រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ” រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និង ការតាំងបង្ហាញផលិតផលខ្មែរ។
ជាមួយគ្នានេះ ដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ ផ្លូវថ្មើរជើង (Walk Street) រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងរៀបចំកម្មវិធី អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តនៅ សង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ហើយសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ សូមធ្វើការពង្វាងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើ។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ