តើអ្នកធ្លាប់ជួបនរណាម្នាក់ ញញឹមដាក់គេ ចាប់ដៃគេ ប៉ុន្តែ ៣ វិនាទីក្រោយមកស្រាប់តែភ្លេចឈ្មោះគេទាំងស្រុងដែរទេ? ការភ្លេចនេះមិនមែនមកពីការចងចាំរបស់អ្នកខ្សោយ ឬអ្នកជាមនុស្សមិនល្អនោះទេ។ យោងតាមលោក Carl Jung ជាអ្នកចិត្តវិទូស្វីស វាគឺជាយន្តការដ៏ឆ្លាតវៃនៃចិត្តក្រោមមនសិការដែលសម្រេចចិត្តបោះបង់ព័ត៌មាននោះចោលដោយចេតនា។ មូលហេតុចិត្តវិទ្យាដែលធ្វើឱ្យអ្នកភ្លេចឈ្មោះ៖
១. រវល់តែបារម្ភពី “មុខមាត់” ខ្លួនឯង៖ នៅពេលជួបមនុស្សថ្មី ថាមពលខួរក្បាលរបស់អ្នកទាំងអស់ត្រូវបានប្រើដើម្បីខ្វល់ពី “ការសម្ដែង” របស់ខ្លួនឯង (ដូចជា៖ តើខ្ញុំឈរស្អាតទេ? ញញឹមសមទេ? និយាយសមរម្យទេ?)។ នៅពេលចិត្តរបស់អ្នករវល់តែអើតមើលខ្លួនឯងបែបនេះ វាក៏គ្មានកន្លែងសម្រាប់កត់ចំណាំឈ្មោះអ្នកដទៃឡើយ។
និយាយឱ្យសាមញ្ញ៖ អ្នកភ្លេចឈ្មោះគេ ព្រោះពេលនោះអ្នកកំពុងគិតតែពី “ខ្លួនឯង”។
២. ចិត្តយល់ថា “មិនសំខាន់” បើវាមានអារម្មណ៍ថា ម្នាក់នោះមិនមានឥទ្ធិពល ឬមិនសំខាន់ដល់ជីវិតអ្នកទេ វានឹងមិនកត់ចំណាំឈ្មោះគេឡើយ។ អ្នកចាំតែឈ្មោះមនុស្សដែលអ្នកចាប់អារម្មណ៍ខ្លាំង ឬខ្លាចខ្លាំងប៉ុណ្ណោះ ព្រោះវាមានអារម្មណ៍មកពាក់ព័ន្ធ។
៣. ចាប់អារម្មណ៍លើ “ចរិត” ជាង “ឈ្មោះ”៖ ឈ្មោះគ្រាន់តែជាពាក្យសម្គាល់ខាងក្រៅ វាមិនមែនជាអត្តសញ្ញាណពិតរបស់មនុស្សឡើយ។ បើអ្នកជាមនុស្សដែលផ្ដោតលើ “អារម្មណ៍” ឬ “ចរិតមារយាទ” អ្នកនឹងចាំច្បាស់ថាគេជាមនុស្សបែបណា និយាយពីរឿងអ្វី តែអ្នកនឹងភ្លេចឈ្មោះគេភ្លាម ព្រោះខួរក្បាលអ្នកចាត់ទុកឈ្មោះថាជាព័ត៌មានមិនសំខាន់។
៤. ការការពារខ្លួន៖ ចំពោះមនុស្ស Introvert ការមិនចាំឈ្មោះគឺជាវិធីមួយដើម្បីរក្សាគម្លាត។ ហេតុផលបើអ្នកមិនចាំឈ្មោះគេ អ្នកក៍មិនអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយគេខ្លាំងដែរ។ វាគឺជារនាំង ដែលការពារអ្នកពីការមានទំនាក់ទំនងច្រើនពេកដែលនាំឱ្យហត់នឿយនឹងការរាប់អាន។
ដំណោះស្រាយតាមបែប Carl Jung
ដើម្បីចាំឈ្មោះគេបានល្អ អ្នកត្រូវប្តូរការចាប់អារម្មណ៍ពី «ការបារម្ភលើរូបរាងខ្លួនឯង» មកជា «ការចង់ស្គាល់គេដោយស្មោះ» វិញ។ កុំចាំឈ្មោះជាអក្សរ ប៉ុន្តែត្រូវ «បកប្រែឈ្មោះនោះឱ្យទៅជារូបភាព» ក្នុងខួរក្បាល (ដូចជាឈ្មោះ ផ្កា ត្រូវស្រមៃឃើញផ្កា) ព្រោះចិត្តយើងចាំរូបភាពបានច្បាស់ជាង។ ជាចុងក្រោយ ត្រូវចាត់ទុកថាការជួបគ្នាជា «និស្ស័យ» ដែលអាចផ្តល់ប្រយោជន៍ដល់ជីវិតអ្នក។ នៅពេលអ្នកផ្តល់តម្លៃឱ្យគេថាជាមនុស្សសំខាន់ ខួរក្បាលរបស់អ្នកនឹងប្រឹងចាំឈ្មោះគេដោយឯកឯង។