រឿងរ៉ាវរបស់ក្រុមហ៊ុន Tencent គឺជាដំណើរដ៏អស្ចារ្យរបស់លោក Ma Huateng ដែលជាស្ថាបនិក កាលឆ្នាំ ១៩៩៨ គាត់បានចាប់ផ្តើមបង្កើតកម្មវិធីផ្ញើសារឈ្មោះ QQ។ ហើយត្រូវបានគេរិះគន់យ៉ាងខ្លាំងថាលួចចម្លងកម្មវិធី ICQ របស់អាមេរិកមកធ្វើជា QQ ។ នៅពេលនោះ QQ មានអ្នកប្រើប្រាស់ច្រើន តែគ្មានចំណូលសោះ រហូតដល់ក្រុមហ៊ុនស្ទើរតែដួលរលំ។ ប៉ុន្តែចំណុចរបត់សំខាន់បានកើតឡើងនៅពេលដែលពួកគេរកឃើញវិធីរកលុយដ៏ឆ្លាតវៃ និងប្លែកគេ គឺការលក់ “សម្លៀកបំពាក់” (Avatar outfits) សម្រាប់តុក្កតាក្នុងកម្មវិធី QQ ជំនួសឱ្យការលក់ពាណិជ្ជកម្មដូចក្រុមហ៊ុនលោកខាងលិច ដែលធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញយ៉ាងមហាសាលពីយុវវ័យចិន។
បន្ទាប់មក Tencent បានពង្រីកខ្លួនក្លាយជាស្តេចហ្គេមពិភពលោក ដោយមិនត្រឹមតែបង្កើតហ្គេមខ្លួនឯងទេ តែបានទិញសិទ្ធិហ្គេមល្បីៗដូចជា League of Legends មកគ្រប់គ្រង។ នៅពេលទូរស័ព្ទដៃចាប់ផ្តើមពេញនិយម Pony Ma បានធ្វើការសម្រេចចិត្តដ៏ក្លាហានដោយបង្កើតកម្មវិធី WeChat ដើម្បីប្រកួតប្រជែងនឹង QQ របស់ខ្លួនឯង។ WeChat បានដោះស្រាយបញ្ហាការវាយអក្សរចិនដោយប្រើសារសំឡេង និងបានដាក់បញ្ចូលប្រព័ន្ធទូទាត់ប្រាក់ ដែលប្រែក្លាយវាទៅជា “Super App” មួយដែលអាចធ្វើអ្វីបានគ្រប់យ៉ាង ចាប់ពីហៅតាក់ស៊ី រហូតដល់បង់ថ្លៃទឹកភ្លើង។
ភាពជោគជ័យរបស់ Tencent អស្ចារ្យរហូតដល់សូម្បីតែ Elon Musk ក៏សរសើរមិនដាច់ពីមាត់ និងចង់កែប្រែកម្មវិធី X របស់លោកឱ្យទៅជា Super App ដូច WeChat ដែរ។ នេះបានបង្ហាញថា ពីក្រុមហ៊ុនដែលគេធ្លាប់មើលងាយថាជា “អ្នកលួចចម្លង” (Copycat) បច្ចុប្បន្ន Tencent បានក្លាយជាយក្សបច្ចេកវិទ្យាដែលពិភពលោកត្រូវរៀនសូត្រតាម។