លោក Rizwan Sajan គឺជាបុរសដែលប្រើយុទ្ធសាស្ត្រ១% ដើម្បីអភិវឌ្ឍខ្លួនក្លាយទៅជាមហាសេដ្ឋីដែលមានក្រុមហ៊ុនចំណូលរហូតដល់ខ្ទង់ពាន់លានដុល្លារប្រចាំ គឺក្រុមហ៊ុន Danube Group។
អតីតកាលរបស់សេដ្ឋីម្នាក់នេះមិនមែនជាកូនរបស់ក្រុមគ្រួសារធូរធានោះទេ កាលពីនៅកុមារ គ្រួសារគាត់គ្មានផ្ទះនោះទេ ហើយគាត់រស់នៅក្នុងតំបន់អនាធិបតេយ្យនៅក្នុងទីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា។ ក្រោយមក ឪពុកលោកដែលជាអ្នកធ្វើការនៅរោងចក្រដែក បានត្រូវឆ្នោតរដ្ឋាភិបាល ដោយអាចទិញផ្ទះក្នុងតម្លៃធូរថ្លៃ។ បន្ទាប់ពីបានចូលទៅនៅទីនោះ វាជាជំហ៊ាននៃការផ្លាស់ប្តូរជីវិតរបស់គាត់ គឺគាត់ចង់សាងសង់ផ្ទះលក់ក្នុងតម្លៃធូរថ្លៃ។
ក្រោយមកគាត់ក៏មានឱកាសមករស់នៅអេមីរ៉ាត់អារ៉ាប់ ក្នុងទីក្រុងឌូបៃ ហើយក៏មានឱកាសចាប់ផ្តើមក្រុមហ៊ុនរបស់គាត់ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននៅដើមទស្សវត្សទី៩០។ នៅពេលនោះ ឌូបៃគឺមិនទាន់មានផ្ទះច្រើននោះទេ ហើយការទិញផ្ទះទៀតសោតក៏មានតម្លៃថ្លៃផងដែរ។
ពេលនោះ គាត់ក៏ប្រើប្រាស់យុទ្ធសាស្ត្រ១% ដោយឲ្យអតិថិជនបង់លុយតែបន្តិចបន្តួចដំបូង ហើយបន្ទាប់មកបង់ក្នុង១ខែ ១%។ ពេលនោះគ្មានអ្នកគិតថា គំនិតគាត់អាចទៅរួចនោះទេ ហើយវានឹងបរាជ័យ តែគាត់បានជឿជាក់ក្នុងចិត្តថា វាប្រាកដជាជោគជ័យ។
ក្រោយមក អ្វីៗពិតដូចជាការគ្រោងទុកមែន គំនិត១%នេះ ពិតជាទៅរួចដូចការគិតទុក ហើយមានអ្នកធ្វើការជាច្រើនបានសម្រុកមកទិញផ្ទះរបស់គាត់ រហូតធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារនៅទឹកដីដែលមិនមែនជាទីកន្លែងកំណើត។
គាត់និយាយថា “ពេលគេនិយាយថាមិនអាចទៅរួច ខ្ញុំមិនស្តាប់ពាក្យគេទេ ខ្ញុំស្តាប់តែញាណ និងបេះដូងរបស់ខ្ញុំតែប៉ុណ្ណោះ ហើយបើបេះដូងខ្ញុំប្រាប់ថា តោះធ្វើវាទៅ ខ្ញុំនឹងទៅធ្វើវា!”