មនុស្សភាគច្រើនគិតថា «សំណាង» ជារឿងចៃដន្យ ឬជាព្រហ្មលិខិតដែលកំណត់មកពីលើមេឃ។ ប៉ុន្តែតាមការសិក្សារបស់អ្នកស្រាវជ្រាវ (ដូចជាលោក Dr. Richard Wiseman) បានរកឃើញថា សំណាងគឺជា «ជំនាញ» ដែលអ្នកអាចបង្កើតវាបានដោយខ្លួនឯង។ នេះគឺជា វិធីសាស្រ្តដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សសំណាង៖
១. សំណាង = ការត្រៀមខ្លួន + ឱកាស
នេះគឺជាច្បាប់សំខាន់បំផុត។ ឱកាស តែងតែហោះកាត់មុខយើងរាល់ថ្ងៃ។ ប៉ុន្តែបើអ្នកគ្មាន ការត្រៀមខ្លួន (ចំណេះដឹង, ជំនាញ, លុយ) អ្នកនឹងចាប់វាមិនបាន ហើយអ្នកនឹងហៅវាថា “គ្មានសំណាង”។ ដូចនេះកុំរង់ចាំទាល់តែឱកាសមកដល់ទើបប្រឹងរៀន។ ចូររៀនភាសា រៀនជំនាញ និងសន្សំលុយទុកជាមុន។ ពេលឱកាសមកដល់ អ្នកគ្រាន់តែលូកដៃចាប់យកវា នោះគេនឹងហៅអ្នកថា “សំណាង” ហើយ។
២. ដាក់ខ្លួនឯងទៅក្នុង «តំបន់នៃឱកាស»
អ្នកមិនអាចមានសំណាងបានទេ បើអ្នកនៅសម្ងំតែក្នុងបន្ទប់។ ព្រោះសំណាងតែងតែមកតាមរយៈ «មនុស្ស»។ដូចនេះចេញទៅក្រៅ ជួបមនុស្សថ្មីៗ ចូលរួមសិក្ខាសាលា ឬកម្មវិធីសង្គមឱ្យបានច្រើន។ ដូចដែលគេថា កាលណាអ្នកស្គាល់មនុស្សកាន់តែច្រើន ភាគរយនៃឱកាសល្អៗ (ការងារ, ដៃគូរកស៊ី, ព័ត៌មានសំខាន់) នឹងហូរចូលមកកាន់តែច្រើន។
៣. ជឿជាក់លើ «ញាណ» របស់ខ្លួនឯង
មនុស្សសំណាងតែងតែពូកែស្តាប់សំឡេងក្នុងចិត្តរបស់ខ្លួនឯង។ ការសិក្សាមួយបានបង្ហាញថាខួរក្បាលរបស់យើងចងចាំទិន្នន័យរាប់លានដែលយើងមិនដឹងខ្លួន។ ដូចនេះរៀនបើចិត្តរបស់អ្នកប្រាប់ថាវាជាឱកាសល្អ និងហ៊ានប្រថុយសាកល្បង។ ហើយកុំគិតច្រើនពេក (Overthinking) ព្រោះជារឿយៗវានឹងធ្វើឱ្យសំណាងរបូតបាត់ទៅវិញ។
៤. មើលឃើញ «ភាពវិជ្ជមាន» ក្នុងរឿងអាក្រក់
នេះជាអ្វីដែលធ្វើឱ្យមនុស្សសំណាង ខុសពីមនុស្សស៊យ។ ឧទាហរណ៍ៈ ក្នុងស្ថានការណ៍ជិះកង់ដួលបាក់ជើង។ មនុស្សស៊យ “ហេតុអ្វីខ្ញុំស៊យម្ល៉េះ? ជីវិតនេះចប់ហើយ!” (បាក់ទឹកចិត្ត)។ ប៉ុន្តែមនុស្សសំណាងនឹងថា “សំណាងហើយដែលគ្រាន់តែបាក់ជើង មិនបាក់កស្លាប់។ ពេលសម្រាកព្យាបាលនេះ ខ្ញុំមានពេលអានសៀវភៅល្អៗជាច្រើនដែលខ្ញុំមិនដែលបានអាន”។ល។ ផ្នត់គំនិតនេះធ្វើឱ្យពួកគេឆាប់ងើបឈរ និងរកឃើញឱកាសថ្មីៗក្នុងវិបត្តិ។
៥. ធ្វើល្អដាក់អ្នកដទៃ (បង្កើតកម្មផលល្អ)
នៅក្នុងសង្គម “សំណាង” គឺជាការតបស្នង។ ការដែលជួយអ្នកដទៃដោយមិនរំពឹងផលតបស្នង។ ថ្ងៃណាមួយ នៅពេលអ្នកត្រូវការជំនួយ មនុស្សទាំងនោះនឹងនាំឱកាស ឬដំណោះស្រាយមកឱ្យអ្នកវិញយ៉ាងភ្ញាក់ផ្អើល។ល។
សរុបមក «សំណាងមិនមែនជាអ្វីដែលកើតឡើងចំពោះអ្នកទេ សំណាងគឺជាអ្វីដែលអ្នកបង្កើតវាឡើង។» បើអ្នកចង់បានសំណាងក្នុងជីវិត អ្នកត្រូវតែធ្វើខ្លួនឱ្យសកម្ម រៀនសូត្រ និងបើកចិត្ត ជាមុនសិន។