spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងនៅមានរឿងជាច្រើនទៀតដែលអ្នកអាចមិនទាន់ដឹង! តែ ១០ មេរៀនជីវិតនេះ អ្នកគួរតែដឹងឱ្យបានឆាប់បំផុត ដើម្បីឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ

នៅមានរឿងជាច្រើនទៀតដែលអ្នកអាចមិនទាន់ដឹង! តែ ១០ មេរៀនជីវិតនេះ អ្នកគួរតែដឹងឱ្យបានឆាប់បំផុត ដើម្បីឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ

-

ជីវិតប្រៀបបានដូចជាសាលារៀនដ៏ធំមួយ ហើយយើងគ្រប់គ្នាត្រូវរៀនមេរៀនថ្មីៗជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ មានមេរៀនសំខាន់ៗមួយចំនួនដែលប្រសិនបើយើងដឹងកាន់តែឆាប់ នោះជីវិតរបស់យើងនឹងកាន់តែប្រសើរឡើង ហើយយើងអាចជៀសវាងការសោកស្ដាយបានច្រើន។

១. សុភមង្គលគឺស្ថិតនៅក្នុងខ្លួនអ្នក មិនមែននៅខាងក្រៅឡើយ
មនុស្សជាច្រើនគិតថាសុភមង្គល និងភាពរីករាយទាល់តែកើតចេញពីលុយ កេរ្តិ៍ឈ្មោះ របស់របរ ឬមនុស្សដទៃ។ ប៉ុន្តែការពិតសុភមង្គលពិតប្រាកដកើតចេញពី សន្តិភាពក្នុងចិត្ត ការដឹងគុណ និងការពេញចិត្តនឹងអ្វីដែលអ្នកមាន។

២. ការបរាជ័យគឺជាគ្រូដ៏ល្អបំផុតរបស់អ្នក
គ្មាននរណាម្នាក់ចង់បរាជ័យនោះទេ ប៉ុន្តែរាល់ការបរាជ័យសុទ្ធតែជា មេរៀនដ៏មានតម្លៃ។ វាបង្រៀនអ្នកពីអ្វីដែលត្រូវកែលម្អ ផ្តល់បទពិសោធន៍ និងធ្វើឱ្យអ្នកកាន់តែរឹងមាំ។ ដូចនេះកុំខ្លាចនឹងបរាជ័យ តែត្រូវខ្លាចការមិនហ៊ានសាកល្បង ឬមិនរៀនពីកំហុសរបស់អ្នក នេះទើបជាអ្វីដែលគួរឱ្យខ្លាច ពីព្រោះវាជាសកម្មភាពដែលធ្វើឱ្យអ្នកជាប់គាំង។

៣. ពេលវេលាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត
អ្នកនៅតែអាចរកលុយបាន ដរាបណាអ្នកនៅមានជីវិត ប៉ុន្តែអ្នកមិនអាចរកពេលវេលាដែលកន្លងផុតទៅបានឡើយ។ មនុស្សជាច្រើនខ្ជះខ្ជាយពេលវេលាលើរឿងដែលមិនសំខាន់ រហូតភ្លេចពីអ្វីដែលពិតជាមានតម្លៃ។ ចូរប្រើប្រាស់ពេលវេលារបស់អ្នកដោយឈ្លាសវៃ ផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក និងរស់នៅឱ្យមានអត្ថន័យ។

៤. ថែរក្សាសុខភាពរបស់អ្នកជាមុនសិន
សុខភាពល្អគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់។ បើគ្មានសុខភាពល្អទេ អ្នកមិនអាចសម្រេចក្តីសុបិន ភាពរីករាយក្នុងជីវិត ឬធ្វើការងារបានល្អឡើយ។ ដូចនេះ ចូរវិនិយោគលើសុខភាពរបស់អ្នក ដោយការហាត់ប្រាណទៀងទាត់ ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ និងគេងឱ្យបានគ្រប់គ្រាន់។

៥. ទំនាក់ទំនងល្អមានតម្លៃលើសលុយ
មនុស្សដែលអ្នកនៅជុំវិញមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់អ្នក។ ចូរចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ដែលគាំទ្រអ្នក លើកទឹកចិត្តអ្នក និងនាំមកនូវភាពវិជ្ជមាន។ ព្រោះទំនាក់ទំនងល្អអាចផ្តល់កម្លាំងចិត្ត និងសុភមង្គលដែលលុយមិនអាចទិញបាន។

៦. ការផ្លាស់ប្ដូរគឺជាច្បាប់នៃជីវិត
ជីវិតតែងតែមានការផ្លាស់ប្ដូរ គ្មានអ្វីនៅស្ថិតស្ថេរជារៀងរហូតនោះទេ។ ការរៀនសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ ទទួលយកអ្វីថ្មីៗ និងហ៊ានចេញពីតំបន់ផាសុកភាព គឺជាគន្លឹះធ្វើឱ្យអ្នកកាន់តែរីកចម្រើន។ ពីព្រោះថា ការតោងជាប់នឹងអ្វីដែលធ្លាប់មានដដែលអាចធ្វើឱ្យអ្នកនៅមួយកន្លែង។

៧. អត់ទោសឱ្យខ្លួនឯង និងអ្នកដទៃ
ការចងគំនុំ ឬការបន្ទោសខ្លួនឯង អាចរារាំងអ្នកពីការរីកចម្រើន និងនាំមកនូវភាពតានតឹង។ ដូចនេះការអត់ទោស មិនមែនជាការបំភ្លេចអ្វីៗទាំងអស់នោះទេ ប៉ុន្តែជាការរំដោះខ្លួនឯងពីអ្វីដែលធ្វើឱ្យអ្នកស្មុគស្មាញ។ ការអភ័យទោសនាំមកនូវសន្តិភាពក្នុងចិត្ត។

៨. មិនបាច់ព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាទេ
អ្នកមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្តបាននោះទេ។ ហើយការព្យាយាមផ្គាប់ចិត្តអ្នកដទៃនឹងធ្វើឱ្យអ្នកនឿយហត់ និងបាត់បង់អត្តសញ្ញាណខ្លួនឯង។ ដូច្នេះអ្នកត្រូវរស់នៅតាមគោលការណ៍ និងតម្លៃរបស់អ្នក ហើយកុំបារម្ភច្រើនពេកពីអ្វីដែលអ្នកដទៃគិត។

៩. ការរៀនសូត្រមិនដែលចប់ទេ
មិនថាអ្នកមានអាយុប៉ុន្មាន ឬមានបទពិសោធន៍ប៉ុណ្ណាក៏ដោយ ត្រូវតែបន្តរៀនសូត្រជានិច្ច។ ពិភពលោកតែងតែវិវឌ្ឍន៍នូវចំណេះដឹង បច្ចេកវិទ្យាថ្មីៗ និងជំនាញថ្មីៗជានិច្ចដែលអ្នកត្រូវបន្តរៀនសូត្រ។ ការរៀនសូត្រឥតឈប់ឈរ ជួយឱ្យអ្នករក្សាភាពពាក់ព័ន្ធទៅនឹងការវិវត្តន៍របស់ពិភពលោក និងអភិវឌ្ឍខ្លួនឯង។

១០. ធ្វើជាខ្លួនឯងពិតប្រាកដ
ក្នុងយុគសម័យដែលមនុស្សជាច្រើនព្យាយាមធ្វើជាអ្នកដទៃ ដើម្បីបង្ហាញ។ ប៉ុន្តែដើម្បី នាំមកនូវសន្តិភាពក្នុងចិត្ត ទំនាក់ទំនងពិតប្រាកដ និងសុភមង្គលយូរអង្វែង អ្នកត្រូវហ៊ានធ្វើជាខ្លួនឯងពិតប្រាកដ។

តើមានមេរៀនណាមួយដែលអ្នកយល់ថាមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នកដែរឬទេ?

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ