ការប្រើទូរស័ព្ទមុនពេលចូលគេងអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងសុខុមាលភាពរបស់អ្នកម្តងបន្តិចៗ ដែលវានឹងធ្វើឱ្យសុខភាពរបស់អ្នកឌ្រុតឌ្រោមនៅពេលខាងមុខ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗចំនួន 5 ដែលអ្នកមិនគួរចុចទូរស័ព្ទមុនពេលចូលគេង៖
1. រំខានដល់គុណភាពនៃការគេង
អេក្រង់ទូរស័ព្ទបញ្ចេញពន្លឺពណ៌ខៀវ ដែលរារាំងការផលិតមេឡាតូនីន ដែលជាអរម៉ូនទទួលខុសត្រូវក្នុងការគ្រប់គ្រងលើការចូលដំណេក។ ប្រសិនបើគ្មានសារធាតុ melatonin គ្រប់គ្រាន់ទេ រាងកាយរបស់អ្នកពិបាកគេង គេងមិនលក់ ឬធ្វើឱ្យការគេងមិនស្កប់ស្កល់ ដែលធ្វើអោយអ្នកមានអារម្មណ៍មិនស្រឡះ អស់កម្លាំង និងល្ហិតល្ហៃនៅថ្ងៃបន្ទាប់។
2. បង្កើនភាពតានតឹង និងការថប់បារម្ភ
នៅពេលអ្នកមើលប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីមែល ឬព័ត៌មានមុនពេលចូលគេង វានឹងអាចបង្ហាញអ្នកទៅនឹងខ្លឹមសារដែលអាចបណ្តាលឱ្យមានភាពតានតឹង ឬការថប់បារម្ភ ដូចជាដំណឹងដ៏ក្រៀមក្រំ ឬការបង្ហោះខ្លឹមសារអវិជ្ជមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ល។ កត្តាទំាងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ មិនតែប៉ុណ្ណោះវាក៏ធ្វើឱ្យអ្នកពិបាកក្នុងការដេក យូរៗទៅ ទម្លាប់នេះអាចរំខានដល់ដំណេករបស់អ្នក និងផ្តល់ផលអវិជ្ជមានដល់សុខុមាលភាពទូទៅរបស់អ្នក។
3. រំញោចខួរក្បាលខ្លាំងពេក
ការចុចមើលទូរស័ព្ទមុនពេលចូលគេងជំរុញខួរក្បាលរបស់អ្នកបន្តដំណើរការ នៅពេលដែលវាគួរតែសម្រាក។ ការធ្វើឱ្យខួរក្បាលរំញោចអត់ឈប់ឈរបែបនេះ វានឹងធ្វើឱ្យអ្នកពិបាកក្នុងការងងុយគេង ដោយសារតែខួរក្បាលរបស់អ្នកនៅតែដំណើរការព័ត៌មាន។ យូរៗទៅទម្លាប់នេះអាចធ្វើឲ្យពិបាកគេងលក់ ដែលនាំឲ្យមានបញ្ហាដូចជាការគេងមិនលក់ជាដើម។
4. បង្កើតទម្លាប់មិនល្អ
ការប្រើទូរសព្ទរបស់អ្នកនៅពេលយប់អាចនាំអ្នកទៅរកទម្លាប់អាក្រក់ ដែលធ្វើឲ្យពិបាកគេងលក់។ ការបង្កើតនូវទម្លាប់នេះជារឿយៗ នោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិនអាចសម្រាក ឬងងុយគេងដោយមិនមើលទូរសព្ទជាមុនបានឡើយ ដែលវាបានរារាំងអ្នកពីការសម្រាកឱ្យបានត្រឹមត្រូវ។
5. កាត់បន្ថយរយៈពេលនៃការគេង
មុនពេលចូលគេងអ្នកអាចគិតថា គ្រាន់តែមើលទូរស័ព្ទពីរបីនាទីប៉ុណ្ណោះ តែបន្ទាប់មកអ្នកនឹងបន្ថែមពេលវេលានៅលើអេក្រង់ទូរសព្ទបន្ថែមទៀត។ ការចំណាយពេលជាច្រើនម៉ោងក្នុងការមើលទូរស័ព្ទបែបនេះ វានឹងធ្វើឱ្យការចូលដំណេករបស់អ្នកពន្យាពេល ដែលធ្វើឱ្យការដេករបស់អ្នកមានរយៈពេលខ្លី និងដេកមិនបានគ្រប់គ្រាន់។
ដើម្បីបង្កើនគុណភាពនៃការគេង និងសុខភាពទូទៅ សូមបង្កើតទម្លាប់ពេលគេងដោយមិនប្រើទូរសព្ទ។ សម្រាក់ពីការមើលទូរស័ព្ទយ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេង ហើយជំនួសដោយការជ្រើសរើសសកម្មភាពស្ងប់ស្ងាត់ដូចជាការអានសៀវភៅ ឬសមាធិជាដើម។ ទម្លាប់សាមញ្ញនេះអាចជួយឱ្យអ្នកគេងលក់ស្រួល និងភ្ញាក់ពីដំណេកមានភាពស្រស់ស្រាយ។