មនុស្សគ្រប់រូបសុទ្ធតែមានភាពស្តាយក្រោយដែលខ្លួនធ្លាប់ធ្វើកាលពីអតីតកាល និងតាមបន្លាចគេនៅពេលដែលគេនឹកឃើញ។ ដោយសារបញ្ហានេះមានមនុស្សជាច្រើនចង់លុបបំបាត់វា ប៉ុន្តែអ្វីដែលកន្លងហួសហើយវាមិនអាចបកក្រោយ ឬលុបបំបាត់បានទេ តែអ្នកអាចរៀនដោះលែងវាតាមរយៈវិធីសាស្រ្ត 3 យ៉ាងខាងក្រោមនេះ៖
1. ទទួលយករឿងស្តាយក្រោយ៖ ទទួលស្គាល់រឿងដែលកន្លងហួសហើយ ទោះបីជាវាធ្វើឱ្យអ្នកស្តាយក្រោយចង់កែប្រែឡើងវិញក៏មិនបានដែរ ហើយត្រូវចងចាំថាគ្មានអ្វីដំណើរការដូចអ្វីដែលអ្នកបានគ្រោងទុកទាំងអស់នោះទេ ដូចនេះមានតែការទទួលស្គាល់ និងធ្វើរឿងបន្ទាប់ៗទៀតឱ្យកាន់តែល្អប្រសើរជាងមុន។
2. ស្វែងយល់ពីបទពិសោធន៍៖ សញ្ជឹងគិតអំពីអ្វីដែលការសោកស្ដាយបានបង្រៀនអ្នក និងរៀនពីវា ដើម្បីឱ្យសកម្មភាពបន្ទាប់របស់អ្នកមិនជាន់ដានចាស់ដែលអាចធ្វើឱ្យអ្នកស្តាយក្រោយបន្តទៀត ជាជាងអង្គុយស្តាយក្រោយពីអ្វីដែលមិនអាចកែខៃបាន។
3. អត់ទោសឱ្យខ្លួនឯង៖ កុំដាក់សម្ពាធលើខ្លួនឯងចំពោះរឿងដែលកើតឡើង ដោយអ្នកគ្មានចេតនានឹងឱ្យវាកើតឡើង។ ជំនួសឱ្យការស្តីបន្ទាសខ្លួនឯង អ្នកត្រូវលើកលែងនូវអ្វីដែលខ្លួនធ្វើខុសដោយរំលឹកខ្លួនឯងថា មនុស្សគ្រប់គ្នាតែងមានកំហុស។ ថែមពីនេះ បើអ្នកមិនអាចកែប្រែកំហុសនោះបាន នៅរឿងក្រោយៗទៀតអ្នកត្រូវធ្វើវាឱ្យល្អជាងមុន ដើម្បីប៉ះប៉ូវអ្វីដែលអ្នកបានធ្វើខុសពីមុនមក។
តាមរយៈការអនុវត្តជំហានទាំងនេះ អ្នកអាចរៀនដោះលែងបាននូវរឿងដែលអ្នកធ្លាប់ស្តាយក្រោយ និងធ្លាប់តែតាមបន្លាចចិត្តអ្នក ជំនួសមកវិញនូវអ្វីដែលនាំអ្នកទៅរកអ្វីដែលកាន់តែប្រសើរ ដើម្បីប៉ះប៉ូវចំពោះកំហុសពីមុន។