ការចងចាំល្អគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែមានមនុស្សជាច្រើនបានធ្វើទម្លាប់មួយចំនួនដែលគេគិតថាជារឿងធម្មតានៅក្នុងការរស’នៅប្រចាំថ្ងៃដោយមិនបានដឹងថាទម្លាប់ណាខ្លះដែលអាចប៉ះពាល់ទៅនឹងសមត្ថភាពនៃការចងចាំរបស់គេនោះទេ។ ខាងក្រោមនេះគឺជាកត្តាដែលអាចបណ្តាលឱ្យការចងចាំរបស់អ្នកចុះខ្សោយម្តងបន្តិចៗដោយមិនដឹងខ្លួន៖
ការធ្វើកិច្ចការច្រើនដោយមិនបានបែងចែកពេលវេលាបានត្រឹមត្រូវ៖ ខួរក្បាលរបស់មនុស្សយើងមិនអាចធ្វើការដោះស្រាយនូវកិច្ចការស្មុគស្មាញជាច្រើនក្នុងពេលតែមួយនោះទេ។ នៅពេលដែលអ្នកព្យាយាមធ្វើកិច្ចការច្រើន ហើយមិនបានកំណត់ ឬបែងចែកពេលវេលាឱ្យបានត្រឹមត្រូវក្នុងការធ្វើកិច្ចការងារទាំងនោះ ជាពិសេសជាមួយនឹងកិច្ចការដែលទាមទារការយកចិត្តទុកដាក់ និងការចងចាំ វានាំឱ្យមានការផ្តោតអារម្មណ៍ដោយបែងចែកនូវការគិតជាច្រើនដែលវានឹងអាចឱ្យអ្នកមានភាពភ្លេចភ្លាំងនូវព័ត៌មានលម្អិតសំខាន់ៗជាក់ជាមិនខាន។ ដូចនេះហើយ នៅពេលអ្នកត្រូវទទួលខុសត្រូវនូវកិច្ចការងារជាច្រើន ចូរអ្នកធ្វើការកំណត់ពេលវេលាឱ្យបានច្បាស់លាស់ក្នុងការចាត់ចែងធ្វើកិច្ចការងារទាំងនោះទៅតាមលំដាប់លំដោយ នោះអ្នកនឹងបំពេញកិច្ចការទាំងនោះប្រកបដោយប្រសិទ្ធភាព។
គេងមិនបានគ្រប់គ្រាន់៖ ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចងចាំ បើអ្នកគេងបានគ្រប់គ្រាន់វាជារឿងដ៏ល្អ ដែលធ្វើឱ្យខួរក្បាលរបស់អ្នកធ្លាប់តែមានការចងចាំរយៈពេលខ្លីត្រូវបានផ្លាស់ប្តូរទៅជាការចងចាំរយៈពេលវែង។ ប៉ុន្តែប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ ឬគេងមិនស្ងប់ កត្តានេះបានធ្វើឱ្យមានការរំខាន់ទៅដល់ខួរក្បាល។ នៅពេលដែលខួរក្បាលមិនបានសម្រាកបានគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកងាយនឹងភ្លេចភ្លំាង ។ មិនតែប៉ុណ្ណោះវានឹងធ្វើឱ្យសមត្ថភាពនៃការចង់ចាំរបស់អ្នកចុះខ្សោយ ថែមពីនេះទៀតគឺការគិតរបស់អ្នកមានសភាពយឺត។
ស្ត្រេស និងការថប់បារម្ភ៖ នៅពេលអ្នកជួបប្រទះភាពតានតឹង ស្ត្រេស ឬការថប់បារម្ភច្រើនពេក រាងកាយរបស់អ្នកនឹងផលិតអរម៉ូនដូចជា cortisol ដែលអាចប៉ះពាល់ដល់មុខងារខួរក្បាល ជាពិសេសផ្នែកដែលទាក់ទងនឹងការចងចាំ។ ដូចនេះហើយនៅពេលអ្នកជួបប្រទះនូវបញ្ហា ដែលវាធ្វើឱ្យអ្នកមានភាពធុញថប់ ឬស្រេ្តស អ្នកត្រូវដោះស្រាយវាម្តងមួយជំហ៊ានៗ ហើយកុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេក នោះអារម្មណ៍នៃភាពតានតឹង និងស្មុគស្មាញនឹងកាត់បន្ថយម្តងបន្តិចៗ។
ការរំខាន៖ នៅពេលដែលអ្នកកំពុងតែធ្វើកិច្ចការងារអ្វីមួយ ប៉ុន្តែអ្នកបាននៅកន្លែងពោរពេញទៅដោយការរំខាន ដូចជាសំឡេងទូរសព្ទ ប្រព័ន្ធផ្សព្វផ្សាយសង្គម សំឡេងរំខាន និងអ្វីៗជាច្រើនទៀត។ អំឡុងពេលអ្នកកំពុងរងការរំខាន់ឈប់ឈរដែលវាមិនអាចឱ្យអ្នកអាចធ្វើការផ្ចង់អារម្មណ៍បានឡើយ មិនតែប៉ុណ្ណោះដោយកត្តាទាំងនេះវានឹងធ្វើឱ្យ ខួរក្បាលរបស់អ្នកបាត់បង់ការផ្តោតអារម្មណ៍ក្នុងពេលអ្នកបានព្យាយាមផ្តោតទៅលើរឿងមួយក្នុងពេលតែមួយ។ ដូច្នេះហើយ អ្នកត្រូវធ្វើការកែប្រែឡើងវិញ ដូចជាពេលអ្នកចាប់ផ្តើមក្នុងការធ្វើកិច្ចការងារអ្វីមួយ ចូរអ្នកស្វែងរកកន្លែងដែលមានភាពស្ងប់ស្ងាត់ មិនមានសំឡេងរំខាន នោះវានឹងធ្វើឱ្យការផ្តោតអារម្មណ៍របស់អ្នកល្អប្រសើរជាងមុន ថែមពីនេះទៀតគឺការចងចាំមានភាពច្បាស់លាស់ និងមិនងាយនឹងភ្លេចភ្លាំងឡើយ។
រំលងនូវចំណុចតូចៗដដែលៗ៖ កាលណាដែលអ្នកបានមើលរំលឹងនូវចំណុចតូចៗក្នងកិច្ចការងារអ្វីមួយមិនថាកិច្ចការងារនោះធំ ឬតូចនោះទេ វានឹងធ្វើឱ្យអ្នកងាយភ្លេច និងបាត់បង់នូវព័ត៍មានសំខាន់ៗនៅក្នុងកិច្ចការងារមួយនោះ។ ដូចនេះនៅពេលអ្នកធ្វើកិច្ចការងារ ចូរអ្នកយកចិត្តទុកដាក់ ព្យាយាមចង់ចាំនូវចំណុចតូចៗនូវការរំលឹកដដែលៗ ព្រោះថានៅពេលខួរក្បាលទទួលព័ត៌មានម្តងហើយម្តងទៀត ហើយអ្នកយកចិត្តទុកដាក់ក្នុងការចាប់យកព័ត៍មានតូចៗ វានឹងធ្វើឱ្យអ្នកចង់ចាំចំណុចលម្អិតៗសំខាន់ៗទាំងនោះ។
តាមរយៈការយកចិត្តទុកដាក់លើកត្តាទាំងនេះ អាចជួយអ្នកឱ្យមានការចងចាំ និងការផ្តោតអារម្មណ៍ល្អប្រសើរជាងមុនដែលវាកាត់បន្ថយនូវភ្លេចភ្លាំង មិនតែប៉ុណ្ណោះអ្នកនឹងបំពេញកិច្ចការងារធ្វើប្រកបដោយប្រសិទ្ធិភាពទៀតផង។