ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសថា រ៉ុក្កែត Starship ដ៏ធំនឹងធ្វើដំណើរទៅកាន់ភពព្រះអង្គារនៅចុងឆ្នាំ 2026 ដោយផ្ទុកមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ដើម្បីជួយក្នុងកិច្ចការផ្សេងៗ ដែលមនុស្សមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព និងជួយប្រមូលទិន្នន័យនៅភពនោះ។
នៅក្នុងការបង្ហោះនៅលើកម្មវិធី X លោក Musk បាននិយាយថា ការចុះចតរបស់មនុស្សនៅលើភពអង្គារអាចចាប់ផ្តើមនៅដើមឆ្នាំ 2029 ប្រសិនបើបេសកកម្មដំបូងដំណើរការល្អ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានលើឡើងថា ឆ្នាំ 2031 អាចជាពេលវេលាដែលទំនងជាងសម្រាប់បេសកកម្មមនុស្សដំបូងទៅកាន់ភពព្រះអង្គារ។
Starship ដែលជារ៉ុក្កែតដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក មានកម្ពស់ 123 ម៉ែត្រ (403 ហ្វីត) ។ វាត្រូវបានរចនាឡើងដើម្បីអាចប្រើបានច្រើនដងសម្រាប់បេសកកម្មផ្សេងៗគ្នា។