ហាងកាហ្វេLuckin គឺម៉ាកយីហោរបស់ចិនដែលកំពុងតែធ្វើព្យុះធ្វើភ្លៀង ដណ្តើមទីផ្សារយ៉ាងធំសម្បើម។ ម៉ាកសញ្ញាមួយនេះ គឺជាម៉ាកសញ្ញាកាហ្វេដ៏ជោគជ័យមួយដែលមានការរីកចម្រើនយ៉ាងលឿន ហើយបានវ៉ាដាច់ចំនួនហាងកាហ្វេ Starbucks នៅប្រទេសចិន កាលពីឆ្នាំ២០១៩។ Luckin មានហាងរហូតដល់ជាង២ម៉ឺនហាងគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ដែលឆ្នាំមុនហាងមួយនេះមានត្រឹមតែជាង១ម៉ឺនហាងប៉ុណ្ណោះកាលពីខែមិថុនាឆ្នាំ២០២៣ នេះគឺជាតួរលេខកើនមួយដ៏គួរឲ្យភ្ញាក់ផ្អើលត្រឹមតែមួយឆ្នាំ។ គ្រាន់តែត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ហាងកាហ្វេយក្សមួយនេះលក់បានជិត១ពាន់លានដុល្លារ។
ហេតុអ្វីបានជាម៉ាកយីហោមួយនេះមានភាពជោគជ័យ?
– ប្រើប្រាស់បច្ចេកវិទ្យា ៖ ហាងកាហ្វេមួយនេះ ផ្តោតលើការកម្ម៉ង់តាមកម្មវិធីទូរស័ព្ទដើម្បីភាពងាយស្រួលរបស់អតិថិជន ក៏ដូចជាអាចទាញបានទិន្នន័យអតិថិជនក្នុងការយកមកវិភាគ និងរៀបចំយុទ្ធសាស្ត្រ។
– ផ្តោតលើយុទ្ធសាស្ត្រតម្លៃ៖ ជាហាងកាហ្វេដែលមានតម្លៃសមរម្យ មានការប្រកួតប្រជែងខ្ពស់ និងតែងតែមានយុទ្ធនាការម៉ាឃីធីងទាក់ទាញផ្សេងៗ និងការបញ្ចុះតម្លៃជាដើម។
– បន្តអភិវឌ្ឍផលិតផលជាប់ជានិច្ច៖ ម៉ាយីហោមួយនេះតែងតែបញ្ចេញរសជាតិប្លែកៗ ដូចជាកាហ្វាឡាតេជាមួយស្រាស កាហ្វេឡាតេដូង កាហ្វេឡាតេរសជាតិផ្លែឈើ រសជាតិស្រាក្រហម ។ល។ ដែលអាចទាក់ទាញក្រុមអតិថិជនស្ទើរគ្រប់វិ័យ។
– ប្រើប្រាស់យុទ្ធសាស្ត្រម៉ាឃីធីងសម្បូរបែប៖ Luckin តែងតែមានយុទ្ធនាការម៉ាឃីធីងប្លែកៗ ជាពិសេសហាងកាហ្វេមួយនេះពូកែខាងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ទាក់ទងអ្នកល្បីៗដើម្បីជួយជម្រុញ ធ្វើការសហការជាមួយម៉ាកយីហោផ្សេងៗដើម្បីបង្កើតភាពប្លែកអារម្មណ៍ ដូចជាយីហោស្រាដ៏ល្បីល្បាញបែបអភិជន ម៉ាកយីហោហ្វេសសិន និងប្រើប្រាសសនកដែលល្បីមកជួយជម្រុញម៉ាកយីហោជាដើម។