ការកសាងបណ្តាញទំនាក់ទំនង គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់សហគ្រិន។ ប៉ុន្តែសហគ្រិនជាច្រើនតែងតែធ្វើកំហុសមួយចំនួនដែលធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការកសាងទំនាក់ទំនងដ៏មានតម្លៃ។
ខាងក្រោមនេះជាកំហុសធំៗទាំង ៥ ដែលអ្នកគួរជៀសវាង៖
១. ផ្តោតតែលើការលក់ ឬការស្នើសុំ
កំហុសដ៏ធំបំផុតគឺការមើលឃើញអ្នកដទៃជាអតិថិជន ឬជាធនធានភ្លាមៗ។ ការចាប់ផ្តើមទំនាក់ទំនងដោយការជំរុញឲ្យពួកគេទិញភ្លាមៗ នឹងធ្វើឲ្យគេមានអារម្មណ៍ថាអ្នកគិតតែពីចង់ផ្សព្វផ្សាយលក់ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងចង់នឹងងាកចេញពីអ្នក។
អ្វីដែលត្រូវធ្វើ: រាប់អានឱ្យមានភាពស្និតស្នាលស្គាល់ចិត្តគ្នាទៅវិញទៅមក សឹបចាប់ផ្តើមណែនាំពេលអ្វីដែលអ្នកលក់។
២. មិនស្តាប់ឲ្យបានស៊ីជម្រៅ
មនុស្សតែងតែចង់ឲ្យគេស្តាប់ពីបញ្ហាឬមហិច្ឆតារបស់ពួកគេ។ ប៉ុន្តែសហគ្រិនមួយចំនួនតែងធ្វើខុសដោយរង់ចាំតែវេននិយាយរបស់ខ្លួនឯង ហើយមិនបានចាប់អារម្មណ៍ពិតប្រាកដលើអ្វីដែលអ្នកដទៃកំពុងនិយាយ។
អ្វីដែលត្រូវធ្វើ: ត្រូវស្តាប់ដោយយកចិត្តទុកដាក់ ថែមពីនេះបើអាចសួរសំណួរដែលបង្ហាញពីការចាប់អារម្មណ៍ពិតប្រាកដអាចកសាងភាពទុកចិត្តបានលឿនជាងមុន។
៣. មិនតាមដានទំនាក់ទំនង
ការចូលរួមកម្មវិធីមួយហើយប្រមូលនាមប័ណ្ណ ១០ សន្លឹក គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ តម្លៃពិតប្រាកដនៃ Networking គឺស្ថិតនៅលើការរក្សាទំនាក់ទំនង។
អ្វីដែលត្រូវធ្វើ: ត្រូវមានផែនការតាមដាន ដោយផ្ញើសារខ្លីៗមួយថ្ងៃឬពីរថ្ងៃក្រោយមក ដើម្បីបន្តការសន្ទនា ឬផ្តល់នូវអត្ថបទ ឬគំនិតដែលមានប្រយោជន៍ដល់ពួកគេ។
៤. មិនកំណត់គោលដៅច្បាស់លាស់
ការទៅចូលរួមកិច្ចប្រជុំឬកម្មវិធីផ្សេងៗដោយគ្មានគោលដៅច្បាស់លាស់ អាចធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលា ដោយមិនបានទទួលផលប្រយោជន៍អ្វីមកវិញ។
អ្វីដែលត្រូវធ្វើ: ត្រូវកំណត់ថា តើអ្នកត្រូវការជួបមនុស្សប្រភេទណា? (ឧទាហរណ៍៖ អ្នកណែនាំ អ្នកវិនិយោគ ឬអ្នកជំនាញផ្នែកទីផ្សារ) ហើយត្រូវសិក្សាពីអ្នកដែលអ្នកនឹងជួបមុននឹងទៅដល់កម្មវិធី។
៥. កសាងទំនាក់ទំនងមិនស៊ីសង្វាក់គ្នា
ការបង្ហាញភាពខុសគ្នារវាងអាកប្បកិរិយារបស់អ្នកនៅលើបណ្តាញសង្គម និងពេលជួបផ្ទាល់អាចបំផ្លាញទំនុកចិត្ត ដូចនេះភាពស្មោះត្រង់ និងអាកប្បកិរិយាទំនាក់ទំនងគឺសំខាន់ណាស់។
អ្វីដែលត្រូវធ្វើ: ត្រូវមានភាពស្មោះត្រង់ និងស៊ីសង្វាក់គ្នាជានិច្ចក្នុងការទំនាក់ទំនង។ ពីព្រោះថាទំនាក់ទំនងត្រូវបានកសាងឡើងដោយភាពស្មោះត្រង់ មិនមែនដោយការលេងសើចនោះទេ។
ជារួម ការកសាងបណ្តាញទំនាក់ទំនង គឺជាការវិនិយោគរយៈពេលវែងលើមនុស្ស។ ដោយជៀសវាងកំហុសទាំង ៥ នេះ ហើយផ្តោតលើការផ្តល់តម្លៃ និងភាពស្មោះត្រង់ អ្នកនឹងអាចកសាងបណ្តាញទំនាក់ទំនងដ៏រឹងមាំដែលនាំមកនូវឱកាសអាជីវកម្មជាច្រើន។