លោក Simon Sinek គឺជាបុគ្គលល្បីមួយរូបផ្នែកនិយាយជម្រុញទឹកចិត្ត ជាពិសេសសម្រាប់ធរុកិច្ចជននិងអ្នកជំនាញ ហើយគាត់ត្រូវបានគេស្គាល់ច្រើនដោយសារតែការសរសេរសៀវភៅ២ក្បាលដ៏ល្បីល្បាញក្នុងពីភពធុរកិច្ច និងអ្នកដឹកនាំគឺ “Start With Why” និង “Leader Eat Last”។
នៅក្នុងវីដេអូប្រជុំមួយនៅអូស្ត្រាលី ជាមួយនឹងក្រុមការងាររបស់គាត់ គាត់បានលើកឡើងថា ពេលវេលានេះគឺជាពេលវេលាដ៏លំបាកមួយដោយសារតែការរីករាលដាលជម្ងឺផ្លូវដង្ហើមថ្មីCovid-19 តែយើងទាំងអស់គ្នាត្រូវតែមានផ្នត់គំនិតអ៊ីនធឺណិត។ កាលពីទស្សវត្សទី៩០ ដោយសារតែការវត្តមានអ៊ីនធឺណិត ធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបិទទ្វារ ហើយក៏មានអាជីវកម្មជាច្រើនមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ អាជីវកម្មដែលបិទទ្វារគឺ ពួកគេមិនអាចធ្វើការកែប្រែ និងផ្លាស់ប្តូរឱ្យទាន់និន្នាការ ឬដោយសារតែគាត់មិនមានផ្នត់គំនិតក្នុងការផ្លាស់ប្តូរ។ Starbucks បានបង្កើតសាខានៅទីតាំងជាច្រើន ហើយធ្វើការប្រកួតប្រជែងជាមួយនឹងកាហ្វេក្នុងតំបន់ទាំងនោះ ហើយជាលទ្ធផលStarbucks បានដណ្តើមឈ្នះទីផ្សារទោះបីជាហាងកាហ្វេក្នុងតំបន់មានផលិតផលល្អជាង តែពួកគាត់នៅតែប្រើប្រាស់កៅអី និងតុអង្គុយបែបចាស់កំរិល ដែលមិនអាចបន្តទាក់ទាញចិត្តអតិថិជនបាន។ វត្តមានរបស់Uber បានធ្វើឱ្យក្រុមហ៊ុនតាក់ស៊ីដួលរលំ មិនមែនដោយសារតែUber នោះខ្លាំងនោះទេ តែដោយសារតែក្រុមហ៊ុនតាក់ស៊ីទាំងនោះមិនព្រមធ្វើការផ្លាស់ប្តូរ និងកែប្រែម៉ូដែលរបស់ខ្លួន។
ក្នុងសម័យកាលនេះ យើងត្រូវតែមានផ្នត់គំនិតអ៊ីនធឺណិត គឺត្រូវចេះផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង ដើម្បីបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន។យើងមិនត្រូវផ្តោតតែធ្វើរឿងដដែលៗក្នុងស្ថានភាពនៃការផ្លាស់ប្តូរនោះទេ យើងត្រូវមានផ្នត់គំនិតរកគិតពីវិធីដោះស្រាយ ថាតើយើងគួរតែធ្វើអ្វីសម្រាប់អាជីវកម្មរបស់យើងនៅក្នុងសម័យកាលដែលមានការប្រែប្រួលនេះ។
យើងមិនត្រូវអង្គុយគិតតែរឿង ថាតើយើងអាចឆ្លងផុតដំណាក់កាលដោយវិធីណាទេ! យើងត្រូវតែមានគំនិតគិតថា តើយើងត្រូវផ្លាស់ប្តូរយ៉ាងម៉េចដើម្បីឆ្លងផុតដំណាក់កាលនេះ។ មិនត្រឹមតែម្ចាស់អាជីវកម្មទេដែលត្រូវគិតថា អាជីវកម្មត្រូវផ្លាស់ប្តូរយ៉ាងណាដើម្បីឱ្យស្របទៅនឹងស្ថានការណ៍ ក្នុងនាមជាក្រុមការងារ ក៏ត្រូវតែរកវិធីគិតផ្លាស់ប្តូរសម្របខ្លួនយ៉ាងម៉េច ឬក៏កែប្រែយ៉ាងម៉េចសម្រាប់ជួយឱ្យអាជីវកម្មអាចបន្តរីកចម្រើនទៅមុខបាន។
បន្ទាប់ពីវិបត្តិនេះបញ្ចប់ អាជីវកម្មមិនតិចទេនឹងត្រូវបិទទ្វារ ហើយមនុស្សមិនតិចទេដែលត្រូវប្តូរការងារ។ ប៉ុន្តែជាជាងអង្គុយចាំលទ្ធផលទាំងនេះកើតឡើង ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែរិះរកគ្រប់មធ្យោបាយដើម្បីធ្វើការផ្លាស់ប្តូរមួយ ដើម្បីសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែង ហើយជាពិសេសបុគ្គលិក និងក្រុមការងារ គួរតែឈរលើគោលជំហរជិះទូកតែមួយ ជួយគិតជួយគូរ និងខិតខំផ្លាស់ប្តូរខ្លួនឯងយ៉ាងណាដើម្បីជួយឱ្យស្ថាប័នរបស់អ្នកបន្តរីកចម្រើនទៅមុខបាន។
ចូរចាំថា ដើម្បីអាចរស់បាន ដើម្បីអាចរីចម្រើនបានគ្រប់កាលៈទេសៈ យើងត្រូវតែមានផ្នត់គំនិតមួយ គឺរកដំណោះស្រាយផ្លាស់ប្តូរទៅតាមស្ថានការណ៍ ដូចពាក្យមួយលើកឡើងថា “ពេលណាដែលមានគ្រោះ ពេលនោះក៏មានឱកាសមកជាមួយ!”។ ដូចនេះ វាជាជម្រើសរបស់យើងថាតើយើងនឹងផ្តោតទៅជ្រុងមួយណា? បន្ទាប់ពីវិបត្តិនេះចប់ ខ្ញុំជឿថា នឹងមានតារាមិនតិចទេដែលនឹងរះ ដោយសារតែការផ្លាស់ប្តូរខ្លួនឱ្យស្របនឹងស្ថានការណ៍ ហើយអ្នកដែលខ្លាំង គឺជាពេលវេលារបស់គេសម្រាប់បញ្ចេញសមត្ថភាព ព្រោះថា នៅពេលទីផ្សារងាយស្រួលរកលុយ អ្នកណាក៏អាចរកលុយបាន អ្នកណាក៏អាចរកស៊ីបាន។ ប៉ុន្តែ នៅពេលដែលមានវិបត្តិ វាគឺជាឱកាសរបស់អ្នកខ្លាំងក្នុងការបញ្ចេញសមត្ថភាពដោះស្រាយ និងស្រោចស្រង់គ្រប់គ្នាចេញពីគ្រោះនេះ ទៅរកឱកាសវិញ។