កាលពីថ្ងៃទី 15 ខែឧសភា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសកាតា លោកប្រធានាធិបតី Donald Trump បានជំរុញឱ្យនាយកប្រតិបត្តិ Apple លោក Tim Cook បញ្ឈប់ការពង្រីកការផលិត iPhone នៅក្នុងប្រទេសឥណ្ឌា និងផ្លាស់ប្តូរការផលិតបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិកវិញ។ ពីព្រោះថា Apple គ្រោងនឹងផ្លាស់ប្តូរការដំឡើង iPhone ភាគច្រើនសម្រាប់ទីផ្សារសហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ 2026 ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងជៀសវាងពន្ធនាពេលអនាគត។
យ៉ាងណាមិញ ទោះបីជាមានការអំពាវនាវរបស់លោក Trump ក៏ដោយ ក៏ក្រុមហ៊ុន Apple បច្ចុប្បន្នមិនមានគម្រោងផ្លាស់ប្តូរការផលិត iPhone ទៅកាន់សហរដ្ឋអាមេរិកនោះទេ ដោយសារតែការចំណាយខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់ស្មុគស្មាញ។
ថែមពីនេះ ទោះបីជាក្រុមហ៊ុន Apple បានប្រកាសការវិនិយោគ 500 ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏វាមិនរាប់បញ្ចូលការផលិត iPhone នៅទីនោះទេ។ ដោយ Apple នឹងនៅតែផលិត iPhone នៅក្នុងប្រទេសដូចជា ចិន ឥណ្ឌា វៀតណាម និងតៃវ៉ាន់។ លើសពីនេះ វិនិយោគិនមិនមានការព្រួយបារម្ភចំពោះការលើកឡើងរបស់លោក Trump ទេ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅតែមានស្ថិរភាព ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តលើយុទ្ធសាស្ត្រសកលរបស់ក្រុមហ៊ុន។