spot_img
spot_img
Homeអចលនវត្ថុក្នុងស្ថានភាពបច្ចុប្បន្ន តើគួរទិញផ្ទះដើម្បីទុកចំណេញដែរទេ?

ក្នុងស្ថានភាពបច្ចុប្បន្ន តើគួរទិញផ្ទះដើម្បីទុកចំណេញដែរទេ?

-

ការវិនិយោគអចលនទ្រព្យ គឺជាវិធីសាស្ត្របង្កើនទ្រព្យដ៏ពេញនិយមមួយ រហូតដល់មានការសាយភាយយ៉ាងផុសផុល នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មានមនុស្សមិនតិចទេ ដែលមានបានពីការទិញផ្ទះទុកលក់វិញ ឬក៏ទុកជួលដើម្បីយកចំណូលប្រចាំខែ ហើយក៏មានអ្នកទិញរួច កប់ដើម ហើយលក់ចេញយកតែថ្លៃដើមវិញក៏មិនបាន។

បន្ទាប់ពីវិបត្តិកូវីដ និងស្ថានភាពបច្ចុប្បន្នដែលញ៉ាំញីដោយភ្លើងសង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល ជាពិសេសវិបត្តិអតិផរណា ធ្វើឲ្យមានមនុស្សជាច្រើនមានសំណួរថា “តើគួរទិញផ្ទះទុកចំណេញដែរឬទេ ក្នុងពេលបច្ចុប្បន្ននេះ”?

ប្រសិនបើនិយាយជារួម ទិញផ្ទះទុកលក់វិញយកប្រាក់ចំណេញក្នុងរយៈពេលខ្លីគឺពិតជាពិបាកនឹងទៅរួចណាស់ក្នុងស្ថានភាពសព្វថ្ងៃនេះ។ ដូចនេះ ប្រសិនបើអ្នកមិនមានព័ត៌មានច្បាស់លាស់ និងមិនមានបទពិសោធន៍ច្រើនក្នុងការវិនិយោគនោះទេ អ្នកមិនគួរទិញផ្ទះដើម្បីទុកចំណេញក្នុងស្ថានភាពនេះឡើយ។ ពិតណាស់ ឱកាសចំណេញនៅតែមាន សម្រាប់ប្រភេទផ្ទះ និងនៅទីតាំងមួយចំនួនដែលមានសក្តានុពល និងមានចរន្តសេដ្ឋកិច្ចល្អ (ផ្ទះអាជីវកម្ម) តែវាទាមទារឲ្យអ្នកមានកែវភ្នែកល្អសម្រាប់ការជ្រើសរើសឲ្យត្រូវ និងមានព័ត៌មានច្បាស់លាស់សម្រាប់ការសម្រេចចិត្ត។

ជាក់ស្តែង បើក្រឡេកពីសន្ទុះឡើងថ្លៃនៃផ្ទះជាប្រភេទលំនៅដ្ឋាន វាស្ទើរតែមិនមានការកើនឡើង ឬក៏អាចធូរថ្លៃជាងមុនផងក៏មានដែរដោយសារតែមានអ្នកខ្លះត្រូវការបញ្ចេញអចលនទ្រព្យប្រញ៉ាប់ដើម្បីយកដើម​ទុន​ទៅទប់ទល់នឹងស្ថានភាពនាពេលបច្ចុប្បន្ន។ ដូចនេះ ប្រសិនបើមិនទាន់មានតម្រូវការចាំបាច់ទេ អ្នកមិនគួរវិនិយោគលើអចលនទ្រព្យដោយមិនមានការថ្លឹងថ្លែង និងរំពឹងខ្ពស់ពេកទៅលើប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ តែប្រសិនបើអ្នកមានដើមទុនច្រើន ពេលវេលានេះគឺជាពេលវេលាដែលអ្នកអាចរង់ចាំ ស្វែងរកអចលនទ្រព្យដែលគេអាចបញ្ចេញប្រញ៉ាប់ដើម្បីទុកលក់បន្ទាប់ពីស្ថានភាពល្អប្រសើរវិញបាន។

បើយើងក្រឡេកមើលបទពិសោធន៍កន្លងមក ស្ថានភាពសេដ្ឋកិច្ចតែងតែមានឡើងចុះ ហើយទីផ្សារអចលនទ្រព្យតែងតែបត់បែនទៅតាមសេដ្ឋកិច្ច។ ស្ថានភាពបែបនេះ នឹងមិននៅត្រឹងរហូតនោះទេ វាតែងតែត្រឡប់មករកភាពប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។ រួមផ្សំនឹងកត្តាកំណើនប្រជាជន ហើយនឹងសក្តានុពលនៃការរីកចម្រើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ប្រាកដណាស់ យើងនៅតែអាចនិយាយបានថា ស្ថានភាពនៃទីផ្សារអចលនវត្ថុនឹងនៅតែមានភាពវិជ្ជមាន ទោះបីជាមានភាពរអាក់រអួលរយៈពេលខ្លីក៏ដោយ។

សរុបសេចក្តីមក ប្រសិនបើអ្នកមិនមានបទពិសោធន៍ឬជំនាញនោះទេ អ្នកមិនគួរទិញផ្ទះទុកចំណេញនាពេលនេះទេ លុះត្រាតែអ្នកមានតម្រូវការប្រើប្រាស់ និងចាំបាច់តែប៉ុណ្ណោះ។ តែសម្រាប់អ្នកដែលមានបទពិសោធន៍ និងមានជំនាញច្បាស់លាស់ ខ្ញុំជឿជាក់ថា ពួកគាត់នឹងអាចរកច្រកចំណេញបានទោះក្នុងកាលទេសៈណាក៏ដោយ!

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ