ឪពុកម្តាយគ្រប់រូបតែងស្រឡាញ់កូនរបស់ខ្លួន និងចង់ការពារកូនគ្រប់ពេលវេលា ប៉ុន្តែដើម្បីឱ្យកូនៗរបស់អ្នកមានភាពរឹងមាំ និងក្លាហានអ្នកត្រូវណែនាំ និងបណ្តោយឱ្យកូនដោះស្រាយបញ្ហា ហ៊ានប្រឈមមុខនឹងកំហុសដែលគេបានប្រព្រឹត្ត កូនអ្នកនឹងក្លាយជាក្មេងចេះរឹងមាំ និងធន់ទៅនឹងបញ្ហា។
ខាងក្រោមជាសកម្មភាពនៃការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សរឹងមាំ ហ៊ានប្រឈមមុខនឹងបញ្ហា៖
1.អនុញ្ញាតឱ្យកូនៗប្រឈមមុខនឹងបញ្ហា៖ ខណៈពេលដែលកុមារបានធ្វើខុសអ្វីមួយជំនួសឱ្យការស្តីបន្ទុសអ្នកត្រូវណែនាំពួកគេឱ្យដឹងពីអ្វីដែលគេបានធ្វើខុស ដោយសារភាពនៅកំហុស នោះនៅពេលក្រោយដែលគេបានធ្វើខុសគេនឹងហ៊ានប្រឈមមុខប្រាប់អ្នកនៅអ្វីដែលគេបានធ្វើខុស។ ទម្លាប់បែបនេះ យូរៗនឹងធ្វើឱ្យកូនរបស់អ្នកក្លាយជាមនុស្សមានទំនួលខុសត្រូវនៅអ្វីដែលគេបានប្រព្រឹត្ត។
2. បង្រៀនពួកគេក្នុងការដោះស្រាយបញ្ហា៖ នៅពេលដែលកូនមានបញ្ហាអ្វីមួយ ចូរអ្នកកុំដោះស្រាយឱ្យពួកគេភ្លាមៗ អ្នកត្រូវអនុញ្ញាតឱ្យពួកគេឱ្យស្វែងរកដំណោះស្រាយផ្ទាល់ខ្លួនឱ្យអស់ពីសមត្ថភាពជាមុនសិន រួចទើបអ្នកប្រាប់ណែនាំបន្ថែម ដើម្បីដោះស្រាយបន្ទាប់។
3. ប្រឈមមុខនឹងភាពបរាជ័យ៖ ប្រាប់ពួកគេឱ្យហ៊ានប្រឈមមុខនឹងភាពបរាជ័យ មិនថាការបានពិន្ទុទាបជាងគេរំពឹងទុក ឬអ្វីផ្សេងទៀតដែលធ្វើឱ្យពួកគេខកចិត្ត។ ចូរប្រាប់ពួកគេឱ្យហ៊ានប្រឈមមុខនឹងរឿងទាំងនោះ ដោយប្រាប់ថាវាមិនមែនជាទីបញ្ចប់នោះទេ ឱ្យតែកូនៗព្យាយាមធ្វើវាម្តងហើយម្តងទៀត កូននឹងអាចសម្រេចវាបាន។
4. លើកទឹកចិត្តឱ្យមានឯករាជ្យភាព៖ ចូរអនុញ្ញាតឱ្យកូនរបស់អ្នករៀនធ្វើកិច្ចការដែលមិនបង្កហានិភ័យដោយខ្លួនឯង និងប្រាប់ពីសកម្មភាពណាដែលពួកគេគួរតែរៀនធ្វើខ្លួនឯ។
5. បង្ហាញគំរូដល់កូនៗ៖ ដើម្បីឱ្យកូនៗអាចរឹងមំា អ្នកត្រូវបង្ហាញពីសកម្មភាពល្អៗ និងទម្លាប់ឯករាជ្យប្រចាំថ្ងៃឱ្យពួកគេឃើញ មិនតែប៉ុណ្ណោះអ្នកត្រូវប្រាប់ និងណែនាំបន្ថែមថាអ្វីដែលគេគួរតែប្រឈមមុខធ្វើដោយខ្លួនឯង។
ដើម្បីឱ្យកុមារនីមួយៗមានភាពរឹងមាំ និងក្លាហានគឺចាប់ផ្តើមពីសកម្មភាព និងការប្រាប់ណែនាំរបស់ឪពុកម្តាយទៅកាន់កូនៗ។ ថែមពីនេះ វាពិតជាសំខាន់ណាស់ បើកុមារនោះមានភាពរឹងមាំ និងក្លាហានក្នុងការធ្វើរឿងអ្វីមួយដោយខ្លួនឯ ដែលអាចជួយគេមានភាពវៃឆ្លាត និងឆាប់រីកចម្រើន។