ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រើវិធានការណ៍ជួយសម្រួលដល់ប្រជាពលរដ្ឋដែលទិញលំនៅឋានប្រភេទបុរី ឬ ខុនដូ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន។ វាជួយដល់វិស័យអចលនទ្រព្យដោយការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រានៅលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋានជាលើកដំបូង (First-Time Home Buyer)។
អ្នកដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ មុនឆ្នាំ ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ក្នុងឆ្នាំ ២០២៥ នឹងទទួលបានការលើកលែងពន្ធបន្ទាប់ពីធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក។ បើមានតម្លៃលើស ២១ ម៉ឺនដុល្លារ អ្នកនឹងអាចដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ ម៉ឺនដុល្លារអាមេរិក។
ការលើកលែង និងអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។
បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់ថាការទិញលំនៅឋាននេះត្រូវទិញពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីនៅស្ថាប័នជាក់លាក់ និងក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាទិញ-លក់ឲ្យត្រឹមត្រូវ បញ្ជូនកិច្ចសន្យាទិញ-លក់ទៅកាន់រដ្ឋបាលសារពើពន្ធ។ ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ ឬមានបញ្ហាជាមួយម្ចាស់គម្រោង ត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិដោយវិធានការដោះស្រាយរបស់ក្រសួងឬស្ថាប័នមានសមត្ថកិច្ច។
លើសពីនេះទៅទៀតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបញ្ចាក់ថា ការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាពេលនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល ពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួចហើយទេ
ខាងក្រោមនេះគឺសារលិខិតដែលប្រកាសឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ