កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើឆាប់រហ័សឈានមុខគេមួយនៅកម្ពុជា បានដាក់ដំណើរការសាកល្បងកប៉ាល់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ឬកោះភូគុក។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះរំពឹងថា តាមរយៈវត្តមានរបស់កប៉ាល់ដឹកអ្នកដំណើរនេះ វានឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅកោះត្រល់ឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ រិឯការធ្វើដំណើរនេះ គឺចំណាយពេលត្រឹមតែប្រមាណ៤០នាទីប៉ុណ្ណោះ ខណៈពេលកន្លងមកអ្នកដំណើរត្រូវចំណាយពេលប្រមាណ៣ម៉ោងឯណោះ។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ថាកប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបដែលក្រុមហ៊ុនខ្លួនទើបដាក់ឱ្យដំណើរការសម្រាប់ដឹកអ្នកដំណើរពីខេត្តកំពត ទៅកោះត្រល់នេះ គឺមានច្រើនប្រភេទខុសៗគ្នា ដោយកប៉ាល់នីមួយៗមានតម្លៃចាប់ពី៦០ម៉ឺន ដល់ជាង១លានដុល្លារក្នុង១គ្រឿង ជាមួយសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅដល់ជាង២០០នាក់ ក្នុង១ជើង។ ជាផែនការទៅថ្ងៃអនាគតអ្នកជំនួញរូបនេះគ្រោងនាំចូលកប៉ាល់ទេសចរណ៍បន្ថែមទៀត ដែលអាចដឹកអ្នកដំណើរបានរហូតដល់រង្វង់៥០០នាក់។
យ៉ាងណាមិញ ចំពោះតម្លៃសំបុត្រធ្វើដំណើរ អ្នកឧកញ៉ា សួរ វីរៈ មិនទាន់បានកំណត់ជាក់លាក់នៅឡើយនោះទេ ដោយសារបច្ចុប្បន្ន គឺជាការបើកដំណើរការសាកល្បងប៉ុណ្ណោះ ហើយនៅពេលដាក់ឱ្យដំណើរការជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខ សំបុត្រធ្វើដំណើរម្នាក់អាចមានតម្លៃចន្លោះពី២៨ដុល្លារ ទៅ៣២ដុល្លារ៕