មួយរយៈចុងក្រោយនេះ ការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារInfluencerដោយអញ្ចើញអ្នកមានភាពល្បីល្បាញនៅលើបណ្តាញសង្គមមកជួយផ្សព្វផ្សាយ កំពុងតែមានការកើនឡើងយ៉ាងខ្លាំងពីសំណាក់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ។ យុទ្ធសាស្ត្រនេះ ត្រូវបានធ្វើតាមគ្នា និងប្រជែងគ្នា ដែលរហូតដល់អ្នករកស៊ីជាច្រើន ចាប់ផ្តើមគិតថា បើកអាជីវកម្មរួច ហៅតារាមកផ្សាយ នឹងធ្វើឲ្យការលក់ផ្ទុះ ហើយធ្វើឲ្យអាជីវកម្មជោគជ័យ។ តើការប្រើប្រាស់យុទ្ធសាស្ត្រនេះតែមួយមុខ ពិតជាអាចជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យដែរឬទេ?
ចម្លើយនោះគឺថាអាជីវកម្មដែលប្រើតែយុទ្ធសាស្ត្រទីផ្សារInfluencerតែមួយមុខនឹងមិនមាននិរន្តរភាពក្នុងរយៈពេលវែងនោះទេ ហើយអ្នកត្រូវចាំថា មិនមែនឲ្យតែតារាល្បី អាចធ្វើឲ្យអាជីវកម្មអ្នកនឹងផ្ទុះផងដែរ ដោយម្ចាស់អាជីវកម្មត្រូវតែចេះជ្រើសរើសInfluencerណាដែលសក្តិសមនឹងអាជីវកម្មខ្លួនបំផុត។ យុទ្ធសាស្ត្រទីផ្សារ Influencer អាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីទៅដល់ទស្សនិកជនគោលដៅច្រើន និងជំរុញការលក់ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការមានយុទ្ធសាស្ត្រទីផ្សារចម្រុះ និងមានគម្រូយុទ្ធសាស្ត្រត្រឹមត្រូវ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលប្រើប្រាស់Influencerតែឯងមិនមាននិរន្តរភាព៖
ការប្រើប្រាស់ Influencer អាចមានតម្លៃថ្លៃ ជាពិសេសជាមួយអ្នកមានឥទ្ធិពលកំពូលៗនៅលើបណ្តាញសង្គម ហើយជារឿយៗអាជីវកម្មត្រូវតែផ្តល់ឱ្យពួកគេនូវផលិតផល ឬសេវាកម្មឥតគិតថ្លៃ និងលក្ខខណ្ឌមួយចំនួនទៀតផងដែរ។ ប្រសិនបើផលិតផលរបស់អ្នកមិនសូវសក្តិសមនឹងទីផ្សារ ឬមិនមានតម្រូវការខ្ពស់ ហើយស្ថិតនៅទ្រង់ទ្រាយតូចនៅឡើយ វាអាចធ្វើឲ្យអ្នកមិនរួចថ្លៃចំណាយផងក៏ថាបាន។
Influencers មិនប្រាកដថាសុវត្ថិភាពសម្រាប់អាជីវកម្មរបស់អ្នកនោះទេ។ ប្រសិនបើអ្នកមិនសំណាងរើសយកInfluencerខុស ហើយគាត់លេចធ្លាយរឿងអ្វីមិនល្អ អាជីវកម្មដែលផ្សារភ្ជាប់នឹងគាត់ក៏អាចនឹងភាពប្រឈមមុខផងដែរ។ មួយទៀតសោត ប្រសិនបើអ្នកចចារឲ្យពួកគាត់ផ្សព្វផ្សាយមួយរយៈពេលណាមួយក៏ដោយ ក៏អាចគង់នឹងប្រឈមមានដៃគូប្រកួតប្រជែងអ្នកទាក់ទងទៅផ្សាយបន្ត ដែលអាចឲ្យអាជីវកម្មរបស់អ្នកទទួលរងនូវឥទ្ធិពលផងដែរ។
ការប្រើប្រាស់ Influencer ដើម្បីជួយជម្រុញអាជីវកម្មអាចពិបាកក្នុងការតាមដាន។ វាអាចពិបាកក្នុងការវាស់វែង ROI (ផលត្រឡប់ដែលបានមកវិញបន្ទាប់ពីចំណាយ) នៃយុទ្ធនាការទីផ្សារដែលអ្នកប្រើប្រាស់ Influencer។ ជាធម្មតា មុននឹងសម្រេចប្រើប្រាស់យុទ្ធសាស្ត្រអ្វី ឬបន្តវា អ្នកត្រូវតែដឹងថា រាល់ការចាយកញ្ចប់ផ្សព្វផ្សាយក្នុងចំនួនជាក់លាក់មួយ តើអ្នកបានផលចំណេញពីវាបានប៉ុន្មាន។ ជាទូទៅ ម្ចាស់អាជីវកម្មមួយចំនួនមិនបានតាមដានតួរលេខនេះ ឬក៏តាមដានតួរលេខខុសដូចជាឃើញសន្ទុះ Like Comment Shareច្រើនពេលមានInfluencer ឬក៏Page របស់គាត់កើនចំនួនFollower យ៉ាងគំហុគ តែវាគ្រាន់តែជាតួរលេខប្រយោលមួយ ដែលមិនអាចវាស់ស្ទង់ភាពជោគជ័យអាជីវកម្មបាននោះទេ។ អ្នកត្រូវគិតថា តើ១០០០ ដុល្លារដែលអ្នកផ្សាយជាមួយនឹងInfluencer អ្នកទទួលបានផលចំណូលកើនប៉ុន្មាន? ហើយថាតើវារួចខ្លួន ឬចំណេញដែរឬទេ? ក្រៅពីនោះ អ្នកក៏អាចវាស់ស្ទង់តាមតួរលេខផ្សេងៗទៀតតាមភាពជាក់ស្តែងផងដែរ។ ខ្ញុំធ្លាប់ជួបម្ចាស់អាជីវកម្មមិនតិចទេដែលមានការរំពឹងខ្ពស់ពេកលើយុទ្ធសាស្ត្រនេះតែមួយមុខ តែលទ្ធផលទទួលមកវិញមិនបានដូចចិត្ត ឬក៏ខ្លះទៀត បានផលល្អនៅលើកទី១ តែក្រោយមកក៏លែងទទួលផលសោះពីការចំណាយនោះផងដែរ។
ដើម្បីឱ្យមាននិរន្តរភាព ម្ចាស់អាជីវកម្មត្រូវមានយុទ្ធសាស្រ្តទីផ្សារចម្រុះដែលរួមបញ្ចូលភាពសម្បូរបែបផ្សេងទៀតទៅតាមក្រុមអតិថិជនគោលដៅរបស់អ្នក ដូចជាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតតាមរយៈមាតិកាប្លែកៗ និងចំគោលដៅ ការរៀបចំព្រឹត្តិការណ៍ ភាពច្នៃប្រឌិតផលិតផល ឬសេវាកម្ម និងវិធីសាស្ត្រផ្សេងៗទៀតទៅតាមបរិបទនៃអតិថិជនគោលដៅរបស់អ្នក។ វានឹងជួយឱ្យអាជីវកម្មឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ និងសម្បូរបែបដែលជួយឲ្យដង្ហើមអាជីវកម្មរបស់អ្នកអាចដកបានច្រើនច្រកល្ហក ជាជាងពឹងលើប្រភពតែមួយ។
ចូរចាំថា ធ្វើអាជីវកម្មមិនត្រូវប្រើអារម្មណ៍ទាំងស្រុងនោះទេ អ្នកត្រូវប្រើគំនិត យុទ្ធសាស្ត្រ និងតួរលេខដើម្បីធ្វើការសម្រេចចិត្ត។