ក្នុងសម័យកាលដែលអ្វីៗក៏លឿន ហើយមាន AI ជួយធ្វើការជំនួសបែបនេះ មនុស្សជាច្រើនចាប់ផ្ដើមចោលសៀវភៅ។ ប៉ុន្តែការពិត ការអានមិនមែនត្រឹមតែដើម្បីដឹងព័ត៌មាននោះទេ តែវាគឺជាលំហាត់ប្រាណខួរក្បាល តែមួយគត់ដែលជួយបង្កើនការច្នៃប្រឌិត និងការគិតដែល AI មិនអាចធ្វើដូចបាន។ ខាងក្រោមនេះជាមូលហេតុដែលការអានផ្លាស់ប្តូរខួរក្បាល
១. ការអានគឺជាការហ្វឹកហាត់ខួរក្បាល៖ ការអានមិនមែនជាជំនាញដែលមានស្រាប់ពីកំណើតដូចជាការនិយាយនោះទេ។ វាគឺជាលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់ខួរក្បាល។ នៅពេលអ្នកអាន ខួរក្បាលត្រូវធ្វើការងារធ្ងន់ដើម្បីភ្ជាប់ផ្នែកមើលឃើញ និងផ្នែកគិតបញ្ចូលគ្នា។ ការធ្វើបែបនេះញឹកញាប់ នឹងធ្វើឱ្យខួរក្បាលបង្កើតបណ្តាញសរសៃប្រសាទថ្មីៗ ដែលជួយឱ្យអ្នក ឆ្លាតជាងមុន និងគិតបានរហ័សជាងមុន។
២. ការអានជួយដាស់ “ការច្នៃប្រឌិត”៖ ការអានសៀវភៅបង្ខំឱ្យខួរក្បាលបង្កើតរូបភាពថ្មីៗដោយខ្លួនឯង។ នៅពេលអ្នកអាន ខួរក្បាលរបស់អ្នកត្រូវដើរតួជាអ្នកដឹកនាំរឿង ដើម្បីស្រមៃពីសកម្មភាព និងអារម្មណ៍របស់តួអង្គ។ ដំណើរការនេះហើយគឺជាការហ្វឹកហាត់ការច្នៃប្រឌិតឱ្យកាន់តែមុតស្រួច។
៣. កុំឱ្យ AI ធ្វើជា “ខួរក្បាល” ជំនួសអ្នក៖ ការប្រើ AI ឱ្យសង្ខេបអត្ថបទ ឬសរសេរជំនួសអ្នករហូត គឺប្រៀបដូចជាការ «ជួលគេឱ្យទៅហាត់ប្រាណជំនួសអ្នក» អញ្ចឹង។ បើអ្នកពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ខួរក្បាលរបស់អ្នកនឹងខ្ជិល ហើយបាត់បង់សមត្ថភាពក្នុងការគិតរកគំនិតថ្មីៗដោយខ្លួនឯង។ AI អាចជួយសម្រាលការងារ តែការអានដោយខ្លួនឯងនឹងជួយពង្រឹងខួរក្បាលរបស់អ្នក។
៤. ចេះប្រើបច្ចេកវិទ្យា តែមិនបោះបង់ការអាន៖ គោលដៅពិតប្រាកដ មិនមែនឱ្យអ្នកឈប់ប្រើបច្ចេកវិទ្យា ឬ AI នោះទេ ប៉ុន្តែគឺការចេះប្រើវាឱ្យត្រូវតាមកាលៈទេសៈ។ អ្នកត្រូវចេះប្រើបច្ចេកវិទ្យាដើម្បីភាពរហ័ស តែត្រូវរក្សាការអានសៀវភៅដើម្បីភាពសុីជម្រៅនៃគំនិត។ ត្រូវចាំថា ប្រើ AI ដើម្បីជួយពង្រីកសមត្ថភាពអ្នកឱ្យកាន់តែខ្លាំង មិនមែនប្រើវាដើម្បីជំនួសខួរក្បាលរបស់អ្នកឡើយ។
ជារួម នៅឆ្នាំ ២០២៦ ខណៈដែលគ្រប់គ្នាជក់តាមដានតែរឿងខ្លីៗ អ្នកដែលបន្ត អានសៀវភៅ គឺជាអ្នកក្តាប់ជោគជ័យ។ ដើម្បីឱ្យខួរក្បាលមាន “បញ្ញាមុតស្រួច” អ្នកគួរចំណាយពេល ២០ នាទីក្នុងមួយថ្ងៃ ដើម្បីអាន និងសាកល្បង សរសេរកត់ត្រាដោយដៃ។ ការអានធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដែលពូកែភ្ជាប់គំនិត និងមានការច្នៃប្រឌិតខ្ពស់ជាងគេ។