Home ទូទៅ តើចិនប្រើល្បិចអ្វី? ទោះគ្មានឈីបទំនើប ក៏នៅតែអាចនាំមុខអាមេរិកផ្នែក AI!

តើចិនប្រើល្បិចអ្វី? ទោះគ្មានឈីបទំនើប ក៏នៅតែអាចនាំមុខអាមេរិកផ្នែក AI!

អ្នកជំនាញបច្ចេកវិទ្យាល្បីៗជាច្រើន (រួមទាំងអតីត CEO របស់ Google) បានលើកឡើងថា ប្រទេសចិនអាចនឹងឈ្នះក្នុងការប្រណាំងប្រជែង AI រួចទៅហើយ ដោយសារពួកគេមិនបានផ្ដោតលើតែ “បន្ទះឈីប” តែផ្ដោតលើ “ការបណ្ដុះធនធានមនុស្ស” និង “ការកាត់បន្ថយចំណាយ”។ ខណៈដែលលោកខាងលិចព្យាយាមបិទផ្លូវមិនឱ្យចិនទិញឈីប ចិនបែរជាមានប្រៀបជាងវិញ ដោយសារយុទ្ធសាស្ត្របណ្ដុះវិស្វកររាប់លាននាក់ ដែលគ្មាននរណាអាចរារាំងបាន។

ផែនការទេពកោសល្យ និងយុទ្ធសាស្ត្រថ្មី អស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ ប្រទេសចិនបានដំណើរការកម្មវិធីមួយហៅថា “Genius Plan” (ផែនការទេពកោសល្យ) ដែលស្វែងរកសិស្សវិទ្យាល័យឆ្នើមៗប្រហែល ១០០,០០០ នាក់ជារៀងរាល់ឆ្នាំ ដើម្បីបណ្តុះបណ្តាលពួកគេក្នុងផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រកម្រិតខ្ពស់។ សិស្សទាំងនេះត្រូវបានបញ្ជូនបន្តទៅសាកលវិទ្យាល័យកំពូលៗ ហើយក្រោយមកក្លាយជាវិស្វករស្នូលនៅក្រុមហ៊ុនយក្សដូចជា ByteDance, Alibaba, និង DeepSeek។ លទ្ធផលគឺចិនផលិតបាននិស្សិតជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម) ប្រហែល ៥ លាននាក់ក្នុងមួយឆ្នាំ ខណៈសហរដ្ឋអាមេរិកមានត្រឹមតែ ៥ សែននាក់ប៉ុណ្ណោះ។ នេះគឺជា “បំពង់បង្ហូរធនធានមនុស្ស” ដែលអាមេរិកមិនអាចគៀបសង្កត់បាន។

ចំណុចសំខាន់មួយទៀតគឺការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយអតីត CEO របស់ Google លោក Eric Schmidt បានទទួលស្គាល់ថា ការរឹតត្បិតបន្ទះឈីបរបស់អាមេរិកមិនបានធ្វើឱ្យចិនទាល់ច្រកឡើយ ប៉ុន្តែបែរជាជំរុញឱ្យចិនងាកទៅពង្រឹង AI ក្នុងវិស័យវិស័យជាក់ស្តែង ដូចជា រោងចក្រ គ្រឿងយន្ត និងឡានអគ្គិសនី ជំនួសឱ្យការដេញតាមបង្កើត AI ឆ្លាតដូចមនុស្ស (AGI) ដូចអាមេរិក។