តើអ្នកធ្លាប់ស្ដីឱ្យខ្លួនឯងថាខ្ជិលទេ? តាមពិតអ្នកគ្រាន់តែហត់ចិត្ត ព្រោះគិតច្រើនពេកប៉ុណ្ណោះ។ ជំនួសឱ្យការខឹងខ្លួនឯង ចូររៀនធ្វើជាមនុស្សខ្ជិលដែលឆ្លាតវៃ។ វិធីទាំងនេះមិនមែនបង្ខំឱ្យអ្នកប្រឹងធ្វើការទេ តែគឺការរៀបចំជីវិតឱ្យងាយស្រួល ដើម្បីឱ្យអ្នកធ្វើការបានផលច្រើន ដោយប្រើកម្លាំងតិចបំផុត៖
១. អ្នកមិនមែនខ្ជិលទេ តែអ្នកកំពុង “ហត់នឿយចិត្ត”៖ ភាពខ្ជិលពិតប្រាកដ គឺការមិនធ្វើអ្វីសោះហើយមានអារម្មណ៍សប្បាយចិត្ត។ ប៉ុន្តែអ្វីដែលអ្នកកំពុងមាន គឺអារម្មណ៍ចង់ធ្វើ តែធ្វើមិនចេញ។ អ្នកហត់ព្រោះតែអ្នកគិតពីការងារច្រើនពេក រហូតខួរក្បាលទប់ទល់មិនជាប់។ ដំណោះស្រាយមិនមែនជាការបង្ខំខ្លួនឯងឱ្យធ្វើនោះទេ តែគឺជាការឈប់ដាក់សម្ពាធលើខ្លួនឯង ហើយចាប់ផ្ដើមធ្វើរឿងតូចមួយជាមុនសិន។
២. ច្បាប់ដកដង្ហើម ១០ វិនាទី៖ ពេលភ្ញាក់ពីគេងភ្លាម កុំទាន់អាលគិតពីបញ្ហា ឬរឿងមិនសប្បាយចិត្ត។ ចូរសាកល្បងដកដង្ហើមឱ្យវែងៗ រួចប្រាប់ខ្លួនឯងថា ថ្ងៃនេះជាការចាប់ផ្ដើមថ្មី កុំយកកំហុសពីម្សិលមិញមកដាក់ក្នុងខ្លួនអី។ ការធ្វើបែបនេះត្រឹមតែ ១០ វិនាទី វានឹងជួយលុបចោលរឿងសៅហ្មងពីម្សិលមិញ ហើយបើកផ្លូវឱ្យចិត្តរបស់អ្នកចាប់ផ្ដើមថ្ងៃថ្មីដោយភាពស្រស់ថ្លា។
៣. ផ្ដោតលើរឿងសំខាន់តែមួយ៖ ខួរក្បាលយើងខ្លាចភាពរញ៉េរញ៉ៃ។ បើអ្នកដាក់ការងារមកគរចោល ១០ មុខ អ្នកនឹងលែងចង់ធ្វើអ្វីទាំងអស់។ ដំណោះស្រាយគឺ៖ ជ្រើសរើសការងារដែលសំខាន់បំផុតតែមួយគត់សម្រាប់ថ្ងៃនេះ។ ឱ្យតែធ្វើការងារមួយហ្នឹងចប់ អ្នកចាត់ទុកថាខ្លួនឯង “ឈ្នះ” ហើយ។ ចំណែកការងារផ្សេងទៀត បើធ្វើបានគឺជារង្វាន់បន្ថែម បើធ្វើមិនបានក៏មិនអីដែរ។ នៅពេលចិត្តអ្នកលែងតានតឹង អ្នកនឹងមានកម្លាំងធ្វើកិច្ចការផ្សេងៗទៀតដោយមិនដឹងខ្លួន។
៤. សន្ទុះសំខាន់ជាងកម្លាំងចិត្ត៖ កុំរង់ចាំទាល់តែមានកម្លាំងចិត្ត ទើបចាប់ផ្ដើមធ្វើការងារ ព្រោះអារម្មណ៍វាមិនទៀងទាត់ទេ។ ចូរប្រើច្បាប់ ២ នាទី ដោយប្រាប់ខ្លួនឯងថា “ខ្ញុំសាកធ្វើវាត្រឹមតែ ២ នាទីទេ បើមិនកើតចាំឈប់”។ ដោយសារតែ ២ នាទីវាខ្លីខ្លាំង ខួរក្បាលបងនឹងមិនមានអារម្មណ៍ថាខ្លាច ឬធុញឡើយ។ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺឱ្យតែបានចាប់ផ្ដើម អ្នកនឹងមានសន្ទុះបន្តធ្វើវាឱ្យចប់ដោយមិនដឹងខ្លួន។
៥. រៀបចំកន្លែងរស់នៅ ឱ្យជួយការងារអ្នក៖ ខួរក្បាលមនុស្សចូលចិត្តធ្វើអ្វីដែលងាយស្រួលបំផុត។ បើបងចង់ប្តូរទម្លាប់ កុំប្រើតែកម្លាំងចិត្ត តែត្រូវរៀបចំបរិយាកាសជុំវិញខ្លួន បើចង់ផឹកទឹកឱ្យច្រើនត្រូវដាក់ដបទឹកឱ្យចំពីមុខកន្លែងដែលអ្នកអង្គុយ ឬបើចង់អានសៀវភៅត្រូវដាក់សៀវភៅនៅលើខ្នើយគេង។ល។
សរុបមក អ្នកមិនចាំបាច់ក្លាយជាមនុស្សល្អឥតខ្ចោះដើម្បីជោគជ័យទេ។ អ្នកគ្រាន់តែត្រូវការប្រព័ន្ធដែលអនុញ្ញាតឱ្យអ្នកដើរទៅមុខ ទោះបីជាថ្ងៃនោះអ្នកមានអារម្មណ៍ខ្ជិលយ៉ាងណាក៏ដោយ។