លោកប្រធានាធិបតី Donald Trump កំពុងបង្កើនជម្លោះពាណិជ្ជកម្មជាមួយអឺរ៉ុប ដោយគំរាមយកពន្ធ 200% លើស្រា ស្រាសំប៉ាញ និងស្រាពីអឺរ៉ុប ប្រសិនបើសហភាពអឺរ៉ុប (EU) បន្តយកពន្ធ 50% លើស្រាវីស្គីរបស់អាមេរិក។
ការដែលសហភាពអឺរ៉ុប (EU) មានគម្រោងដាក់ពន្ធសងសឹកលើស្រាវីស្គីរបស់អាមេរិកដែលនឹងចាប់ផ្តើមនៅខែមេសា ខាងមុខនេះ គឺជាការឆ្លើយតបក្នុងការសងសឹកចំពោះពន្ធដែក និងអាលុយមីញ៉ូមដែលសហរដ្ឋអាមេរិកបានដាក់មកលើសហភាពអឺរ៉ុប។ យ៉ាងណាមិញរដ្ឋបាលអាមេរិកអះអាងថា បានជា Trump ដាក់ពន្ធគយបែបនេះគឺដើម្បីការពារឧស្សាហកម្ម និងកម្មករអាមេរិក ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មកន្លងមកមានភាពអយុត្តិធម៌។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសហភាពអឺរ៉ុបបានព្រមានថា ប្រសិនបើទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់ពន្ធលើគ្នាទៅវិញទៅមក ដើម្បីការពារឧស្សាហកម្មរបស់ពួកគេរៀងៗខ្លួន នោះសង្គ្រាមពាណិជ្ជកម្មនេះបង្កើតឱ្យមានស្ថានភាពចាញ់-ចាញ់។ ដូចនេះ ដើម្បីជៀសវាងបញ្ហានេះមន្ត្រីសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការចរចាដើម្បីជៀសវាងការយកពន្ធបន្ថែម។