តម្លៃប្រេងបានឡើងថ្លៃ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ជាថ្មីម្តងទៀតអំពីផែនការដាក់ពន្ធលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលចាប់ផ្តើមពីថ្ងៃសៅរ៍។ ចំពោះពន្ធលើប្រេង លោកមិនទាន់បានសម្រេចថាដាក់នោះទេ។ ទោះបីជាការនាំចូលប្រេងឆៅអាចនឹងត្រូវបានលើកលែងពីការយកពន្ធក៏ដោយ ក៏ការគំរាមកំហែងពន្ធនេះនៅតែធ្វើឱ្យទីផ្សារសកលលោកកើនឡើង ដែលបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ។ West Texas Intermediate (WTI) បានកើនឡើងលើសពី $73 ក្នុងមួយបារ៉ែល ខណៈប្រេងឆៅ Brent ឡើងដល់ $77។
រីឯក៏ទីផ្សារកំពុងឃ្លាំមើលថា តើប្រេងឆៅនឹងត្រូវបានរួមបញ្ចូលនៅក្នុងពន្ធគយទាំងនេះដែរឬទេ ព្រោះលោកប្រធានាធិបតី Trump គ្រោងនឹងដាក់ពន្ធ 25% (ពន្ធ) លើទំនិញមួយចំនួនដែលនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ហើយលោកក៏បានបង្ហើបថា ចិនអាចប្រឈមនឹងពន្ធស្រដៀងគ្នានេះដែរ។ ប្រសិនបើប្រេងឆៅត្រូវបានយកពន្ធ វានឹងអាចប៉ះពាល់ដល់តម្លៃប្រេង និងការជួញដូររវាងសហរដ្ឋអាមេរិក និងប្រទេសទាំងនេះ។
ប្រទេសកាណាដាគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់សហរដ្ឋអាមេរិក ដោយបានចែកចាយប្រហែល 4 លានបារ៉ែលជារៀងរាល់ថ្ងៃ។ ទីផ្សារប្រេងរបស់ប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលមានន័យថាការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មអាចប៉ះពាល់ដល់ឧស្សាហកម្មយ៉ាងខ្លាំង ប្រសិនបើពន្ធថ្មីរបស់លោក Trump កំណត់ការនាំចូលប្រេងពីប្រទេសកាណាដា ហើយក្រុមហ៊ុនចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិកដូចជា Valero Energy Corp. ក៏ប្រហែលជាត្រូវកាត់បន្ថយការផលិតរបស់ពួកគេ ដោយសារពួកគេនឹងមិនមានប្រេងគ្រប់គ្រាន់សម្រាប់ដំណើរការ នេះអាចនាំឱ្យមានការកាត់បន្ថយទិន្នផល ឬមានការចំណាយខ្ពស់សម្រាប់ការចម្រាញ់ ពីព្រោះក្រុមហ៊ុននេះធ្លាប់តែពឹងផ្អែកលើការនាំចូល។