ការធ្លាក់ក្នុងបំណុលគឺជាបន្ទុកផ្លូវចិត្ត និងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនជាទីបញ្ចប់នោះទេ។ ការចាកចេញពីបំណុលទាមទារនូវផែនការយុទ្ធសាស្ត្រ និងវិន័យតឹងរ៉ឹង។ ខាងក្រោមនេះជាវិធីសាស្រ្តសំខាន់ៗ ៥ យ៉ាងដែលអ្នកអាចអនុវត្តដើម្បីរំដោះខ្លួនចេញពីបំណុល៖
១. វាយតម្លៃស្ថានភាពបំណុលរបស់អ្នកឲ្យបានច្បាស់
ជំហានដំបូងគឺត្រូវដឹងច្បាស់ពីស្ថានភាពរបស់អ្នក។ កុំខ្លាចក្នុងការប្រឈមមុខនឹងការពិត។ ដំបូងអ្នកត្រូវរាយបញ្ជីបំណុលទាំងអស់ដែលអ្នកមាន (ប័ណ្ណឥណទាន កម្ចីផ្ទាល់ខ្លួន កម្ចីធនាគារ) រួចត្រូវកត់ត្រា ចំនួនបំណុលសរុប អត្រាការប្រាក់ និង ចំនួនទឹកប្រាក់ដែលត្រូវបង់ប្រចាំខែ។
២. ជ្រើសរើសយុទ្ធសាស្ត្រសងបំណុល
នៅពេលអ្នកដឹងពីព័ត៌មានលម្អិតនៃបំណុលហើយ អ្នកអាចជ្រើសរើសវិធីសាស្ត្រដែលជំរុញកម្លាំងចិត្តរបស់អ្នកបំផុតដូចជា៖
- វិធីសាស្ត្របំណុលព្រិល (Debt Snowball) ដោយផ្តោតលើការបង់ផ្តាច់បំណុលដែលមាន ចំនួនតិចបំផុតជាមុនសិន ដែលមិនគិតពីអត្រាការប្រាក់។ នៅពេលបំណុលតូចត្រូវបានបង់ផ្តាច់ អ្នកនឹងមានកម្លាំងចិត្តដើម្បីបន្តទៅបំណុលបន្ទាប់ទៀត។
- វិធីសាស្ត្របំណុលភ្នំទឹកកក (Debt Avalanche): ផ្តោតលើការបង់ផ្តាច់បំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតជាមុនសិន។ វិធីនេះជួយសន្សំប្រាក់សរុបលើការប្រាក់បានច្រើនបំផុត។
៣. បង្កើនប្រភពចំណូល
ដើម្បីបង់បំណុលបានលឿនជាងមុន អ្នកត្រូវជំរុញលំហូរសាច់ប្រាក់របស់អ្នកបន្ថែម។ ដោយរកឱកាសដើម្បីទទួលបានចំណូលបន្ថែម (Side Hustle) ដូចជាការធ្វើការក្រៅម៉ោង ឬការលក់របស់របរដែលមិនប្រើប្រាស់តាមអនឡាញ។
៤. កាត់បន្ថយការចំណាយដែលមិនចាំបាច់
ការចាកចេញពីបំណុលទាមទារការលះបង់បណ្តោះអាសន្ន។ អ្នកត្រូវរកឲ្យឃើញនូវចំណាយដែលមិនចាំបាច់ ហើយកាត់បន្ថយវា ដូចជាការកាត់បន្ថយការចំណាយលើការកម្សាន្ត ការញ៉ាំអាហារនៅក្រៅផ្ទះ ឬការទិញទំនិញតាមអារម្មណ៍។ ហើយដើម្បីកាត់បន្ថយវាបានអ្នកត្រូវកំណត់ថវិកាឲ្យតឹងរ៉ឹងបំផុតសម្រាប់ចំណាយទាំងនោះ។
៥. កសាងមូលនិធិសង្គ្រោះបន្ទាន់
នៅពេលដែលអ្នកមានបំណុល អ្នកអាចគិតថាការបង់ផ្តាច់បំណុលគឺសំខាន់ជាងអ្វីៗទាំងអស់។ ប៉ុន្តែការគ្មានមូលនិធិសង្គ្រោះបន្ទាន់ នឹងធ្វើឲ្យអ្នកងាយខ្ចីលុយម្តងទៀតនៅពេលមានបញ្ហាបន្ទាន់។ ដូចនេះមិនថាស្ថិតក្នុងកាលៈទេសៈអ្វីនោះទេ អ្នកត្រូវសន្សំលុយតិចតួចត្រៀមបម្រុងពេលបន្ទាន់ ជៀសវាងការផុងខ្លួនចូលទៅក្នុងបំណុលម្តងហើយម្តងទៀត។
សរុបមក ការរំដោះខ្លួនចេញពីបំណុលគឺជាដំណើរមួយដែលទាមទារ វិន័យ ផែនការ និង ការតាំងចិត្ត។ ការអនុវត្តវិធីសាស្រ្តទាំងនេះជាប់លាប់ នឹងជួយអ្នកឲ្យមានការគ្រប់គ្រងពេញលេញលើជីវិតហិរញ្ញវត្ថុរបស់អ្នក និងសម្រេចបានសេរីភាពដែលអ្នកចង់បាន។

