ក្នុងវិស័យវិនិយោគមនុស្សភាគច្រើនបានស្គាល់លោក Warren Buffett ដែលជាវិនិយោគិនដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Berkshire Hathaway ។ កាលពីថ្មីនេះ គេបានរាយការណ៍ថា ទោះបីគាត់មានទ្រព្យសម្បត្តិច្រើនក៏ដោយ តែការរស់នៅរបស់គាត់ពិតជាមានភាពសាមញ្ញណាស់។ ដោយគាត់នៅតែរស់នៅក្នុងផ្ទះចាស់ដដែលដែលគាត់បានទិញកាលពីឆ្នាំ 1958 ក្នុងតម្លៃ 31,500 ដុល្លារ ដែលឥឡូវនេះមានតម្លៃច្រើនជាងនេះ។
យ៉ាងណាមិញ ការចំណាយរបស់គាត់មិនសូវខ្ជះខ្ជាយលើសម្ភារៈនិយមនោះទេ ដូចជាឡាន និងផ្ទះជាដើម។ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានប្រមាណ 160.2 ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្ដី Forbes គិតត្រឹមខែឧសភា ឆ្នាំ 2025។
របៀបរស់នៅដ៏សាមញ្ញរបស់លោក Buffett បានបង្ហាញពីការបន្ទាបខ្លួន និងប្រើប្រាស់លុយដោយវៃឆ្លាត។ គាត់ជឿថាមនុស្សគួរតែរស់នៅចំណាយក្រោមមធ្យោបាយដែលគេអាចរកបាន ដើម្បីជៀសវាងពីការចំណាយខ្ជះខ្ជាយ និងការជាប់បំណុល ដែលធ្វើឱ្យមានវិបត្តិហិរញ្ញវត្ថុ ដែលជំនួសឱ្យការចំណាយច្រើនពេក អ្នកគួរតែផ្តោតលើការវិនិយោគរយៈពេលវែង។