្លងកាត់បានយ៉ាងងាយស្រួល។ ថែមពីនេះវាអាចសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។
ចំពោះគោលបំណងសំខាន់នៃការសាងសង់នេះ គឺដើម្បីជួយនាវាជៀសវាងតំបន់សមុទ្រ Stadhavet Sea ដែលល្បីល្បាញដោយសារមានរលក និងចរន្តទឹកខ្លាំង ដែលបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់ការធ្វើនាវាចរណ៍។
ខណៈដែរគម្រោងដ៏ធំនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០២១ ហើយគេរំពឹងថាអាចនឹងបញ្ចប់នៅចន្លោះឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦។ មិនតែប៉ុណ្ណោះគម្រោងនេះមានតម្លៃប្រហែល ៣៣០ លានដុល្លារ។ យ៉ាងណាមិញ ប្រទេសន័រវេសបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងនេះ ដោយយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថានក្នុងអំឡុងពេលដំណើរការសាងសង់។