កាលពីថ្ងៃទី 27 ខែមីនា រដ្ឋមន្ត្រីឧស្សាហកម្មលោក Ahn Duk-geun បាននិយាយថា វិស័យរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដោយសារតែការប្រកាសរបស់ប្រធានាធិបតីអាមេរិក Donald Trump អំពីពន្ធ 25% លើយានយន្តនាំចូល ដែលគ្រោងនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ ដែលធ្វើឱ្យលោក Ahn Duk-geun បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានលើក្រុមហ៊ុនរថយន្ត និងអ្នកផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។
ជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងចាត់វិធានការបន្ទាន់នៅខែមេសា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់នៃពន្ធគយនេះ។ ថែមពីនេះ លោក Ahn បានធានាថាក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងនឹងមិនប្រឈមមុខនឹងបញ្ហាទាំងនេះតែម្នាក់ឯងនោះទេ ដោយរដ្ឋាភិបាលនឹងពិចារណាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ គាំទ្រការវិនិយោគ និងជួយក្រុមហ៊ុនក្នុងការស្វែងរកទីផ្សារដើម្បីលក់រថយន្ត ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។
ពន្ធរបស់សហរដ្ឋអាមេរិកលើយានយន្តនាំចូលបានបង្កើនការព្រួយបារម្ភអំពីភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល ហើយកូរ៉េខាងត្បូងកំពុងចាត់វិធានការដើម្បីការពារឧស្សាហកម្មរថយន្តរបស់ខ្លួនពីសម្ពាធកើនឡើងទាំងនេះ។ ថែមពីនេះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើយានយន្តបានធ្វើឱ្យប្រទេសផ្សេងៗព្រមានថា ពួកគេនឹងចាត់វិធានការសងសឹកទៅលើផលិតផលសហរដ្ឋអាមេរិកវិញ។