នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang មានសុទិដ្ឋិនិយមខ្លាំងលើបច្ចេកវិទ្យា Quantum Computing ដោយលោកបានថ្លែងក្នុងសន្និសីទ GTC Paris របស់ក្រុមហ៊ុន Nvidia ថា “Quantum Computing កំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ”។ លោករំពឹងថា កុំព្យូទ័រ Quantum នឹងចាប់ផ្ដើមដោះស្រាយបញ្ហាពិតៗក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
នេះជាការផ្លាស់ប្តូរទស្សនៈរបស់លោកពីមុន ដែលធ្លាប់គិតថាការប្រើប្រាស់កុំព្យូទ័រ Quantum ដែលមានប្រយោជន៍អាចចំណាយពេល ១៥ ឆ្នាំ គឺ “លឿនពេក” ហើយទំនងជាត្រូវចំណាយពេល ២០ ឆ្នាំឯណោះ។
សន្និសីទអ្នកអភិវឌ្ឍន៍ GTC Paris នេះត្រូវបានរៀបចំឡើងដោយសហការជាមួយ VivaTech 2025 ដែលប្រព្រឹត្តទៅនៅ Porte de Versailles ក្នុងទីក្រុងប៉ារីស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។
ក្រុមហ៊ុន Nvidia កំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍបច្ចេកវិទ្យា Quantum Computing ជាពិសេសតាមរយៈការរួមបញ្ចូលគ្នារវាង Hardware Quantum ជាមួយនឹង Supercomputer AI។ គំនិតផ្ដួចផ្ដើម និងការរួមចំណែកសំខាន់ៗរួមមាន៖
- CUDA-Q™: គឺជា Platform Hybrid កូដបើកចំហរ (Open-source) របស់ Nvidia ដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រង Hardware និង Software សម្រាប់កម្មវិធី Quantum Computing ទ្រង់ទ្រាយធំ ដោយភ្ជាប់ប្រព័ន្ធ Quantum និងប្រព័ន្ធ Classical (ប្រព័ន្ធកុំព្យូទ័រធម្មតា) ចូលគ្នា។
- Supercomputer ABCI-Q: Nvidia បានសហការជាមួយវិទ្យាស្ថានជាតិជប៉ុនសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន (AIST) ដើម្បីបង្កើត ABCI-Q ដែលជា Supercomputer ស្រាវជ្រាវធំបំផុតរបស់ពិភពលោកសម្រាប់ Quantum Computing។ ប្រព័ន្ធនេះមាន GPU NVIDIA H100 ជាង ២,០០០ ភ្ជាប់គ្នាដោយ Platform បណ្ដាញ NVIDIA Quantum-2 InfiniBand និងអាចរួមបញ្ចូលជាមួយ Processor Quantum ជាច្រើនប្រភេទ (Superconducting, Neutral Atom, និង Photonic)។
- មជ្ឈមណ្ឌលស្រាវជ្រាវ Quantum ល្បឿនលឿនរបស់ Nvidia (NVAQC): Nvidia កំពុងបង្កើតមជ្ឈមណ្ឌលនេះនៅទីក្រុង Boston ដើម្បីរួមបញ្ចូល Hardware Quantum ឈានមុខគេជាមួយ Supercomputer AI ដោយមានគោលបំណងដោះស្រាយបញ្ហាដូចជា សំឡេងរំខាន Qubit និងផ្លាស់ប្ដូរ Processor Quantum ពិសោធន៍ទៅជាឧបករណ៍ដែលអាចប្រើប្រាស់បានជាក់ស្ដែង។
- ភាពជាដៃគូ និងកិច្ចសហការ: Nvidia កំពុងចាប់ដៃគូយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិត Hardware និង Software Quantum ផ្សេងៗ រួមមាន QC Design (រួមបញ្ចូល cuQuantum SDK ទៅក្នុង Software របស់ពួកគេសម្រាប់ Simulation បង្កើនល្បឿនដោយ GPU), Quantum Machines (ដាក់ឱ្យដំណើរការកម្មវិធី NVIDIA DGX Quantum Early Customer Program សម្រាប់ប្រព័ន្ធ Quantum-Classical រួមបញ្ចូលគ្នា), និង SEEQC (បង្ហាញពីការតភ្ជាប់ Chip-to-chip សម្រាប់ Quantum Error Correction)។
លោក Huang រំពឹងទុកថានាពេលអនាគត Supercomputer ជំនាន់ក្រោយនីមួយៗនឹងមាន QPU (Quantum Processing Unit) ភ្ជាប់ជាមួយ GPU ដែលបង្ហាញពីជំនឿយ៉ាងមុតមាំលើស្ថាបត្យកម្ម Hybrid Quantum-Classical។ លោកក៏បានព្យាករណ៍ពីការកើនឡើងយ៉ាងសម្បើមនៃ Logical Qubits ដោយរំពឹងថា “នឹងមាន Logical Qubits កើនឡើង ១០ ដងរៀងរាល់ ៥ ឆ្នាំម្ដង និង ១០០ ដងរៀងរាល់ ១០ ឆ្នាំម្ដង” ដែលជំរុញដោយការរីកចម្រើនក្នុងការកែតម្រូវកំហុស ភាពរឹងមាំ និងការពង្រីកមាត្រដ្ឋាន។