ការគិតរបស់មនុស្សយើងម្នាក់ៗពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ បើសិនអ្នកជាមនុស្សមានការគិតវិជ្ជមានមិនថាអ្នកជួបបញ្ហាអ្វីនោះទេ អ្នកនឹងមានវិធីក្នុងការដោះស្រាយវាដោយសន្តិភាព ថែមទាំងរស់នៅដោយភាពរីករាយ។ ខាងក្រោមនេះ ជាទម្លាប់វិជ្ជមានទាំង 5 ដើម្បីធ្វើឱ្យការរស់នៅរបស់អ្នកមានសុខសុភមង្គល និងគ្មានភាពតានតឹង៖
1. ការដឹងគុណ៖ សម្លឹងមើលអ្វីដែលអ្នកឃើញ ជួបប្រទះ និងអ្វីផ្សេងៗទៀត រួចធ្វើការដឹងគុណចំពោះអ្វីដែលអ្នកមាន មិនថាជារឿងល្អ ឬអាក្រក់នោះទេ ថែមពីនេះរៀនចេះស្កប់ស្កល់នឹងអ្វីដែលអ្នកមាន វានឹងធ្វើឱ្យអ្នកចេះពេញចិត្ត និងរីករាយជាមួយនឹងអ្វីដែលអ្នកមាន។
2. អនុវត្តការគិតវិជ្ជមាន៖ មិនថាជួបបញ្ហាយ៉ាងណានោះទេ ចូររក្សាការគិតវិជ្ជមានជានិច្ច នោះអ្នកនឹងអាចឃើញដំណោះស្រាយបានឆាប់រហ័ស និងមិនបណ្តាលឱ្យស្ថានភាពនោះកាន់តែអាក្រក់ ជាងនេះទៅទៀត អ្នកនឹងអាចរកឃើញបញ្ហានោះជាឱកាសថែមទៀតផង។
3. ហ៊ុំព័ទ្ធខ្លួនអ្នកដោយភាពវិជ្ជមាន៖ ចូរចំណាយពេលវេលា និងហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សដែលមានកាតគិតវិជ្ជមាន ព្រោះថាបើទោះបីជាអ្នកមានការគិតវិជ្ជមាន តែបើអ្នកនៅជិតមនុស្សដែលមានការគិតអវិជ្ជមាន យូរៗទៅជីវិតអ្នកនឹងរងឥទ្ធិពលពីការគិតទាំងនោះ ដែលធ្វើឱ្យអ្នកមានភាពស្មុកស្មាញ។
4. សប្បុរសចំពោះខ្លួនឯង៖ នៅពេលអ្នកបានសាងកំហុសជំនួសឱ្យការរិះគន់ខ្លួនឯង និងសោកស្តាយចំពោះកំហុស អ្នកត្រូវបកមកប្រាប់ខ្លួនឯងការវាជាបទពិសោធន៍ និងមេរៀន ជាពិសេសគឺចង់ចាំវាទុកកុំឱ្យអ្នកបន្តប្រព្រឹត្តនៅថ្ងៃអនាគត។ល។
5. សម្រាកពីប្រព័ន្ធផ្សព្វផ្សាយសង្គម៖ នៅក្នុងបណ្តាញសង្គមមនុស្សជាច្រើនតែងបង្ហោះរឿងផ្សេងៗពីគ្នាទាំងវិជ្ជមាន និងអវិជ្ជមាន ដូចនេះដើម្បីកុំឱ្យអ្នករងឥទ្ធិពលពីវាដែលធ្វើឱ្យអ្នកស្មុកស្មាញ ឬស្រ្តេសទៅតាមនោះដែរ អ្នកត្រូវកាត់បន្ថយ ឬសម្រាកពីវាមួយរយៈ។ ប៉ុន្តែអ្នកអាចចំណាយពេលលើវាច្រើនដោយតាមដានអ្វីដែលកើនចំណេះដឹងដល់អ្នក ជាជាងរឿងអវិជ្ជមាន។
ទម្លាប់វិជ្ជមានមួយចំនួនខាងលើនេះនឹងអាចធ្វើឱ្យអ្នករស់នៅដោយសន្តិភាព និងរីករាយបានមួយផ្នែកធំ ដែលជួយអ្នកអាចកាត់បន្ថយភាពតានតឹង និងស្រេ្តសបានមួយផ្នែក ជាងនេះទៅទៀតវាជួយអ្នកបង្កើតជីវិតដែលមានសន្តិភាព រីករាយ និងការពេញលេញ។