Home ទូទៅ ឈប់ធ្វើសកម្មភាពទាំងនេះ! បើមិនចង់ឱ្យជីវិតកាន់តែមានបន្ទុក

ឈប់ធ្វើសកម្មភាពទាំងនេះ! បើមិនចង់ឱ្យជីវិតកាន់តែមានបន្ទុក

នៅពេលដែលអ្នកកំពុងជួបវិបត្តិហិរញ្ញវត្ថុ ឬ «គ្មានលុយ» នោះគឺជាពេលវេលាដែលគ្រោះថ្នាក់បំផុតដែលអាចធ្វើឱ្យអ្នកធ្លាក់កាន់តែជ្រៅ ឬអាចជាពេលវេលាដែលអ្នករៀនសូត្របានច្រើនបំផុត។ ហើយដើម្បីកុំឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន នេះគឺជា រឿងហាមឃាត់ទាំង ៥ ដែលអ្នកមិនត្រូវធ្វើដាច់ខាត នៅពេលគ្មានលុយ៖

១. ហាមបង្កើតបំណុល ដើម្បី “សម្ភារៈនិយម”
កុំខ្ចីលុយគេ ឬបង់រំលស់សម្ភារៈនិយម ដើម្បីឱ្យគេមើលមកថាខ្លួនឡូយឱ្យសោះ។ ព្រោះការពិតទៅ ការធ្វើខ្លួនជាអ្នកមានទាំងដែលខ្លួនក្រ គឺជាមធ្យោបាយលឿនបំផុតដែលធ្វើឱ្យអ្នកកាន់តែមានជីវភាពលំបាក។ ហើយពេលបែបនេះកុំទាន់ខ្វល់ពី “មុខមាត់” គួរខ្វល់ពី “ក្រពះ” និង “អនាគត” សិន។

២. ហាមសាកល្បង “ល្បែងស៊ីសង” ដើម្បីប្តូរវាសនា
កុំសង្ឃឹមប្តូរវាសនាតាមរយៈការចាក់ឆ្នោត ឬល្បែងអនឡាញ។ ព្រោះល្បែងត្រូវបានបង្កើតឡើងដើម្បីយកលុយពីអ្នក មិនមែនឱ្យលុយអ្នកទេ។ ហើយការលេងល្បែងក្នុងពេលទាល់ច្រក គឺដូចជាការយកសាំងទៅចាក់លើភ្លើងអញ្ចឹង។

៣. ហាមចំណាយពេលជាមួយ “មិត្តភក្តិដែលចូលចិត្តចាយវាយ”
ហ៊ាននិយាយថា “ទេ” ចំពោះការផឹកស៊ី ឬការជួបជុំដែលហួសពីលទ្ធភាពរបស់អ្នក។ បើមិត្តភក្តិស្រឡាញ់អ្នកពិត គេនឹងយល់។ ចូរយកពេលវេលាដែលដើរលេងនោះ ទៅរកវិធីបង្កើតចំណូលវិញទើបជាការប្រសើរ។

៤. ហាមជឿលើ “ផ្លូវកាត់” (Scams)
កុំជឿលើការវិនិយោគណាដែលថា «ដាក់លុយតិច ចំណេញច្រើន ដោយមិនបាច់ធ្វើអ្វី»។ ចូរចងចាំថា “គ្មានអាហារថ្ងៃត្រង់ណាដែលហ្វ្រីទេ” បើវាស្រួលពេក វាគឺជាការបោកប្រាស់។

៥. ហាមដេកដួល ឬបន្ទោសព្រេងវាសនា
កុំអង្គុយតូចចិត្តនឹងវាសនា ព្រោះវាមិនបានជួយឱ្យលុយហូរចូលហោប៉ៅឡើយ។ ជំនួសឱ្យការយកថាមពលដែលអង្គុយបន្ទោសគ្រប់យ៉ាង មកគិតរកវិធីរកលុយឱ្យបាន ១ ដុល្លារដំបូងនៅថ្ងៃនេះវិញទើបជាការប្រសើរ។

សរុបមក «វិន័យ និងការទទួលស្គាល់ការពិត គឺជាជំហានដំបូងដែលនាំអ្នកឱ្យចាកចេញពីភាពក្រីក្រ។»