spot_img
spot_img
Homeទូទៅទម្លាប់ទាំង 7យ៉ាងនឹងធ្វើឱ្យកូនរបស់អ្នកអស់ទំនុកចិត្តទៅលើខ្លួនឯង

ទម្លាប់ទាំង 7យ៉ាងនឹងធ្វើឱ្យកូនរបស់អ្នកអស់ទំនុកចិត្តទៅលើខ្លួនឯង

-

ការកសាងទំនុកចិត្តលើកុមារគឺជាដំណើរការសំខាន់ណាស់ដែលទាមទារឱ្យអ្នកមានភាពអត់ធ្មត់ ដោយចាប់ផ្តើមនូវទម្លាប់តូចៗបន្តិចម្តងៗ ដើម្បីឱ្យកូនរបស់អ្នកមានជំនឿទៅលើខ្លួនឯង ប៉ុន្តែសកម្មភាពមួយចំនួនក៏អាចបំផ្លាញភាពជឿជាក់ និងទំនុកចិត្តរបស់ខ្លួនគេផងដែរ មិនតែប៉ុណ្ណោះថែមទាំងរារាំងពួកគេមិនឱ្យមានភាពរីកចម្រើនថែមទៀតផង។

ខាងក្រោមនេះជាទម្លាប់នៃកម្មភាពមួយចំនួនដែលអ្នកជាឪពុកម្តាយគួរតែជៀសវាស៖

1. ការរិះគន់ឥតឈប់ឈរ

ការរិះគន់ ជាពិសេសនៅពេលអ្នកធ្វើការរិះគន់ខ្លាំង ឬញឹកញាប់ ទៅលើកូនរបស់អ្នកអាចធ្វើឱ្យគេមានភាពសង្ស័យទៅលើសមត្ថភាពរបស់ពួកគេ និងមានអារម្មណ៍ថាខ្លួនគេមិនល្អគ្រប់គ្រាន់។ ដូចនេះអ្នកគួរតែកែប្រែការរិះគន់ជំនួសដោយការឱ្យយោបល់ ផ្តល់មតិស្ថាបនាទើបមានប្រសិទ្ធភាពជាង ក្នុងការជួយកូនរបស់អ្នកឱ្យមានភាពរីកចម្រើន។

2. ការប្រៀបធៀបទៅនឹងអ្នកដទៃ

នៅពេលអ្នកធ្វើការប្រៀបធៀបកូនរបស់អ្នកជាមួយនឹងបងប្អូនបង្កើត ឬមិត្តភ័ក្តិអាចធ្វើឱ្យគេមានអារម្មណ៍ថាពួកគេមិនល្អគ្រប់គ្រាន់ មិនតែប៉ុណ្ណោះថែមទាំងធ្វើឱ្យគេមានការច្រណែនគ្នា ដែលអាចបង្កឱ្យមានភាពប៉ះទង្គិចគ្នារវាងបងប្អូន។ ដូចនេះហើយអ្នកគួរតែធ្វើការអបអរចំពោះភាពខ្លាំងរបស់កូន និងណែនាំ ឱ្យយោបល់បន្ថែមនូវអ្វីដែលគេខ្វះខាត ដើម្បីបង្កើតទំនុកចិត្តដល់កូនៗ។

3. ការមិនអើពើនឹងអារម្មណ៍របស់កូន

ការមិនអើពើ ឬមិនចាប់អារម្មណ៍ទៅនឹងអារម្មណ៍កូន វាអាចធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថាអ្នកមិនបានយកចិត្តទុកដាក់ ឬចាប់ទុកថាអារម្មណ៍ពួកគេមិនសំខាន់សម្រាប់អ្នក។ ការបន្តសកម្មភាពបែបនេះយូរៗទៅ អាចនាំឱ្យកូនរបស់អ្នកខ្វះទំនុកចិត្តទៅលើខ្លួនឯង និងពិបាកក្នុងការបញ្ចេញមតិទៅលើបញ្ហាអ្វីមួយ។ ដូចនេះអ្នកគួរធ្វើការឆ្លៀតពេលស្តាប់ និងយកចិត្តទុកដាក់ពីអារម្មណ៍របស់ពួកគេ ដែលនេះនឹងជំរុញឱ្យអ្នកមានទំនាក់ទំនងកាន់តែរឹងមាំជាមួយកូនៗ និងជួយពួកគេអភិវឌ្ឍភាពវៃឆ្លាតខាងអារម្មណ៍នៃសតិសម្បជញ្ញៈថែមទៀតផង។

4. កំណត់ការរំពឹងទុកខ្ពស់ពេក

កាលណាអ្នកបានកំណត់ការរំពឹងទុកខ្ពស់ពេកទៅលើកូនរបស់អ្នក នៅក្នុងការធ្វើអ្វីមួយ វានឹងធ្វើឱ្យកូនរបស់អ្នកអាចមានសម្ពាធដោយគេយល់ថាឪពុកម្តាយរបស់គេមានក្តីសង្ឃឹមខ្ពស់ទៅលើខ្លួនគេខ្លាំងណាស់ ដែលធ្វើឱ្យពួកគេភ័យខ្លាចថាអាចនឹងទទួលបានការបរាជ័យ។ នេះជាកត្តាដ៏ធំក្នុងការធ្វើឱ្យកូនៗរបស់អ្នកគេអស់ទំនុកចិត្ត និងគ្មានភាពជឿជាក់ទៅលើខ្លួនឯង។ ជំនួសឱ្យការរំពឹងខ្ពស់ទៅលើកូនៗខ្ពស់ពេក ដោយប្រែវាទៅជាការលើកទឹកចិត្ត និងផ្តល់កម្លំាងចិត្តទៅដល់គេ នោះកូនៗរបស់អ្នកគេនឹងមានភាពជឿជាក់ ថែមទាំងមានទំនុកចិត្តថាខ្លួនគេនឹងអាចធ្វើបាន និងទទួលបានលទ្ធផលល្អថែមទៀតផង។

5. ការការពារហួសហេតុ

ឪពុកម្តាយគ្រប់រូបតែងស្រឡាញ់កូន និងចង់ការពារកូនមិនឱ្យជួបនូវរឿង ឬបញ្ហាផ្សេងៗឡើយ។ ប៉ុន្តែប្រសិនបើអ្នកការពារកូនខ្លាំងពេក នៅពេលដែលគេចាប់ផ្តើមចង់ធ្វើអ្វីមួយមិនថាសកម្មភាពដែលធ្វើឱ្យគេមានការលូតលាស់រីកចម្រើន ដោយអ្នកខ្លាចថាគេអាចនឹងមានរបួស ក្នុងសកម្មភាពដែលគេធ្វើ ឬសកម្មភាពតូចធំផ្សេងៗទៀត។ ការការពារបែបនេះខ្លាំងពេក ប្រៀបបានដូចជារារាំងពួកគេពីការអភិវឌ្ឍជំនាញ ការសាកល្បង និងការដោះស្រាយបញ្ហាថ្មី។ ចំណុចនេះហើយវានឹងធ្វើឱ្យកូនរបស់អ្នកខ្វះទំនុកចិត្តក្នុងការសាកល្បងនូវអ្វីថ្មី នៅពេលដែលគេដល់ពេលវេលាដែលគួរតែចាប់ផ្តើម។ ដូចនេះអ្នកគួរបើកឱកាសឱ្យកូនរបស់អ្នកសាកល្បងធ្វើអ្វីថ្មី ដើម្បីឱ្យគេបង្កើនទំនុកចិត្ត និងមានភាពជឿជាក់ ថែមទាំងមានការលូតលាស់រីកចម្រើនតទៅមុខទៀត។

6. មិនឲ្យតម្លៃចំពោះការសរសើរ ឬការទទួលស្គាល់

នៅពេលអ្នកមិនបានធ្វើការកោតសសើរទៅលើសមិទ្ធផលរបស់កូនៗមិនថាសមិទ្ធផលនោះជាលទ្ធផលតូច ឬធំនោះទេ វាអាចធ្វើឱ្យកូនៗរបស់អ្នកមានអារម្មណ៍ថាគេធ្វើមិនបានល្អគ្រប់គ្រាន់ នោះគេនឹងមានភាពសង្ស័យទៅលើសម្ថភាព និងអស់ជំនឿទៅលើខ្លួនឯង។ ដូចនេះនៅពេលដែលកូនរបស់អ្នកសម្រេចបានសមិទ្ធផលអ្វីមួយមិនថាតូច ឬសាមញ្ញយ៉ាងណានោះទេ អ្នកគួរតែធ្វើការកោតសសើរទៅលើលទ្ធផលដែលគេទទួលបាន វានឹងធ្វើឱ្យកូនរបស់អ្នកកាន់តែមានទំនុកចិត្តទៅលើខ្លួនគេថែមមួយកម្រិតទៀត។

7. ការប្រើភាសាអវិជ្ជមាន

ប្រសិនបើអ្នកតែងតែប្រើប្រាស់ភាសាមិនសមរម្យ ឬអវិជ្ជមានទៅលើកូនៗជារឿយៗ វាធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់ពួកគេ។ ការប្រើភាសានិយាយបែបអវិជ្ជមានធ្វើឱ្យពួកគេសង្ស័យទៅលើសមត្ថភាព និងតម្លៃរបស់ពួកគេ យូរៗទៅកូនៗអ្នកអាចនឹងមិនមានកម្លាំងចិត្តក្នុងការសាកល្បងអ្វីថ្មី ដោយគេមិនជឿជាក់ទៅលើខ្លួនឯង។ ដូច្នោះហើយអ្នកគួរតែប្រើប្រាស់ពាក្យសម្តី ឬការផ្តល់យោបល់ជាភាពវិជ្ជមានទៅលើកូនរបស់អ្នក ដើម្បីឱ្យគេមានទំនុកចិត្ត និងភាពជឿជាក់នៅក្នុងការធ្វើអ្វីមួយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ