ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ 13% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ដោយ3ខែដំបូងនៃឆ្នាំ2025 ក្រុមហ៊ុនបានចែកចាយរថយន្តត្រឹមតែ 336,681 គ្រឿងប៉ុណ្ណោះ ដែលតិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន 50,000 គ្រឿង។
ការធ្លាក់ចុះនេះដោយសារមានការកើនឡើងនូវប្រតិកម្មប្រឆាំងនឹងលោក Elon Musk ដែលជាceo នៃក្រុមហ៊ុនTesla ក្នុងសកម្មភាពការចូលរួមរបស់លោកនៅក្នុងរដ្ឋបាល Trump ដោយអ្នកប្រឆាំងទាំងនោះបានធ្វើការបំផ្លិចបំផ្លាញរថយន្ត Tesla គ្រប់រូបភាព និងមានការកើនឡើងការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) ។
ដោយ Tesla ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តចិន BYD ដែលបានវ៉ាដាច់ Tesla ក្នុងការលក់រថយន្ត EV ទូទាំងពិភពលោក។ យ៉ាងណាមិញក្រុមហ៊ុន Tesla ក៏បានព្យាយាមពង្រីកការលក់នៅអឺរ៉ុបផងដែរ តែការលក់បានធ្លាក់ចុះ 49%។ ថែមពីនេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ 44% ពីកម្រិតកំពូលរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ 2024 ខណៈដែលអ្នកវិភាគបារម្ភថាភាពចម្រូងចម្រាសរបស់ Musk កំពុងធ្វើឱ្យម៉ាកយីហោបន្តធ្លាក់ចុះ។
លើសពីនេះទៀត ការយល់ឃើញអវិជ្ជមានរបស់ Musk ជាពិសេសនៅក្នុងរដ្ឋសេរី បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla ដែលធ្វើឱ្យមនុស្សជាច្រើនមិនពេញចិត្តនឹងគាត់ ធ្វើឱ្យអ្នកទិញរថយន្តនៅសហរដ្ឋអាមេរិកមិនពិចារណាម៉ាកយីហោនេះ នៅពេលដែលពួកគេចង់ទិញរថយន្ត។


